Saturday, March 21, 2026
Homeនយោបាយដំណោះស្រាយជាតិ ក្រុមកឹម សុខា ថាបក្សកាន់អំណាច គួរពិចារណាធ្វើជាបន្ទាន់

ដំណោះស្រាយជាតិ ក្រុមកឹម សុខា ថាបក្សកាន់អំណាច គួរពិចារណាធ្វើជាបន្ទាន់

ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំ នៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលជាសហការីលោកកឹម សុខា អតីតមេបក្សប្រឆាំង បានលើកឡើងថា គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) គួរពិចារណារកដំណោះស្រាយជាតិ ជាបន្ទាន់ ស្របតាមទស្សនៈរបស់បណ្ឌិត បញ្ញវន្តខ្មែរ ដែលបានលើកឡើងក្នុងកិច្ចពិភា ក្សាតុមូល ស្តីពី «សណ្តាប់ធ្នាប់ពិភពលោក ក្នុងបរិបទថ្មី» រៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នាពេលថ្មីៗនេះ ។

សហការីលោកកឹម សុខា ដែលប្រើប្រាស់គណនីបណ្តាញសង្គម ហ្វេសប៊ុក ឈ្មោះ “ព្រលឹង ជាតិ” បានសរសេរនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

 -យើងពិតជាបានស្ដាប់យ៉ាងយកចិត្តទុកដាក់បំផុត គ្រប់ទស្សនៈ និងចក្ខុវិស័យ របស់លោកបណ្ឌិតៗ ដែលប្រកបដោយថាមពល និងការស្ថាបនាល្អៗ ដើម្បីជាតិ ក្នុងការច្បាមរើសយកមក ដើម្បីធ្វើការកែទម្រង់ជាតិ ជាបន្ទាន់ ក្នុងអន្តរកាលដ៏ល្វីងជូរចត់នេះ ដែលក្នុងនោះ ទស្សនៈរបស់លោកបណ្ឌិត យង់ ពៅ ជាទស្សនៈដ៏ល្អ, លោកបណ្ឌិត មាស នី ក៏កាន់តែល្អប្រសើរ, ឯទស្សនៈរបស់លោក គិន ភា ទាំង១២ចំណុច ពិតជាល្អពិសេស។ ដោយឡែក ទស្សនៈរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ហាក់និយាយឡប់ឡែ មិនប្រាកដប្រជា លាក់បាំង មិនស៊ីជម្រៅ អំពីសេដ្ឋកិច្ចជាតិ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា មានថាមពលរឹងមាំផ្នែកសេដ្ឋកិច្ច៊។ ប៉ុន្តែអនិច្ចាជាងគេបំផុត គឺលោកបណ្ឌិត សុខ ទូច ដែលនិយាយមិនដឹងយកស្អីធ្វើជាមូលដ្ឋាន បែរជាយកអារម្មណ៍ យកបេះដូង យកភាពរវើរវាយ មកឡូកឡំ ដែលន័យសេចកក្តី នៅតែបន្តជួយបិទបាំងអំពីភាពអវិជ្ជមានរបស់ជាតិ ដែលកំពុងតែគ្រោះថ្នាក់នេះ។ ជាពិសេស រឿងប្រវត្តិសាស្ត្រនេះ ដែលលោក សុខ ទូច និយាយ គឺខុស ៣៦០ដឺក្រេ គឺគ្មានត្រូវទេ។ នេះខ្ញុំស្ដាប់តែបន្តិចផង នូវអ្វីដែលលោកលើកយកមកនិយាយ ក្នុងចំណុចតូចមួយនោះ ។

 -ពាក្យប្រវត្តិសាស្ត្រ ដែលសរសេរទៅ មានសុក្រឹតបំផុត មិនមែនសរសេរតែលោកបណ្ឌិតម្នាក់ ឬពីរនាក់ យកជាការបាននោះទេ។ ដើម្បីសរសេរប្រវត្តិសាស្ត្រមួយ ឲ្យសុក្រឹត គឺលុះត្រាតែប្រទេសជាតិ ស្ងប់ស្ងាត់ ដែលមានគណបក្សចម្រុះពណ៌ ធ្វើការយ៉ាងសកម្មនៅក្នុងជាតិ ដែលមានទាំងរដ្ឋាភិបាល ពនិងបក្សប្រឆាំង ហើយរួមសហការគ្រប់អ្នកជាប់ពាក់ព័ន្ធទាំងអស់ ដែលក្នុងនោះ សូម្បីតែប្រទេសម៉ុងហ្គោល ព័រទុយហ្គាល់ អេស្ប៉ាញ បារាំង ភូមា លាវ ថៃ និងវៀតណាម រួមជាមួយកម្ពុជា យើង ដែលទាំងអស់នេះ គឺជាអ្នកជាប់ពាក់ព័ន្ធផ្ទាល់ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលត្រូវប្រមូល ដើម្បីចងក្រង និងសរសេរជាប្រវត្តិសាស្ត្រមួយ ដែលប្រកបទៅដោយមូលដ្ឋានគ្រឹះរឹងមាំ ដែលយកជាការបាន។

-ជាការពិត ប្រវត្តិសាស្ត្រខ្មែរ បច្ចុប្បន្ន គឺជាប្រវត្តិសាស្ត្របែបនយោបាយ ដែលមិនអាចយកជាការបានដាច់ខាត ពីព្រោះសត្រូវខ្មែរ ជាអ្នកសរសេរ ដើម្បីឲ្យកូនខ្មែរ គ្រប់រូប ឲ្យស្អប់ខ្ពើមគ្នា និងយកបងប្អូនឯងជាខ្មាំង ជាសត្រូវ ដែលជាកំហុសដ៏ធ្ងន់ធ្ងរបំផុត។

 -ឥឡូវយើងត្រឡប់មកនិយាយអំពីទស្សនៈរបស់លោកបណ្ឌិតៗ ដែលខិតខំស្រាវជ្រាវ រាវរកគ្រប់មធ្យោបាយ ដើម្បីរិះរកយ៉ាងណាឱ្យកម្ពុជា ឯករាជ្យ ម្ចាស់ការ និងរឹងមាំដោយខ្លួនឯង។

 -ជាសក្ខីកម្ម ទស្សនៈរបស់លោកបណ្ឌិត ទាំងអស់ គឺជាត្រីវិស័យ យ៉ាងត្រចះត្រចង់ សម្រាប់ជាតិ ប៉ុន្តែរឿងទាំងអស់នេះ គ្រាន់តែជាទ្រឹស្ដីតែប៉ុណ្ណោះ ដើម្បីអនុវត្តរឿងរ៉ាវទាំងអស់នេះបាន គឺកម្ពុជា ឈរលើកត្តា បីសំខាន់ ÷

 -ទីមួយ ដើម្បីឲ្យកម្ពុជា អនុវត្តធ្វើកិច្ចការទាំងអស់នេះបាន គឺលុះត្រាតែកម្ពុជា នាំគ្នាជជែកដើម្បីរកដំណោះ ស្រាយជាតិ ទម្លុះភាពទាល់ច្រកបច្ចុប្បន្ននេះ ដើម្បីបើកផ្លូវទៅរកឲ្យមានការបោះឆ្នោតមួយ ដោយត្រឹមត្រូវ សេរីនិងយុត្តិធម៌ ដែលប្រកាន់យកនូវប្រជាធិបតេយ្យ ដើម្បីឲ្យកម្ពុជា ឈរនៅទីតាំងមួយច្បាស់លាស់ មានសិទ្ធិប្រើប្រាស់និងទិញយុទ្ធោបករណ៍យោធា ការពារខ្លួន ដែលរួមទាំងកម្ពុជា ត្រូវតែធ្វើខ្លួនជាអ្នកផលិតសម្ភារៈយោធាផងដែរ។

 -ទីពីរ កាលណាកម្ពុជា បោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ហើយ នោះកម្ពុជារើសបានថ្នាក់ដឹកនាំនយោបាយមួយ ដែលផុសចេញពីប្រជាពលរដ្ឋជាអ្នកបោះឆ្នោតឱ្យ ដែលអ្នកនយោបាយនោះហើយ ពិតជាបម្រើពលរដ្ឋ យ៉ាងពិតប្រាកដ ដែលភ្ជាប់នូវមនសិការក្នុងការបម្រើជាតិ ហើយអ្វីដែលលោកបណ្ឌិតៗបានសរសេរនិងរៀបចំ នឹងពិតជាអនុវត្តបាន១០០% ដោយមិនខ្វះចន្លោះ។

  -ទីបី ភាពរុងរឿងរបស់កម្ពុជា នឹងកើតឡើងភ្លាម រួមទាំងការឯកភាពជាតិ ការសាមគ្គីជាតិ ក៏លេចត្រដែតឡើង ដែលធ្វើឲ្យកម្ពុជា ក្លាយជាកោះសន្តិភាព លើកទី២ ដូចសម័យកាលរយៈពេល ៩ឆ្នាំ គឺពីឆ្នាំ១៩៤៦ ដល់ឆ្នាំ១៩៥៥ ដែលពេលនោះ កម្ពុជា ជាឋានសួគ៌របស់អាស៊ី។

-ក្នុងទស្សនៈរបស់លោកបណ្ឌិតៗ បើទោះជាមិនល្អឥតខ្ចោះ ក៏អាចប្រើប្រាស់បាន សម្រាប់អនាគតជាតិ ដោយគ្រាន់តែយើងបំពេញបន្ថែម សម្រាប់ប្រទេសជាតិ ជាទីស្រឡាញ់របស់យើង ដូចជាការគ្រប់គ្រងឲ្យមនុស្សទាំង អស់ មកជំពាក់ជាតិ ដោយបញ្ឈប់ឲ្យជាតិ ទៅជំពាក់មនុស្ស ដូចបច្ចុប្បន្ន ដែលធ្វើឲ្យជាតិ ពិបាករស់ជាងស្លាប់ទៅទៀត។ ម្យ៉ាងទៀត គឺយើងបញ្ចប់យកអារម្មណ៍ទៅដឹកនាំ យកមនុស្សមកអមហូរហែ គឺយកច្បាប់ មកសង្កត់ យកមនុស្សឲ្យចុះធ្វើការ ឲ្យត្រឡប់មកចិញ្ចឹមជាតិវិញ ដើម្បីឲ្យជាតិ មានឱកាសពង្រីកថាមពលសេដ្ឋកិច្ច និងការផលិត និងរួមទាំងការមើលថែកុមារ និងចិញ្ចឹមមនុស្សចាស់ មុនពេលដែលពួកគាត់ស្លាប់ទៅ ប្រកបដោយភាពញញឹម និងមានមោទនភាពបានកើតមកជាខ្មែរ។

 -ភាពអវិជ្ជមានរបស់បក្សកាន់អំណាចបច្ចុប្បន្ន គឺយកមនុស្ស មកពពាក់ពពូន ឲ្យជាតិចិញ្ចឹម មិនត្រឹមតែឲ្យជាតិចិញ្ចឹមប៉ុណ្ណោះទេ ថែមទាំងស៊ីកម្ទេចបំផ្លាញ សូម្បីតែឆ្អឹង ក៏មិនឱ្យសល់ដែរ ហើយបើសល់វិញ ក៏ដុតកម្ទេចបំផ្លាញចោល មិនឱ្យសល់ដល់ជាតិ នោះទេ។

 -ការគ្រប់គ្រងរបស់បក្សកាន់អំណាចបច្ចុប្បន្ន គឺចេះឲ្យមនុស្សប្រមូលលុយ យកទៅចាយនៅប្រទេសក្រៅ និងទៅបើកអាជីវកម្ម រួមទាំងបើកក្រុមហ៊ុនរកស៊ីក្រៅប្រទេស ជាលក្ខណៈគ្រួសារ ដោយមិនមែនជាលក្ខណៈជាតិ។

 -អ្វីជាលក្ខណៈសកម្មភាពចរាចរណ៍ ទាំងហិរញ្ញវត្ថុ ក្នុងប្រទេស និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ យូរអង្វែង ឲ្យនៅកម្ពុជា គឺគ្មានអ្វីទាំងអស់ ប៉ុន្តែបើចរាចរណ៍របៀបហិរញ្ញវត្ថុបំផ្លាញសង្គម គឺសម្បូរ ហើយទេសចរណ៍របៀបមិនថ្លៃថ្នូរ ក៏មិនចាញ់គ្នាដែរ។

 -សរុបសេចក្តីទៅ បើបក្សកាន់អំណាច មានខួរជាមនុស្ស និងភ័យបារម្ភអំពីអនាគតខ្លួន គួរពិចារណារកដំណោះស្រាយជាតិ ជាបន្ទាន់ ដើម្បីឲ្យផែនការរបស់លោកបណ្ឌិតៗ ទទួលបានជាផ្លែផ្កាក្នុងកំណែទម្រង់ជាតិ គឺឲ្យជាតិរឹងមាំ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

  -ត្រូវចាំ ផែនការរបស់លោកបណ្ឌិតៗ មានប្រសិទ្ធភាព លុះត្រាតែកម្ពុជា មានប្រជាធិបតេយ្យ ដែលបោះឆ្នោតមួយ ដោយត្រឹមត្រូវ សេរីនិងយុត្តិធម៌ ទើបបានផែនការទាំងអស់នោះជោគជ័យ… ។

  ស្របគ្នានេះដែរ សហការីលោក កឹម សុខា ម្នាក់ទៀត គឺលោក ហ៊ីង សុខសាន្ត អតីតប្រធានយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ថា ដំណោះស្រាយជាតិបន្ទាន់ ដែលកម្ពុជា ត្រូវធ្វើ ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់បណ្ឌិត បញ្ញវន្ត ដែលចង់កម្ពុជា ខ្លាំង ទាំងការពង្រឹងផ្ទៃក្នុងជាតិ ទាំងការទប់ទល់ពីខាងក្រៅ គឺទី១ ត្រូវស្វែងរកការផ្សះផ្សា បង្រួបបង្រួមជាតិ ដោយឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិជារួម ។ ទី២ ត្រូវពង្រឹងវិស័យការពារជាតិ ជាចាំបាច់បំផុត ព្រោះបើប្រៀបធៀបជាមួយប្រទេសជិតខាង ក្នុងរយៈពេលសាមសែសិបឆ្នាំមកនេះ កម្ពុជា ស្ថិតនៅចំណុចសូន្យនៅឡើយ មិនទាន់មានអីទាំងអស់ ។ ទី៣ ពង្រឹងវិស័យសេដ្ឋកិច្ច តាមរយៈការទាក់ទិញវិនិយោគ បោសសសម្អាត លុបបំបាត់អំពើពុករលួយ ពង្រឹងប្រព័ន្ធច្បាប់ យុត្តិធម៌សង្គម កុំឲ្យមានការិយាធិបតេយ្យ ។

លោក ហ៊ីង សុខសាន្ត បានមានប្រសាសន៍ថា “ហ្នឹងហើយ! យើងបានស្ដាប់ឮទាំងអស់គ្នាហើយ ហើយវាមានការភ្ញាក់ផ្អើលដែរ ដែលបណ្ឌិតមួយចំនួន នៅក្នុងចំណោមបណ្ឌិតដែលបានលើកហ្នឹង មានខ្លះក៏ឆ្លើយដោយប្រយ័ត្នប្រយែង ខ្លះទៀតឆ្លើយដោយយកទស្សនៈផ្ទាល់ខ្លួន អារម្មណ៍អ៊ីចឹងទៅ គ្មានមូលដ្ឋានច្បាស់លាស់អ៊ីចឹងទៅ ហើយខ្លះទៀតគាត់ឈរលើមូលដ្ឋានជាក់ស្ដែង ស្ថានភាពពិតអីអ៊ីចឹង ហើយបានលើកឡើង ហើយធ្វើឲ្យពលរដ្ឋខ្មែរយើងខ្លះគាត់សាទរ ហើយមានការភ្ញាក់ផ្អើល ដែលមានបណ្ឌិតខ្លះ ក្នុងចំណោមហ្នឹង ហ៊ាននិយាយការពិតអ៊ីចឹង ហើយលើកនូវដំណោះស្រាយចំៗអ៊ីចឹងទៅ ។ សម្រាប់ខ្ញុំ ខ្ញុំយល់ស្របដូចបានលើកឡើងអ៊ីចឹង គឺភាគីខាងក្រុមលោកកឹម សុខា គាត់យល់ឃើញអ៊ីចឹង ។ អ៊ីចឹងយើងយល់ស្រប យើងគាំទ្រនូវទស្សនៈហ្នឹង ហើយយើងមើលឃើញដូចគ្នា មិនថាតែភាគីអ្នកគាំទ្រលោក កឹម សុខា ទេ ពលរដ្ឋខ្មែរ ទូទៅដែលចង់ឃើញកម្ពុជាឯករាជ្យ ម្ចាស់ការ កម្ពុជា មានវិស័យការពារជាតិ មួយរឹងមាំ ដោយមិនចាំបាច់ត្រូវការពីខាងក្រៅមកជួយ នៅពេលដែលមានការឈ្លានពានពីបរទេសជិតខាងអីអ៊ីចឹង ។ អ៊ីចឹងសម្រាប់ទស្សនៈខ្ញុំ គាំទ្រ ហើយមូលហេតុដែលខ្ញុំគាំទ្រនេះ ដោយសារអ៊ីចេះ! យើងពិចារណាទាំងអស់គ្នា ព្រោះចាំបាច់ណាស់ ប្រទេសយើងតូច ទាំងចំនួនពលរដ្ឋ បើយើងប្រៀបធៀបជាមួយនឹងប្រទេសជិតខាងទាំងពីរសំខាន់ៗ ដូចជាប្រទេសសៀម និងប្រទេសយួន នេះគឺយើងជាប្រទេសមួយតូច តូចទាំងផ្ទៃដី តូចទាំងចំនួនប្រជាពលរដ្ឋ អាហ្នឹងយើងមើលទី១ ។ ទី២ យើងមើលទៅលើទំហំសេដ្ឋកិច្ច ទាំងវិស័យការពារជាតិហ្នឹង គឺយើងតូចជាងគេខ្លាំងណាស់ ។ នេះយើងមិនផ្ដោតទៅលើសព្វាវុធផង ។ អ៊ីចឹងទាំងចំនួនកងទ័ពក្ដី អីៗហ្នឹង គឺយើងតូចជាងគេទាំងអស់ ។ អ៊ីចឹងវាងាយណាស់ បើសិនប្រទេសរងការឈ្លានពានពីប្រទេសជិតខាងហ្នឹង ហើយយើងបានចប់សង្រ្គាមស៊ីវិលហ្នឹង វារាប់ឆ្នាំហើយ រាប់ទសវត្សរ៍ហើយ យើងមិនបាច់ទៅប្រៀបធៀបអីឆ្ងាយ យើងប្រៀបធៀបតែជាមួយអ៊ីរ៉ង់ ចុះ ។ អ៊ីចឹងគេធ្វើបដិវត្តន៍មក នៅឆ្នាំ១៩៧៩ ដូចខ្មែរ ដែរ ដូចរំដោះពីខ្មែរក្រហមដែរ ប៉ុន្តែមកដល់ពេលនេះអ៊ីរ៉ង់ គេមានអាវុធស្អីខ្លះទំនើប? ហើយខ្មែរ អត់មានអីទាំងអស់ ចុងក្រោយ យើងឈឺចាប់បំផុត នៅពេលដែលសៀម ឈ្លានពានយើង ទាំងពីរលើក នៅចុងឆ្នាំមុននេះ សាហាវមែនទែន ហើយយើងអត់មានអីទាំងអស់ តទល់គេ ចង់គេហោះមកទម្លាក់គ្រាប់កន្លែងណាក៏បាន ចង់គេចូលមកលុកលុយ បោះលួសបន្លា ដាក់កុងតឺន័រ លើទឹកដីយើង កន្លែងណាក៏បាន តែសម្ដីមេដឹកនាំ និយាយដូចយកមេឃទ្រាប់អង្គុយ សុទ្ធតែអួតសំណាញ់មេឃ សំណាញ់អី ចុងក្រោយ គ្មានអីទាំងអស់ ។ ដូច្នេះវិស័យការពារជាតិយើងអន់ អន់ទាល់តែមែនទែន ហើយរឿងមួយទៀតនោះថា វិស័យការពារជាតិយើងហ្នឹង វាអន់ទៅហើយ ប៉ុន្តែយើងងាកមកមើលការបែកបាក់ផ្ទៃក្នុងយើង ដោយសារទំនាស់នយោបាយ ផលប្រយោជន៍នយោបាយ ធ្វើឲ្យយើងហ្នឹងបែកបាក់ជាតិ ហើយការបែកបាក់ជាតិហ្នឹងហើយ ដែលម្ខាងចង់ឲ្យសៀម មកឈ្លានពានខ្មែរ ឯម្ខាងហ្នឹង ខំការពារ ខ្ញុំឧទាហរណ៍ ។ អ៊ីចឹងវាធ្វើឲ្យបរទេស ងាយឈ្លានពានមែនទែន ដោយសារតែយើងមានការបែកបាក់ជាតិហ្នឹងឯង ខ្វះឯកភាពជាតិហ្នឹងឯង ។ ដូច្នេះវាងាយណាស់ ងាយរងគ្រោះមែនទែន“ ។

លោក ហ៊ីង សុខសាន្ត បានមានប្រសាសន៍បន្តថា “ដូច្នេះជាដំណោះស្រាយរបស់ខ្ញុំ ខ្ញុំគិតថា ទី១ គឺប្រទេសកម្ពុជា ស្វែងរកការផ្សះផ្សាជាតិ ការបង្រួបបង្រួមជាតិ ដោយឈរលើផលប្រយោជន៍រួម គឺផលប្រយោជន៍ទឺកដី បូរណភាពទឺកដី ការពារជាតិរបស់យើង ផលប្រយោជន៍ប្រជាពលរដ្ឋ ផលប្រយោជន៍ជាតិជារួម ។ អាហ្នឹងយើងទុកមួយឡែក រឿងនយោបាយ យើងព្យាយាមដោះស្រាយទៅ ការផ្សះផ្សាជាតិ ការបង្រួបបង្រួមជាតិ ដើម្បីឲ្យយើងក្លាយជាសំឡេងតែមួយ ក្នុងការប្រឆាំងជាមួយនឹងបរទេសឈ្លានពានហ្នឹងឯង ដែលយើងត្រូវជជែកគ្រប់ភាគីទាំងអស់ ថាតើយើងគួរធ្វើអី ក្នុងកាលៈទសៈប្រទេសយើងតូចអ៊ីចឹង ហើយរងការឈ្លានពានពីប្រទេសជិតខាងនេះ? អ៊ីចឹងគឺការបង្រួបបង្រួមជាតិហ្នឹង ជារឿងចាំបាច់សំខាន់ ។ ទី២ គឺការពង្រឹងវិស័យការពារជាតិហ្នឹង គឺជារឿងចាំបាច់ហើយ យើងទៅប្រៀបធៀបជាមួយប្រទេសជិតខាង គឺយើងហ្សេរ៉ូខ្លាំងណាស់ យើងនៅឆ្ងាយមែនទែន សាមសែសិបឆ្នាំនឹងគេនិងឯងដែរ តែយើងអត់មានអីទាំងអស់ ។ អ៊ីចឹងយើងត្រូវពង្រឹងវិស័យការពារជាតិ ហើយគួរពង្រឹងវិស័យការពារជាតិរបៀបម៉េច? ខ្ញុំយល់ថា កម្ពុជា ជាពិសេសបក្សកាន់អំណាច និងរដ្ឋាភិបាលហ្នឹង គាត់យល់ខ្លួនឯងហើយថា ខ្លួនខ្វះអី? ហើយជាពិសេសគឺយើងយកសង្រ្គាមដែលឈ្លានពានជាមួយសៀមហ្នឹង យើងយកមកឆ្លុះបញ្ចាំងទៅ ទាំងវិស័យការពារជាតិ លើផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក តើយើងនៅខ្វះអីកន្លែងណា? បើថាផ្លូវគោកទៅ ក្រែងលោយើងគ្រាន់បើបន្តិច បើផ្លូវអាកាស យើងហ្សេរ៉ូ ផ្លូវទឹក យើងហ្សេរ៉ូ ។ ដូច្នេះគួរតែពង្រឹងរបៀបម៉េច? ខ្ញុំគិតថា រដ្ឋាភិបាលយល់ហើយ ក្នុងវិស័យការពារជាតិហ្នឹង។ ហើយទី៣ ដើម្បីពង្រឹងវិស័យការពារជាតិ លុះត្រាយើងមានសេដ្ឋកិច្ចមួយរឹងមាំ មានលុយ ហើយសួរថា ដើម្បីបានលុយហ្នឹង តើយើងត្រូវធ្វើអី? យើងពង្រឹងធ្វើម៉េចឲ្យមានការវិនិយោគ ហើយដើម្បីពង្រឹងការវិនិយោគ យើងលុបបំបាត់អំពើពុករលួយ បោសសម្អាតអីហូរហែ កុំឲ្យមានការិយាធិបតេយ្យ កសាងច្បាប់មួយ ឲ្យបានរឹងមាំ យុត្តិធម៌ឲ្យបានរឹងមាំ ដើម្បីទាញការទុកចិត្តពីសំណាក់អ្នកវិនិយោគអីអ៊ីចឹងទៅ ដើម្បីយើងកសាងសេដ្ឋកិច្ចមួយខ្លាំងក្លាហើយ យើងមានលុយមានកាក់ យើងអាចយកអាអស់ហ្នឹង ទៅពង្រឹងវិស័យការពារជាតិ ។ អ៊ីចឹងខ្ញុំគិតថា ដល់ពេលហើយ សម្រាប់ខ្មែរយើង មកដល់ពេលនេះ វាយូរហើយ វាសាមសែសិបឆ្នាំទៅហើយ ខ្ញុំគិតថា មកឱបក្រសោបខ្មែរគ្នាឯង ដើម្បីពង្រឹងធ្លុងមួយ ក្នុងនាមជាខ្មែរ។ ហើយទី២ យើងចាប់ផ្ដើមពង្រឹងវិស័យ ទាំងសេដ្ឋកិច្ច ទាំងការពារជាតិ ដើម្បីគេចផុតពីការប្រមាថមើលងាយ និងការឈ្លានពានពីប្រទេសជិតខាងតទៅទៀត“ ។

 គួរបញ្ជាក់ថា ការលើកឡើងរបស់សហការីលោក កឹម សុខា ខាងលើនេះ បានធ្វើឡើងក្រោយពីរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកិច្ចពិភាក្សាតុមូល ស្តីពី «សណ្តាប់ធ្នាប់ពិភពលោក ក្នុងបរិបទថ្មី» ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ពីសំណាក់លោកបណ្ឌិត សុខ ទូច ប្រធានរាជ បណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានទំនាក់ទំនងភាសាចិន និងជាអ្នកជំនាញផ្នែកសេដ្ឋ កិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយនិងជាអ្នកស្រាវជ្រាវសង្គមដើម្បី ការអភិវឌ្ឍ និងសម្របសម្រួលដោយលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ និស្សិត មន្ត្រីរាជការ និងអ្នកសិក្សាស្រាវជ្រាវ សរុបចំនួន ១៧១អង្គ/នាក់។

ប្រធានបទមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាសកល ត្រូវបានលើកយកមកពិភាក្សានៅក្នុងវេទិកានេះ រួមមានបញ្ហាជម្លោះនៅតំបន់មជ្ឈិមបូព៌ា រវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ជម្លោះរវាងរុស្សី និងអ៊ុយក្រែន វិបត្តិប្រេងសកល និងជម្លោះព្រំដែនកម្ពុជា និងថៃ ជាដើម ។

ក្នុងនាមជាអ្នកជំនាញភូមិសាស្រ្ត លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ក្នុងបរិបទនៃការប្រែប្រួលសណ្ដាប់ធ្នាប់ពិភពលោកថ្មី ដែលប្រទេសតូច តែងតែត្រូវរងគ្រោះដោយសារតែការរំលោភបំពានពីសំណាក់ប្រទេសធំ ក្នុងតំបន់ កម្ពុជា ត្រូវតែទទួលស្គាល់នូវការពិតជាក់ស្ដែងថា ខ្លួនគឺជាប្រទេសតូចដែលមានចំណុចទន់ខ្សោយនៅក្នុងទិដ្ឋភាពផ្សេងៗ ជាពិសេសនៅលើវិស័យការពារជាតិ ទើបជាហេតុធ្វើឱ្យកងទ័ពឈ្លានពានថៃ អាចចូលមករំលោភដែនអធិបតេយ្យរបស់ខ្លួនបាន។ ការទទួលស្គាល់នូវចំណុចទន់ខ្សោយដែលខ្លួនមាន ជារឿងសំខាន់ណាស់ ព្រោះមានតែខ្លួនឯង ដឹងច្បាស់ថា ខ្លួនមានបញ្ហាអ្វី ទើបអាចស្វែងរកវិធីសាស្ត្រពង្រឹងខ្លួនឡើងវិញបាន។ លោកបន្តថា កម្ពុជា គប្បីបំពេញឱ្យបានឆាប់រហ័សនូវចំណុចខ្វះខាតរបស់ខ្លួន នៅក្នុងការប្រយុទ្ធក្នុងសមរភូមិ ក៏ដូចជាយុទ្ធោបករណ៍សម្រាប់ការឆ្លើយតបនឹងការវាយទន្ទ្រានកាន់កាប់។ ជាមួយគ្នានេះ កម្ពុជា ក៏ត្រូវតែពិនិត្យមើលយុទ្ធសាស្ត្រដែលត្រូវដាក់ចេញបន្ថែម និងយុទ្ធវិធីដែលខ្លួនត្រូវកែសម្រួលជាថ្មីឡើងវិញ ធ្វើទំនើបកម្ម ដើម្បីបំពេញចំណុចខ្វះខាតនៅក្នុងវិស័យការពារជាតិ តាមរយៈការវិនិយោគលើវិស័យបច្ចេកវិទ្យាការពារជាតិ ពង្រីកយុទ្ធនាការបង្ហាញការណ៍ពិតទៅកាន់ឆាកអន្តរជាតិ ឱ្យបានកាន់តែទូលំទូលាយបន្តទៀត តាមរយៈសមរភូមិការទូត និងសមរភូមិព័ត៌មានអន្តរជាតិ ។ បន្ថែមពីលើនេះ កម្ពុជា ក៏មានភាពចាំបាច់នៅក្នុងការថែថួនយុត្តិធម៌សង្គមផងដែរ ដែលនេះគឺជាការរួមចំណែកដ៏សំខាន់មួយ ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវភាពធន់របស់ប្រជាជាតិ និងកសាងបាននូវការរួបរួមសាមគ្គីភាពជាតិខ្មែរតែមួយ ពោលគឺធ្វើយ៉ាងណាអាចប្រមូលផ្ដុំនូវកម្លាំងជាតិ រួមគ្នាជាធ្លុងមួយ តទល់ប្រឆាំងទៅនឹងការឈ្លានពានរបស់ប្រទេសជិតខាង។ ជាពិសេស នៅក្នុងដំណាក់កាលនេះ ខ្មែរ ចាំបាច់ត្រូវតែកសាងឱ្យបាននូវជំហរជាតិរួមគ្នាតែមួយ ជ្រោងទង់ប្រជាជាតិ និងសាសនា រក្សាឱ្យបាននូវការឯកភាពនិងសាមគ្គីភាពជាតិខ្មែរ គ្រប់ទិសទី ដោយដាក់គោលដៅរួមតែមួយ គឺប្រឆាំងនឹងចោរឈ្លានពាន ដែលទន្ទ្រានទឹកដីនិងបំផ្លិចបំផ្លាញមរតកវប្បធម៌និងកេរដំណែលដូនតាខ្មែរ ។

 ក្នុងនាមជាអ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនៅពេលនោះថា ពិភពលោក អាចប្រឈមមុខនឹង វិបត្តិសេដ្ឋកិច្ចសកល ប្រសិនបើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បន្តអូសបន្លាយរយៈពេលយូរ ដែលអាចបង្កឲ្យមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ថាមពល និងសកម្មភាពសេដ្ឋកិច្ចពិភពលោក ទាំងមូល។ ក្នុងនោះ លោកថា ការឡើងថ្លៃប្រេងឥន្ធនៈ មិនមែនជាបញ្ហាធំបំផុតទេ ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភជាងនេះ គឺហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកល ដែលអាចកើតឡើង ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ា បន្តអូសបន្លាយ។ ជាពិសេសប្រសិនបើប្រទេសនានា ប្រឈមនឹងការខ្វះខាតប្រេង សម្រាប់ផ្គត់ផ្គង់ នោះអាចនាំឲ្យមានការកាត់ផ្ដាច់ចរន្តសកម្មភាពសេដ្ឋកិច្ច និងធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ធ្លាក់ចុះ ចំណូលរបស់ប្រជាជន ឬអាជីវកម្ម ថយចុះ បង្កឲ្យមានបញ្ហាក្នុងការសងបំណុល ដែលនឹងប៉ះពាល់ដល់ប្រព័ន្ធធនាគារទាំងមូល។ លោកបានប្រៀបធៀបថា ស្ថានភាពបែបនេះ អាចមានលក្ខណៈស្រ ដៀងនឹងវិបត្តិសេដ្ឋកិច្ចសកល ឆ្នាំ២០០៨-២០០៩ ប៉ុន្តែបរិបទបច្ចុប្បន្ន មានលក្ខណៈខុសគ្នាខ្លះ ដោយសារវិបត្តិនេះ អាចចាប់ផ្តើមពីវិបត្តិថាមពល មុននឹងបន្តទៅវិបត្តិហិរញ្ញវត្ថុ។ សម្រាប់កម្ពុជា ក្នុងអតីតកាល មិនទទួលផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិសេដ្ឋកិច្ចសកល ឆ្នាំ២០០៨-២០០៩ នោះទេ ព្រោះវិបត្តិនោះ កើតឡើងជាចម្បងនៅវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ នៅបណ្តាប្រទេសអភិវឌ្ឍន៍ ប៉ុន្តែស្ថានភាពបច្ចុប្បន្ន ខុសគ្នា ព្រោះវិស័យអចល នទ្រព្យនៅកម្ពុជា កំពុងស្ថិតក្នុងសភាពស្ងប់ស្ងាត់រួចទៅហើយ។ វិស័យដែលអាចប្រឈមនឹងហានិភ័យខ្លាំង គឺវិស័យធនាគារ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាបំណុលក្នុងវិស័យឯកជន។ ដូច្នេះក្នុងន័យនេះ លោកស្នើឲ្យធនា គារជាតិនៃកម្ពុជា ត្រូវពិនិត្យនិងវាយតម្លៃស្ថានភាពបំណុលជាក់ស្តែង ដើម្បីអាចដាក់ចេញវិធានការទប់ស្កាត់ហានិភ័យ ឲ្យទាន់ពេលវេលា និងណែនាំឲ្យមានការតាមដាននិងឆ្លើយតបឲ្យបានលឿនជាងមុន ដើម្បីទប់ស្កាត់ហានិភ័យសេដ្ឋកិច្ច មុនពេលបញ្ហាអាចវិវត្តទៅជាវិបត្តិធ្ងន់ ដែលប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ ព្រោះកន្លងមក លោកសង្កេតឃើញថា វិធានការឆ្លើយតបរបស់រាជរដ្ឋាភិបាល ចំពោះបញ្ហាសេដ្ឋកិច្ចមួយចំនួន ហាក់មានភាពយឺតយ៉ាវខ្លះ។

ក្នុងនាមជាអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងវិទ្យាសាស្រ្តនយោបាយ លោកបណ្ឌិត គិន ភា បានលើកឡើងថា សណ្តាប់ធ្នាប់ពិភពលោក កំពុងផ្លាស់ប្តូរយ៉ាងស្មុគស្មាញ ស្របពេលអំណាចយោធានិងសេដ្ឋកិច្ច កំពុងដើរតួយ៉ាងសំខាន់ក្នុងបរិបទពិភពលោកថ្មី ដែលច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ លែងមានឥទ្ធិពលលើការស្វែងរកសន្តិភាព តទៅទៀត ។ លោកបន្តថា កម្ពុជា ក្នុងនាមជាប្រទេសតូចមួយ ក្នុងបរិបទដែលពិភពលោកអស្ថិរភាពសកល ត្រូវតែពង្រឹងសមត្ថភាពយោធា និងកំណើនសេដ្ឋកិច្ច ដើម្បីការពារអធិបតេយ្យ ជាពិសេស ក្រោយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ កម្ពុជា នៅមិនទាន់មានសព្វាវុធទំនើប ដើម្បីប្រកួតប្រជែងនៅឡើយ។ ចំណែកផ្នែកសេដ្ឋកិច្ច លោកថា កម្ពុជា ត្រូវពង្រឹងលើគ្រប់វិស័យ ដូចជា វិស័យទេសចរណ៏ ឧស្សាហកម្ម និងវិស័យផ្សេងៗទៀត ដើម្បីប្រកួតប្រជែងជាមួយប្រទេសដទៃ។ លោកបន្ថែមថា ការពឹងផ្អែកលើខ្លួនឯង លើកកម្ពស់អំណាចចរចា ស្ថិរភាព និងវិបុលភាពនៅក្នុងពិភពលោកពហុប៉ូល ដែលអំណាចមានឥទ្ធិពលលើច្បាប់ និងសណ្ដាប់ធ្នាប់អន្តរជាតិ ។

 ក្នុងន័យនេះ លោកបណ្ឌិត គិន ភា បានលើកឡើងពីទស្សនៈផ្ទាល់ខ្លួនសំខាន់ៗ ចំនួន ១២ចំណុច ដើម្បីធ្វើឱ្យកម្ពុជា កាន់តែខ្លាំង និងរឹងមាំ រួមមាន ៖ ១. ត្រូវទទួលស្គាល់ការពិតថា យើងខ្សោយ ឬក៏ក្រីក្រ ឬអត់ ហើយមិនគួរអួតអាងថាខ្លាំង ឬមានសម្បត្តិ ខណៈដែលការពិតមិនមែនដូច្នោះឡើយ។ ២. ត្រូវទទួលយកការព្យាបាលនិងដោះស្រាយបញ្ហាដែលមានស្រាប់។ ៣. ត្រូវអនុវត្តការកែទម្រង់ឱ្យបានជាក់ស្តែង និងមានប្រសិទ្ធភាព។ ៤. ត្រូវកម្ចាត់អំពើពុករលួយ និងបក្ខពួកនិយម។ ៥. ត្រូវធ្វើទំនើបកម្មវិស័យការពារជាតិ។ ៦. ត្រូវពង្រឹងមូលធនមនុស្ស។ ៧. ត្រូវពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ។ ៨. ត្រូវធ្វើពិពិធកម្មការទូត និងរៀបចំគោលនយោបាយការបរទេស ឱ្យមានភាពឆ្លាតវៃ។ ៩. ត្រូវពង្រឹងការទូតព័ត៌មាន និងប្រព័ន្ធព័ត៌មានក្នុងស្រុក។ ១០. ត្រូវអភិវឌ្ឍតំបន់ព្រំដែន ឱ្យមានប្រជាជនរស់នៅ និងមានសកម្មភាពសេដ្ឋកិច្ច។ ១១. ត្រូវបណ្តុះស្មារតីសាមគ្គីនិងឯកភាពជាតិ និង ១២. ត្រូវរំលឹកនិងរៀនពីមេរៀនប្រវត្តិសាស្ត្រ ។

 ក្នុងនាមអ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងប្រវត្តិសាស្រ្តជាតិនិងអន្តរជាតិ លោកបណ្ឌិត សុខ ទូច បានលើកឡើងពីបញ្ហាសង្គ្រាមលោកលើកទី១ និងលើកទី២ និងសង្គ្រាមត្រជាក់ ព្រមទាំងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច នាពេលបច្ចុប្បន្ន ដែលកើតចេញមកពីការរត់ប្រណាំងខាងមនោគមន៍វិជ្ជា សេដ្ឋកិច្ច និងស្ថានភាពនយោបាយ ព្រោះបើកាលណាសេដ្ឋកិច្ច ធ្លាក់ចុះហើយ នឹងធ្វើឲ្យមានការច្រណែនឈ្នានីសគ្នា។ លោកបណ្ឌិត  បានលើកឡើងថា ស្ថានការណ៍នយោបាយនិងសណ្ដាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន ហាក់បានវិវត្តទៅរកស្ថានភាពស្រដៀងគ្នានឹងអ្វីដែលធ្លាប់កើតមានឡើងនៅក្នុងសម័យសង្គ្រាមលោក ទាំងពីរលើក ដែលមហាអំណាច បានធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសមួយដែលពុំទទួលយកសំណើរបស់ខ្លួន។ នៅពេលដែលមហាអំណាច ភ្លេចនូវបទពិសោធន៍ដែលបានកើតឡើងនៅក្នុងអតីតកាល នោះស្ថានភាពដដែល នឹងអាចកើតឡើងជាថ្មីម្ដងទៀត ហើយផលប៉ះពាល់អាចនឹងមានជាបន្តបន្ទាប់ឥតឈប់ឈរ។ នៅពេលដែលមានភាពតានតឹងនៅតំបន់ណាមួយ មហាអំណាច អាចនឹងឆ្លៀតឱកាសកសាងឬពង្រឹងយុទ្ធសាស្ត្ររបស់ខ្លួន នៅតំបន់មួយទៀត ដែលជាការថ្លឹងថ្លែងយុទ្ធសាស្ត្ររបស់មហាអំណាច ។

  ចំណែកលោកបណ្ឌិត មាស នី ក្នុងនាមអ្នកវិភាគ និងជាអ្នកស្រាវជ្រាវសង្គមដើម្បីអភិវឌ្ឍន៍ បានបញ្ជាក់នៅក្នុងកិច្ចពិភាក្សានោះថា បើកម្ពុជា មិនរឹងមាំដោយខ្លួនឯងទេ ពួកមហាអំណាច ក៏មិនយកកម្ពុជា ធ្វើជាដៃគូក្នុងការសហការដែរ ប៉ុន្តែបើពួកគេសហការ ក៏គ្រាន់តែទុកធ្វើជាឈ្នាន់ប៉ុណ្ណោះ ។ ដូច្នេះកម្ពុជា កុំនិយាយរឿងប្រទេសខ្លួនឯងតូច ព្រោះបើនិយាយរឿងប្រទេសតូច យើងមិនអាចទៅពង្រីកឯណាបានទៀតទេ គឺត្រូវនិយាយអំពីថា តើយើងខ្សោយឬខ្លាំង? បើយើងខ្សោយ យើងត្រូវប្រឹងពង្រឹងខ្លួនឯង តែបើយើងខ្លាំង កុំខ្លាំងតែមាត់ ត្រូវតែធ្វើឲ្យបាន និងប្រាកដប្រជា នូវអ្វីដែលយើងបាននិយាយ ៕ កុលបុត្រ

RELATED ARTICLES