Monday, March 23, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបជល់មាន់ ចាប់មនុស្ស៣ មាន់៣

បង្ក្រាបជល់មាន់ ចាប់មនុស្ស៣ មាន់៣

ខេត្តព្រះសីហនុ ៖ ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ ១ក្រុមធំ មានគ្នាប្រមាណ ២០នាក់ បានប្រមូលផ្តុំគ្នាជល់មាន់ ភ្នាល់ដាក់លុយ នៅចំណុចព្រៃ ១កន្លែង លុះកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញ ចុះចាប់ឃាត់ខ្លួន បានចំនួន៣នាក់ ខណៈអ្នកផ្សេងទៀត រត់គេចខ្លួនចោលម៉ូតូ១១គ្រឿង ត្រូវសមត្ថកិច្ចដកហូតយកមករក្សាទុក។ប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង ជល់មាន់នេះ បានធ្វើឡើង កាលពីវេលាម៉ោង ១និង១៥នាទីរសៀល  ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅចំណុចព្រៃអ្នកតា ស្ថិតក្នុងភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ក្រុមអ្នកញៀនល្បែងជល់មាន់ ទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសៅ វណ្ណរ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ ទី២-ឈ្មោះម៉ៅ ឃ្លីន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅក្នុងភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ និងទី៣-ឈ្មោះសុផុន វិរៈ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

សមត្ថកិច្ចក្រុងកំពង់សោម បានឱ្យដឹងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ថា ដោយមានការយកចិត្តទុកដាក់ដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងតាមកាណែនាំពីឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សមត្ថកិច្ចបានបង្ក្រាបករណីលេងល្បែងស៊ីសង (ជល់មាន់) ដោយឃាត់ខ្លួន មនុស្សចំនួន៣នាក់។

ប្រភពដដែល បន្តថា នៅវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលក្រុងកំពង់សោម ល្បាតតាមភូមិសាស្ត្រស្មុគស្មាញ មកដល់ចំណុចព្រៃអ្នកតា ស្ថិតក្នុងភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ បានប្រទះឃើញមនុស្ស ១ក្រុម មានគ្នាប្រហែល ២០ នាក់ កំពុងលេងល្បែងជល់មាន់ ភ្លាមនោះបានធ្វើការដេញចាប់ឃាត់ខ្លួនមនុស្សញៀនល្បែង បានចំនួន៣នាក់ (១-ឈ្មោះសៅ វណ្ណរ៉ា ២-ឈ្មោះម៉ៅ ឃ្លីន ៣-ឈ្មោះសុផុន វិរះ) ព្រមទាំងដកហូតវត្ថុតាង រួមមាន សត្វមាន់ គក ចំនួន៣ក្បាល (ងាប់ ១ក្បាល) ជញ្ជីងថ្លឹង ចំនួន១គ្រឿង កន្ត្រកដាក់សត្វមាន់ ចំនួន១ ខ្នាយដែក ចំនួន២គូ និងម៉ូតូ ចំនួន១១គ្រឿង។

ក្រុមអ្នកញៀនល្បែងជល់មាន់ ទាំង៣នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានផ្នែកជំនាញបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES