ខេត្តកណ្តាល ៖ បុរសស្ត្រីវ័យចំណាស់ ចំនួន៤នាក់ ក្នុងនោះម្នាក់ ជាអ្នកបើកម៉ូតូរ៉ឺម៉ក ដឹកបុរសស្ត្រី ៣នាក់ទៀត ស្លៀកពាក់អាវស ពានាកន្សែងស បន្លំធ្វើជាតាអាចារ្យ ដូនជី ដោយមានកាន់ក្រដាសកម្មវិធីបុណ្យ ១សន្លឹក និងលិខិតសុំបិណ្ឌបាតបច្ច័យផង នាំគ្នាដើររៃអង្គាសបច្ច័យ តាមទីប្រជុំជននានា ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចចុះ ឃាត់ខ្លួន។

ករណីឃាត់ខ្លួនតាអាចារ្យនិងយាយជីក្លែងក្លាយនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បុរសស្ត្រី ទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ប្រុស ២នាក់ (ម្នាក់ជាអ្នកបើកម៉ូតូរ៉ឺម៉ក ម្នាក់តែងខ្លួនជាតាអាចារ្យ) និងស្ត្រី២នាក់ (បន្លំខ្លួនជាយាយជី)។
តាមប្រភពសមត្ថកិច្ចខេត្តកណ្តាល បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ច បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានមនុស្សប្រុសស្រី ១ក្រុម បានធ្វើសកម្មភាពដើររៃអង្គាសបច្ច័យ តាមទីសាធារណៈ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៍ និងឈានដល់ការឃាត់ខ្លួនបុរសស្ត្រី ចំនួន៤នាក់ (ប្រុស២ ស្រី២) ដែលបន្លំខ្លួនជាតាអាចារ្យ និងយាយជី ដើររៃអង្គាសបច្ច័យ នាំយកមកសាកសួរ។

ជាមួយនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉ូតូកង់បី ចំនួន១គ្រឿង ក្រដាសកម្មវិធីបុណ្យ ចំនួន១សន្លឹក និងលិខិតសុំបិណ្ឌបាតបច្ច័យ ចំនួន១សន្លឹក។

តាមការពិនិត្យនៅក្នុងក្រដាសកម្មវិធីបុណ្យឡើងសាលា និងឆ្លងសមិទ្ធផលនានា ដែលតាយាយខាងលើ បានកាន់ដើររៃអង្គាសបច្ច័យនោះ បានបញ្ជាក់ថា ពិធីបុណ្យ ធ្វើឡើងនៅវត្តពុទ្ធស្ថានសម្តេចព្រះសង្ឃរាជ បួ គ្រី ហៅវត្តថ្មីក្រាំងយ៉ូវ ស្ថិតនៅភូមិអម្ពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ប៉ុន្តែកម្មវិធីបុណ្យ បញ្ជាក់ថា ប្រារឰ ឡើងនៅរសៀលម៉ោង១ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ និងដារឆ្លង នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ ប៉ុន្តែជាក់ ស្តែង មកដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ទៅហើយ បែរជាក្រុមតាអាចារ្យ និងយាយជីខាងលើ នាំគ្នាបន្តដើររៃអង្គាសលុយ បន្ថែមទៀត។

តាអាចារ្យ យាយជី ក្លែងក្លាយ ទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់សកម្មភាពបែបនេះតទៅទៀត ក្នុងករណីមិនរាងចាល នឹងចាត់ការតាមច្បាប់៕