Thursday, March 26, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបជល់មាន់ ចាប់មនុស្ស១២ មាន់១២

បង្ក្រាបជល់មាន់ ចាប់មនុស្ស១២ មាន់១២

ខេត្តមណ្ឌលគិរី ៖ ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ ១ក្រុម បានណាត់ជុំគ្នាជល់មាន់ភ្នាល់ដាក់លុយ នៅទីតាំង ១កន្លែង លុះកម្លាំងសមត្ថកិច្ចជំនាញឆ្មក់ចុះបង្ក្រាប ចាប់ឃាត់ខ្លួនក្រុមអ្នកញៀនល្បែង ចំនួន១២នាក់ និងចាប់យកវត្ថុតាងជាក់ស្តែង មាន់ជល់ (ងាប់) ចំនួន១២ក្បាល។

ប្រតិបត្តិការបង្ក្រាបល្បែងជល់មាន់ ខុសច្បាប់នេះ ធ្វើឡើងក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី   កាលពីវេលាម៉ោង ១០និង១២នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹង កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ថា ប្រតិបត្តិការនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអន្តរាគមន៍ បានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១២នាក់ (ប្រុសទាំងអស់) និងដកហូតវត្ថុតាង រួមមាន ម៉ូតូ ចំនួន៨គ្រឿង និងម៉ូតូកង់បី ចំនួន១គ្រឿង សម្ភារៈល្បែង អង្រុត ចំនួន៤ កន្ត្រក១ និងមាន់ជល់ (ងាប់) ចំនួន ១២ក្បាល។

ចំពោះអ្នកលេង ចំនួន១១នាក់ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ី សងខុសច្បាប់គ្រប់ប្រភេទ រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ រួមជាមួយការប្រគល់វត្ថុតាងមួយចំនួន ជូនម្ចាស់វិញផងដែរ។

ដោយឡែកម្ចាស់ទីតាំង ឈ្មោះង្វៀង វ៉ាន់ដឹក ជនជាតិវៀតណាម ភេទប្រុស អាយុ៦៣ឆ្នាំ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES