ភ្នំពេញ ៖ ក្រុមក្មេងទំនើងឈាមរាវ ១ក្រុមធំ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ នៅកោះនរា ត្រូវបានកម្លាំងសមត្ថ កិច្ចជំនាញព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនបានសរុបចំនួន ១២នាក់ លុះនាំយកមកសាកសួរ បែកធ្លាយថាក្រុមក្មេងទំនើងទាំងនេះ មានជាប់ពាក់ព័ន្ធទៅនឹងករណីវាយ និងកាប់ប្លន់ម៉ូតូ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ផងដែរ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយទទួលអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេ នីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារ នគរបាល ព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ន នាយការិ យាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងធ្វើការបង្ហាញមុខក្រុមជនសង្ស័យជាក្មេងទំនើងចំនួន១២នាក់ ក្រោយត្រូវបានចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ពីសំណាក់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញប៉ុស្តិ៍ នគរបាលរដ្ឋបាលគោករកា និងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ។
ជនសង្ស័យជាក្មេងទំនើង ទាំង១២នាក់ មានជាប់ពាក់ព័ន្ធទៅនឹងករណីបង្ហោះម៉ូតូ នៅកោះនរា ព្រមទាំងករណីវ៉ៃនិងកាប់ប្លន់ម៉ូតូ ចំនួន២ករណីទៀតផង។

ករណីទី១-លួចមានស្ថានទម្ងន់ទោស (កាប់និងវាយប្លន់យកម៉ូតូ) នៅចំណុចវាលស្រែ១០០ ផ្លូវលំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល ៣ទៀបភ្លឺ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។ករណីទី២-ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដាវ មួកសុវត្ថិភាព ដុំថ្ម កាប់ វាយ គប់លើជន រងគ្រោះ បណ្តាលឱ្យរងរបួស) ប្រពឹត្តនៅចំណុចលើផ្លូវលេខ២០១១ ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៤និង៥០នាទី ទៀបភ្លឺ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។
ករណីទី៣-បង្ហោះម៉ូតូតាមផ្លូវសារធារណៈ ប៉ះពាល់សណ្តាប់សុវត្ថិភាពសាធារណៈ ប្រព្រឹត្តនៅចំណុចផ្លូវកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។

ជនសង្ស័យទាំង១២នាក់ ដែលត្រូវបានចាប់ខ្លួន រួមមាន ទី១-ឈ្មោះទ្បាយ លីដា ហៅលី ភេទប្រុស អាយុ១៧ឆ្នាំ។ ទី២-ឈ្មោះរិទ្ធ សាតសុមករា ហៅប៊ី ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៣-ឈ្មោះហោ អង្គារសភារដ្ឋ ហៅរត្ន័ ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៤-ឈ្មោះងួន អ៊ីទ្រីស័រ ហៅស័ ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៥-ឈ្មោះលីន ចំរើន ហៅរើន ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៦- ឈ្មោះសូត្រ ច័ន្ទត្រា ហៅត្រា ភេទប្រុស អាយុ១៧ឆ្មាំ។ ទី៧-ឈ្មោះភន់ តុងឆាយ ហៅ ឆាយ ភេទប្រុស អាយុ១៧ឆ្មាំ។ ទី៨-ឈ្មោះរីន រដ្ឋបញ្ញាបុត្រ ភេទប្រុស កើតឆ្នាំ២០០៨។ ទី៩-ឈ្មោះភឿក ចាន់ហេង ភេទប្រុស កើតឆ្នាំ២០០៨។ ទី១០-ឈ្មោះទ្រី ពិសី ភេទប្រុស កើតឆ្នាំ២០០៧។ ទី១១-ឈ្មោះវាសនា សា ម៉េត ភេទប្រុស កើតឆ្នាំ២០០៣ និងទី១២-ឈ្មោះធៀម សុភត្រា ភេទប្រុស កើតឆ្នាំ២០០៤។

ជនសង្ស័យទាំង១២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕