Friday, April 3, 2026
Homeព័ត៌មានជាតិវប្បធម៌ដកដាំឡើងធំ កំណែទម្រង់រដ្ឋបាល-អភិបាលកិច្ច មិនជោគជ័យ

វប្បធម៌ដកដាំឡើងធំ កំណែទម្រង់រដ្ឋបាល-អភិបាលកិច្ច មិនជោគជ័យ

ភ្នំពេញ ៖ អ្នកជំនាញ នៃរាជបណ្ឌិត្យសភាកម្ពុជា អ្នកវិភាគ និងអ្នកនយោបាយ បានលើកឡើងថា សេចក្ដីក្លាហានរបស់មេដឹកនាំ នាំពលរដ្ឋរស់នៅសុខដុម ជាតិរឹងមាំ ។ ដូច្នេះដើម្បីផ្ដល់ក្ដីសង្ឃឹមពិតប្រាកដដល់ពលរដ្ឋ មេដឹកនាំកំពូល ត្រូវហ៊ានវះកាត់សាច់ស្អុយ ដកចេញនូវមន្ត្រីអាក្រក់ ដាក់ចូលមន្ត្រីល្អ ចៀសវាងវប្បធម៌ «ដកដាំឡើងធំ» គឺដកពីកន្លែងចាស់ ផ្លាស់ទៅកន្លែងថ្មី ឡើងកាន់តែធំ ព្រោះបើនៅតែធ្វើបែបនេះ កំណែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ច មិនបានជោគជ័យនោះទេ ព្រោះវប្បធម៌នេះ ក្រៅពីបំផ្លាញកិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់មេដឹកនាំ ក៏បានបំផ្លាញស្ថាប័នជាតិ និងសង្គមទាំងមូល ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ថា “សូមផ្ដល់ក្ដីសង្ឃឹមពិតប្រាកដដល់ពលរដ្ឋ…។ អ្នកអក្សរសិល្ប៍ និយាយថា ពិបាកចិត្តបំផុត នៅពេលអ្នកយល់ចិត្ត ធ្វើបាបចិត្ត រីឯក្នុងនយោបាយ អ្នកនាំគ្រោះដល់បក្សនយោបាយ គឺមន្ត្រីសំខាន់ៗរបស់បក្សនយោបាយ ទៅប្រព្រឹត្តទុច្ចរិតដាក់រាស្ត្រហ្នឹងហើយ…។ ប៉ុន្ដែមេដឹកនាំកំពូល ត្រូវមានសេចក្ដីក្លាហាន ហ៊ានវះកាត់ដកចេញមន្ត្រីអាក្រក់ ដាក់ចូលមន្ត្រីល្អ កុំដក ហើយឡើងធំ…។ សេចក្ដីក្លាហានរបស់មេដឹកនាំ នឹងនាំពលរដ្ឋរស់នៅសុខដុម ជាតិរឹងមាំ។ ខ្ញុំទទូចសុំមេដឹកនាំ បានផ្ដល់ក្ដីសង្ឃឹមពិតប្រាកដដល់ពលរដ្ឋ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ថា បើមេដឹកនាំ នៅតែមានឥរិយាបថការពារមន្រ្តីខិលខូច នោះកំណែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ច មិនបានជោគជ័យទេ ។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា “បាទ! វាព្រឹត្តិការណ៍ថ្មី ហើយក៏ជាព្រឹត្តិការណ៍ និងកំណែទម្រង់កន្លងទៅ ហើយនិងកំណែទម្រង់បន្តទៅមុខទៀត យើងសង្កេតឃើញថា នៅក្នុងសង្គមយើង ពេលដែលមន្រ្តី ឬក៏អ្នកណាមួយធ្វើខុស ឃើញដកពីកន្លែងមួយ ទៅតែងតាំងកន្លែងមួយទៀត ហើយតែងតាំងធំជាងមុន ។ ទោះថាតែងតាំងធំជាងមុនហ្នឹង វាមិនកាន់តួនាទីសំខាន់ ប៉ុន្តែហាក់ដូចជាការលើកទឹកចិត្ត មិនមានអីពិន័យទេ ។ អាចំណុចនេះហើយដែលធ្វើឲ្យកំណែទម្រង់ មានបញ្ហា ។ ដូច្នេះបើយើងកែ យើងត្រូវហ៊ានដកតួនាទី ត្រូវហ៊ានវះកាត់ ហើយយើងហ៊ានដាក់មន្រ្តីល្អៗជំនួសវិញ ហើយបើយើងនៅតែមានឥរិយាបថការពារមន្រ្តីខិលខូចទេ អ៊ីចឹងកំណែទម្រង់ វាអត់បានជោគជ័យទេ វាធ្វើឲ្យកំណើននៃតួនាទីធំៗវាកើនឡើង ចេះតែខ្លាចអានេះខឹង ខ្លាចអានោះខឹង ខ្លាចអ៊ីចេះ ខ្លាចអ៊ីចុះ ហើយអត់ហ៊ានធ្វើកំណែទម្រង់ពិតប្រាកដ“ ។

ជាមួយគ្នានេះដែរ លោក សេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ថា វប្បធម៌ “ដកដាំឡើងធំ” គឺដកពីកន្លែងមួយ ដាក់ទៅកន្លែងមួយ វាជាវប្បធម៌មួយ ដែលបង្ហាញអំពីភាពទន់ខ្សោយនៅក្នុងការធ្វើសេចក្ដីសម្រេចចិត្តរបស់មេដឹកនាំ ដោយសារតែគាត់មិនមានភាពក្លាហាន ហើយមិនហ៊ានប៉ះពាល់មន្រ្តីដែលប្រព្រឹត្តអំពើមិនល្អចំពោះជាតិ និងប្រជាពលរដ្ឋ ។ ដូច្នេះលោកយល់ថា ភាពក្លាហាន ការយល់ដឹងច្បាស់លាស់អំពីតម្រូវការរបស់ជាតិ និងប្រជាពលរដ្ឋ នៅក្នុងភាពជាមេដឹកនាំកំពូល គឺទាមទារឲ្យមានការធ្វើសេចក្ដីសម្រេចចិត្តដោយឈរទៅលើមូលដ្ឋានច្បាប់ គ្មានការយោគយល់ គ្មានការអធ្យាស្រ័យ បុគ្គលដែលអនុវត្តផ្ទុយពីច្បាប់ ត្រូវតែទទួលខុសត្រូវ ដោយខានពុំបាន។

លោក សេក សុជាតិ បានមានប្រសាសន៍ថា “បាទ! ចំពោះខ្ញុំយល់ថា ប្រទេសមួយ ដែលមានមេដឹកនាំខ្លាំង គឺទាល់តែមេដឹកនាំនោះ គាត់យល់ពីសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ហើយគាត់អាចបំពេញបន្ថែមនូវចន្លោះខ្វះខាត ដែលពលរដ្ឋគាត់គិតមិនដល់ ឬក៏ធ្វើមិនបាន ។ មានន័យថា ជាមេដឹកនាំដែលស្គាល់អំពីភាពខ្លាំង ភាពខ្សោយ នៃសង្គម និងប្រជាពលរដ្ឋ ហើយមនុស្សដែលខ្លាំង ស្គាល់អំពីសង្គម និងពលរដ្ឋច្បាស់ លុះត្រាណាតែគាត់ជាមនុស្សម្នាក់ដែលមានភាពរឹងមាំ ភាពក្លាហាន ហើយច្បាស់លាស់ ជាពិសេសគឺផ្ដោតទៅលើការធ្វើសេចក្ដីសម្រេចចិត្ត ហើយយើងដឹងហើយថា ការធ្វើសេចក្ដីសម្រេចចិត្តរបស់មេដឹកនាំ មិនអាចបណ្ដែតបណ្ដោយឲ្យបុគ្គលដែលជាមន្រ្តីនៅក្រោមបង្គាប់ ឬក៏នៅក្រោមឋានានុក្រុម ប្រពឹត្តនូវអំពើអាក្រក៉ ដើម្បីកេងចំណេញ ឬក៏ជញ្ជក់ឈាម ទ្រព្យសម្បត្តិ ឬក៏ធនធានជាតិ ទៅជាធ្វើរបស់ផ្ទាល់ខ្លួនឡើយ ហើយមន្រ្តីមិនល្អបែបនេះ គួរតែចាត់វិធានការក្ដៅ គឺអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ ហើយនិងអនុវត្តច្បាប់មន្រ្តីរាជការដែលមាន ឲ្យដាក់ទោសទណ្ឌ គ្មានការយោគយល់ និងលើកលែង ហើយចំពោះវប្បធម៌នៅក្នុងការដកពីកន្លែងមួយ ដាក់ទៅកន្លែងមួយ វាជាវប្បធម៌មួយ ដែលបង្ហាញអំពីភាពទន់ខ្សោយនៅក្នុងការធ្វើសេចក្ដីសម្រេចចិត្តរបស់មេដឹកនាំ ដោយសារតែគាត់មិនមានភាពក្លាហាន ហើយមិនហ៊ានប៉ះពាល់មន្រ្តីដែលប្រព្រឹត្តអំពើមិនល្អចំពោះជាតិ និងប្រជាពលរដ្ឋ ។ ដូច្នេះវប្បធម៌ទាំងអស់នេះ គឺជាវប្បធម៌មួយ បំផ្លាញសង្គម បំផ្លាញភាពជាអ្នកដឹកនាំ ជាពិសេសគឺបំផ្លាញកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មេដឹកនាំតែម្ដង ។ ខ្ញុំយល់ថា ភាពក្លាហាន ការយល់ដឹងច្បាស់លាស់អំពីតម្រូវការរបស់ជាតិ និងប្រជាពលរដ្ឋ នៅក្នុងភាពជាមេដឹកនាំកំពូល គឺទាមទារឲ្យមានការធ្វើសេចក្ដីសម្រេចចិត្តដោយឈរទៅលើមូលដ្ឋានច្បាប់ គ្មានការយោគយល់ គ្មានការអធ្យាស្រ័យ ហើយបុគ្គលដែលអនុវត្តផ្ទុយពីច្បាប់ គឺត្រូវតែទទួលខុសត្រូវដោយខានពុំបាននោះទេ“ ។

ដោយឡែក លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ថា ភាពក្លាហានរបស់អ្នកដឹកនាំ គឺកុំឲ្យធ្លាក់ទៅក្នុងផ្លូវអគតិទាំង៤ ផ្លូវនៃទុច្ចរិត ផ្លូវដែលបង្កើតនូវបក្ខពួក គ្រួសារនិយម កេងប្រវ័ញ្ច គាបញើសឈាម ប្រព្រឹត្តអំពើពុករលួយ អត្តទត្ថបុគ្គល ក្រុមគ្រួសារ អាត្មានិយម ត្រូវមានភាពឆ្លាតវៃ ក្នុងការកែច្នៃ ហ៊ានវះកាត់ ដោយគ្មានការរារែក ក្នុងការដកមន្រ្តីអាក្រក់ មន្រ្តីគ្រាប់ល្ពៅ បំផ្លាញស្ថាប័នជាតិ ជិះជាន់ គំរាមកំហែងប្រជាពលរដ្ឋ ហើយដាក់មន្រ្តីដែលគេល្អ មានជំនាញ និងឯកទេសច្បាស់លាស់ មិនស្ថិតនៅក្រោមឥទ្ធិពលនយោបាយ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា មេដឹកនាំនៅក្នុងសង្គមប្រជាធិបតេយ្យ គឺមេដឹកនាំអ្នកបម្រើប្រជាពលរដ្ឋ ហើយបើយើងធ្វើឥរិយាបថនៃការដឹកនាំ ដឹកហើយនិងនាំប្រទេសជាតិ ឬក៏ប្រជាពលរដ្ឋទៅក្នុងផ្លូវសុភមង្គល ឬអពមង្គល តើមេដឹកនាំ ត្រូវដឹងអំពីចំណុចខ្លាំង ចំណុចខ្សោយបែបណា? ហើយមេដឹកនាំ គឺត្រូវដឹកនាំ គឺត្រូវដឹងគ្រប់កាៈទេសៈនៃស្ថានការណ៍របស់ប្រទេសជាតិ របស់សង្គមជាតិ ហើយបើមេដឹកនាំ មិនផ្ដល់ក្ដីសង្ឃឹមដល់ប្រជាពលរដ្ឋ សួរថា មេដឹកនាំហ្នឹងជាចៅហ្វាយរបស់ប្រជាពលរដ្ឋ ឬក៏ជាអ្នកបម្រើប្រជាពលរដ្ឋនៅក្នុងសង្គមមួយ ដែលត្រូវបង្ហាញពីតម្លាភាព បង្ហាញថា តើសង្គមហ្នឹងកុម្មុយនីស្ត ឬក៏ផ្ដាច់ការ? ឬក៏សង្គមហ្នឹងជាសង្គមប្រជាធិបតេយ្យ យកប្រជាពលរដ្ឋម្ចាស់ឆ្នោតជាធំ? អ៊ីចឹងហើយខ្ញុំថា ភាពក្លាហានរបស់អ្នកដឹកនាំ គឺកុំឲ្យធ្លាក់ទៅក្នុងផ្លូវអគតិទាំង៤ ផ្លូវនៃទុច្ចរិត ផ្លូវដែលបង្កើតនូវបក្ខពួក គ្រួសារនិយម ផ្លូវដែលកេងប្រវ័ញ្ច គាបញើសឈាម ឬក៏ប្រព្រឹត្តអំពើពុករលួយ ដើម្បីអត្តទត្ថបុគ្គល ឬក៏ក្រុមគ្រួសារអាត្មានិយមរបស់ខ្លួន ។ អ៊ីចឹងហើយបើសិនមេដឹកនាំក្លាហាន មិនជាប់ចំណង មេដឹកនាំមិនទុច្ចរិត បង្ហាញនូវតម្លាភាព គណនេយ្យភាព មេដឹកនាំមួយ ដែលត្រូវបង្ហាញអំពីបញ្ញា ការចេះដឹង ដើម្បីវះកាត់ និងឲ្យពីហេតុ ពីផល ក្នុងការដោះស្រាយ ប្រទេសជាតិកំពុងជួបវិបត្តិ គឺថា មេដឹកនាំហ្នឹង ត្រូវមានភាពឆ្លាតវៃ ក្នុងការកែច្នៃ ហ៊ានវះកាត់ ដោយគ្មានការរារែក ពិចារណា នៅពេលដែលមានអង្គហេតុ អង្គច្បាប់ ហេតុនិងផល គឺថា មន្រ្តីគ្រាប់ល្ពៅ មន្រ្តីដែលធ្វើឲ្យការដឹកនាំហ្នឹង ត្រីមួយត្រក ស្អុយមួយ ស្អុយទាំងអស់ ។ អ៊ីចឹងយើងប្ដូរនូវវប្បធម៌ថា ត្រីមួយដែលវាស្អុយ ដកត្រីហ្នឹងចេញ មានត្រីដែលមិនទាន់ស្អុយ ត្រីដែលមិនទាន់ងាប់ គឺត្រីហែលបញ្ច្រាសទឹក ។ បើត្រីហែលបណ្ដែតទឹក គឺត្រីងាប់ ត្រីស្អុយ ត្រីបង្កើតបញ្ហាឲ្យត្រីដែលគេមិនទាន់ងាប់មានមេរោគ ដើម្បីទៅស្លាប់តាមខ្លួន ។ ឧទាហរណ៍ថា ត្រី១០ ត្រី១ស្លាប់ ឲ្យត្រី៩ ដែលនៅរស់ហ្នឹង ឲ្យគាត់បន្តរស់ទៀត ឬក៏ត្រី៩ ដែលនៅរស់មានជីវិតហ្នឹងស្លាប់ ងាប់ដោយសារត្រីមួយ? អ៊ីចឹងយើងត្រូវឲ្យច្បាស់ខ្លួនយើង យើងត្រូវមានក្រុមការងារស៊ើបអង្កេត ស្រាវជ្រាវ នៅពេលដែលមានមតិមហាជនរិះគន់ស្ថាបនា យើងកុំឲ្យតែគេរិះគន់ ចាប់គេដាក់គុក គេរិះគន់ យើងបង្កើតបញ្ហាឲ្យគេជួបទុក្ខលំបាក ឈឺចាប់ ឬក៏ភាពអយុត្តិធម៌ ផ្ទុយអំពីតម្លាភាព យុត្តិធម៌ សេរីភាពក្នុងការបញ្ចេញមតិ“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយ ខ្ញុំថា ពេលនេះជាពេលដែលយុគសម័យបច្ចេកវិទ្យា ពេល AI ពេលឌីជីថល អ៊ីចឹងត្រូវតែកែទម្រង់ ហើយនិងកំណែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អ អំពើអាក្រក់ អំពើល្អ លាក់គេអត់បានទេ ។ សុភាសិតបុរាណយើង តែងនិយាយហើយគឺ “ចេះឯង ឲ្យក្រែងចេះគេ”, “ តាមទាន់ ជាន់កែង“, “ភូតច្រើន ចាញ់អាត្មា” ចេះឯងហើយមិនក្រែងនរណា អាហ្នឹងគឺអន្តរាយ ។ អ៊ីចឹងសរុបមកវិញ គឺត្រូវហ៊ានអារកាត់ បើមន្រ្តីអាក្រក់ មន្រ្តីគ្រាប់ល្ពៅ បំផ្លាញស្ថាប័នជាតិ បំផ្លាញប្រទេសជាតិ ទុច្ចរិត អំពើពុករលួយ បង្កើតការជិះជាន់ គំរាមកំហែង បឺតឈាមប្រជាពលរដ្ឋ អាហ្នឹងគឺថា ត្រូវតែដក ហើយដាក់មន្រ្តីដែលគេល្អ គឺមានន័យថា មន្រ្តីមានពីរផ្នែក មន្រ្តីកិច្ចការនយោបាយ និងមន្រ្តីកិច្ចការជំនាញឯកទេស ។ អ៊ីចឹងចែកគ្នាឲ្យដាច់ កុំយកឥទ្ធិពលនៃនយោបាយ ឥទ្ធិពលនៃអ្នកដឹកនាំ មកបញ្ជាមន្រ្តីជំនាញ មន្រ្តីឯកទេស និងមកបញ្ជាបញ្ញវន្ត ដែលគេសុំជួយប្រទេសជាតិ តែគេអត់ជួយតាមគណបក្សនយោបាយណាទេ ។ នេះគឺជារឿងដែលនឹងអាចឲ្យមានការកែទម្រង់ឡើងវិញ ព្រោះសម័យនេះ លាក់គេអត់បានទេ ដោយសារប្រព័ន្ធ Social Media មានហ្វេសប៊ុក មានយូធួប មានតេលឡេក្រាម មានស៊ីកណល មានវ៉តស៍អាប់ មានជីមេល មានយ៉ាហ៊ូ និងមានបណ្ដាញសង្គម X ជាដើម“ ៕ កុលបុត្រ

RELATED ARTICLES