Saturday, April 11, 2026
Homeតារាខ្មែរព្រះនាងតូច នរោត្តម ចេណ្ណា ព្រះមហាក្សត្រដំឡើងព្រះឋានៈជា អ្នកអង្គម្ចាស់ក្សត្រីយ៍

ព្រះនាងតូច នរោត្តម ចេណ្ណា ព្រះមហាក្សត្រដំឡើងព្រះឋានៈជា អ្នកអង្គម្ចាស់ក្សត្រីយ៍

ភ្នំពេញ ៖ ក្នុងព្រះរាជក្រឹត្យ នស/រកត/០៤២៦/៤៧៤ ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឡាយព្រះហស្តលេខាដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ដំឡើងព្រះឋានៈព្រះនាងតូច កែវ នរោត្តម ចេណ្ណា ជាអ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ចេណ្ណា ។

ដំណឹងនេះ ធ្វើឲ្យសែរាជ្យវង្ស មហាជន និងសិល្បករជាច្រើន ចាប់អារម្មណ៍តាមដាន និងអបអរសាទរដល់ព្រះនាងតូច នរោត្តម ចេណ្ណា បើទោះជាគោរមងារជាផ្លូវការនេះ មានជាយូរហើយក្ដី ប៉ុន្ដែព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ទើបចេញជាផ្លូវការ នាពេលនេះ។

 នាដការីនិងជាតារាសម្ដែង កញ្ញា សុខគា គឹមលាង ថ្លែងសារនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ថា «អបអរ សាទរយ៉ាងអភិសេកដល់នរោត្តម ចេណ្ណា ដែលត្រូវបានព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ប្រោសព្រះរាជទានដំឡើងព្រះឋានៈ ជាអ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ចេណ្ណា ។ សូមថ្វាយព្រះពរ សូមឲ្យព្រះអង្គ ប្រកបដោយព្រះសុខភាពល្អ ព្រះបរិសុទ្ធ ព្រះរាជបញ្ញា និងព្រះរាជកិច្ចជោគជ័យគ្រប់ប្រការ»។

 គួរបញ្ជាក់ថា អំឡុងពេលដែលអ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ចេណ្ណា ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ដំឡើងឋានៈជាផ្លូវការ នៅលើបណ្ដាញសង្គម ព្រះនាងទ្រង់គ្រឿងជាទេវតាឆ្នាំថ្មី «រាក្យសាទេវី» ជាបុត្រទី៣ នៃកបិលមហាព្រហ្ម និងកំពុងតែសកម្មជាមួយការផ្សព្វផ្សាយឈុតស្បៃខ្មែរ ប្រើក្នុងពិធីមង្គលការ ហើយពេលព្រះ នាងគ្រងឈុតប្រពៃណីខ្មែរ ដ៏ល្អវិចិត្រនោះ ធ្វើឲ្យសម្រស់អ្នកអង្គម្ចាស់ក្សត្រីយ៍ កាន់តែស្រស់ស្អាតផូរផង់ដូចទេពធីតា ។

  ព្រះនាងតូច នរោត្តម ចេណ្ណា (Princess Jenna Norodom) មានគោរមងារផ្លូវការថា អ្នកអង្គម្ចាស់ក្សត្រីយ៍ កែវ នរោត្តម ចេណ្ណា ជាព្រះរាជនត្តា (ចៅស្រី) ករុណាព្រះបាទសម្ដេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ទ្រង់ប្រសូតនៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ (ឆ្នាំថោះ) ដែលឆ្នាំនេះ អង្គម្ចាស់ក្សត្រីយ៍ កែវ នរោត្តម ចេណ្ណា មានព្រះជន្ម ១៤ព្រះវស្សា មានសែលោហិតខ្មែរកាត់បារាំង (បិតាជាជនជាតិបារាំង) ចំ ណែកមាតា គឺអ្នកអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផាទេវី។ ក្នុងព្រះជន្ម ៤ព្រះវស្សា ព្រះនាង បានយាងមករស់នៅភ្នំពេញ ជាមួយគ្រួសារ នៅឆ្នាំ២០១៥ ហើយព្រះជន្ម ៥វស្សា ព្រះនាង អាចនិយាយបាន ៥ ភាសា គឺភាសាខ្មែរ បារាំង អង់គ្លេស ចិន និងថៃ ។ ព្រះជន្ម ៦ព្រះវស្សា ព្រះនាងផ្ដើមយាងចូលប្រឡូកក្នុងវិស័យសិល្បៈ ដូចជា ច្រៀង សម្ដែងភាពយន្ដ រាំរបាំអប្សរា ។ ព្រះជន្ម ១០ព្រះវស្សា  ព្រះនាងបានសាងស្នាដៃធំពីរក្នុងវិស័យភាពយន្ដ តាមរយៈរឿង «ទេពធីតាព្កុលមាស» និងរឿង «នគរមាស» ចាក់ផ្សាយនៅCTN ។ ព្រះនាងតូច នរោត្តម ចេណ្ណា ធ្លាប់ត្រូវបានសារព័ត៌មានអន្ដរជាតិល្បីៗ ចុះផ្សាយជាបន្ដបន្ទាប់ផងដែរ ពីសកម្មភាពនិងស្នាដៃសិល្បៈ របស់ព្រះនាង លើឆាកអន្ដរជាតិ ខណៈកាលពីចុងឆ្នាំ២០២៣ ព្រះនាង ត្រូវបានក្រុមហ៊ុនភាពយន្ដអន្ដរជាតិ Millennium Media អញ្ជើញជាផ្លូវការ សម្រាប់ដំណើរទស្សនកិច្ចមួយ ទៅទស្សនាកន្លែងថតភាពយន្ដអឺរ៉ុប ក្នុងនាមជាភ្ញៀវពិសេស ហើយព្រះនាងបានចូលរួមសម្ដែងការប្រគំតន្រ្ដី ជាមួយតារាអន្ដរជាតិល្បីៗ ដែលរៀបចំដោយក្រុមហ៊ុននោះផងដែរ ។ សម្រាប់បទចម្រៀងក្នុងស្រុក អ្នកអង្គម្ចាស់ក្សត្រីយ៍ កែវ នរោត្តម ចេណ្ណា ល្បីបទ «សុរិយា» ច្រៀងជាមួយលោក All3rgy និងបទ «លួចស្នេហ៍ដួងចន្ទ» ច្រៀងជាមួយលោកថេណា ៕

RELATED ARTICLES