ភ្នំពេញ ៖ អតីតតារាសម្តែងល្បីឈ្មោះ លោកស៊ុក សុភា ដែលបោះបង់អាជីពសិល្បៈ ចេញរស់នៅប្រទេសអូស្ត្រាលី ជាមួយភរិយានោះ ថ្មីៗនេះបានត្រឡប់មកលេងស្រុកកំណើត តែម្នាក់ឯង ក្នុងឱកាសពិធីបុណ្យចូល ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយមិនឃើញវត្តមានប្រពន្ធកូន រួមដំណើរមកជាមួយឡើយ ហើយលោកបានបង្ហោះ សារតាមបណ្តាញសង្គម ជាបន្តបន្ទាប់ ត្អូញត្អែរពីជីវិតរស់នៅក្រៅប្រទេស បែកពីឪពុកម្តាយ បងប្អូន ហាក់គ្មានសេចក្តីសុខ ស្រាប់តែចប់ពិធីបុណ្យចូលឆ្នាំ ប្រពន្ធនិងកូនរបស់លោក បានផ្តាំមកថា “បើលោកប្តីរស់នៅទីណាបានសុខ លោកប្តីរស់នៅទីនោះចុះ កុំមកវិញអី ព្រោះសម្បីតែកូនស្រីលោកប្តីតែមួយ ក៏មិនឱ្យលោកប្តីមកផ្ទះវិញទេ…”។

គួរបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ២០២៦ នេះ លោកស៊ុក សុភា បានមកប្រទេសកម្ពុជា ជួបជុំក្រុមគ្រួសារ ឪពុកម្តាយ បងប្អូនបង្កើតប្រុសស្រី និងបានដើរកម្សាន្តជាច្រើនកន្លែង ហើយតែងបង្ហោះរូបភាពនិងសារ ត្អូញត្អែរពីជីវិតរស់នៅក្រៅប្រទេស បែកពីឪពុកម្តាយ បងប្អូន ហាក់គ្មានសេចក្តីសុខ ។

ស្រាប់តែមកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ លោកស្រី លុយ សារីណា ភរិយាលោកស៊ុក សុភា ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី បានទម្លាយសារសន្ទនារវាងកូនស្រី និងលោកស៊ុក សុភា ជាឪពុក ផ្តាំទៅស្វាមីថា បើរស់នៅជាមួយប្រពន្ធកូន វេទនាណាស់ មិនចាំបាច់វិលត្រឡប់ទៅផ្ទះវិញទេ ព្រោះសូម្បីតែកូនស្រី ក៏មិនចង់ឱ្យឪពុក វិលត្រឡប់ទៅអូស្ត្រាលី វិញដែរ។

លោកស្រី លុយ សារីណា ភរិយាលោកស៊ុក សុភា បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ថា “ប្តីអើយ លោកប្តី! អានសំណេររបស់លោកប្តីហើយ ហាក់ដូចជាលោកប្តី វេទនានឹងរស់នៅជាមួយប្រពន្ធនិងកូនៗណាស់។ បើលោកប្តី រស់នៅទីណាបានសុខ លោកប្តី រស់នៅទីនោះចុះ! ទីនេះលោកប្តីមិនសុខ កុំមកវិញអី ព្រោះសូម្បីតែកូនស្រីលោកប្តី តែមួយ មិនឱ្យលោកប្តី មកផ្ទះវិញទេ…”។
លោកស្រី លុយ សារីណា បានបន្តថា “បើលោកប្តី ទៅដោយក្តីរីករាយ ហើយគ្មានមុខងារនឹងកូនតូច ដែលត្រូវទទួលខុសត្រូវនោះ គ្មាននរណាថាអីទេ តែលោកប្តី ចូលចិត្តលេងបិទពួនពេក កូនៗស្មានតែលោកប្តី ទៅតែ ២អាទិត្យទេ ដល់លោកប្តី ចោលគ្នាឡើងជិត ២ខែ គ្នាទទួលយកហេតុផលលោកប្តី លែងបានហើយ។ លោកប្តី ភ្លេចគិតថា កូនស្រីនេះធំហើយ គេមានហ្វេសប៊ុក ជាមួយលោកប្តីដែរ គេឃើញរាល់រូបភាពនិងការសរសេររបស់លោកប្តី គេតូចចិត្តណាស់ គេយកទៅបកប្រែខ្លួនឯងបានហើយ គេចេះគិតជាងយើងគិតដល់ទៅទៀត…”។

ចំណែកលោក ស៊ុក សុភា នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានបង្ហោះរូបភាព ចំនួន៣សន្លឹក បង្ហាញពីភាពស្និទ្ធស្នាលជាមួយឪពុកម្តាយ ដោយភ្ជាប់ជាមួយសំណេរថា “ជាសារមួយផ្តាំផ្ញើទៅកាន់កូនៗ… ឪពុកម្តាយមួយណាដែលមិនស្រលាញ់កូន? កូនឯណាដែលមិនស្រលាញ់ឪពុកម្តាយ?… គ្រាន់តែពេលខ្លះ ក្តីស្រលាញ់នោះ មិនត្រូវបាននិយាយចេញមកជាពាក្យទេ តែបង្ហាញតាមរយៈសកម្មភាពតូចៗ ជាប្រចាំថ្ងៃ ពេលខ្លះ ឪពុក ម្តាយ ស្ងៀមស្ងាត់ មិនមែនព្រោះគ្មានក្តីស្រលាញ់ចំពោះកូនៗទេ តែព្រោះមិនចេះនិយាយ មិនចេះបង្ហាញ ពួកគាត់ជ្រើសរើសធ្វើជាមនុស្សខ្លាំង សម្រាប់ឱ្យកូនៗ អាចមានកម្លាំងរស់នៅ បើទោះបីខ្លួនឯងនឿយហត់ប៉ុនណាក៏ដោយ ហើយកូនៗខ្លះក៏ដូចគ្នា ស្រលាញ់ណាស់ តែស្ទាក់ស្ទើរ មិនដឹងនិយាយបែបណា គិតថា “ទុកចាំថ្ងៃក្រោយ” គិតថា “នៅមានពេលទៀត” តែពេលវេលាវិញ មិនដែលរង់ចាំនរណាម្នាក់នោះទេ…”។

លោកស៊ុក សុភា បានបន្តថា “មានថ្ងៃណាមួយ យើងនឹងចង់ឮសំឡេងហៅធម្មតាៗដែលធ្លាប់ធ្វើឱ្យធុញ ចង់ឃើញមុខដែលធ្លាប់នៅជិត ក្បែរយើងរៀងរាល់ថ្ងៃ តែអ្វីៗទាំងអស់នោះ ប្រែទៅជាអនុស្សាវរីយ៍ដែលមិនអាចត្រឡប់វិញបាន ពេលនោះហើយ ទើបយើងយល់ថា ក្តីស្រលាញ់ដែលមិនបាននិយាយ វាធ្ងន់ធ្ងរប៉ុនណា? គ្រាន់តែពាក្យ “កូនស្រលាញ់ប៉ា” ពាក្យ “កូនស្រលាញ់ម៉ែ” ដែលមិនធ្លាប់និយាយ វាឈឺចាប់ប៉ុនណា នៅពេលយើងមិនមានឱកាសនិយាយវាទៀត ? ប៉ុន្តែសេចក្តីស្រលាញ់ពិត មិនដែលបាត់បង់ទេ បើទោះបីមិនបាននិយា យក៏ដោយ វានៅតែរស់នៅក្នុងបេះដូងកូនៗ តែវាក៏អាចក្លាយជាការសោកស្តាយ ដែលយើងយកតាមខ្លួនទៅ អស់មួយជីវិត…”។

លោកស៊ុក សុភា បានបន្តទៀតថា “សូមកុំចាំដល់ថ្ងៃដែលគ្មានឱកាសទៀត សូមនិយាយ នៅពេលដែលពួក គាត់នៅស្តាប់បាន សូមស្រលាញ់ នៅពេលដែលពួកគាត់នៅកាន់ដៃយើងបាន…”។

គួររំលឹកថា អតីតតាសម្តែង លោកស៊ុក សុភា បានចាកចេញទៅរស់នៅឯប្រទេសអូស្ត្រាលីជាមួយភរិយា បន្ទា ប់ពីរៀបការរួច កាលពីអំឡុងខែមិថុនា ឆ្នាំ២០១២ បើគិតមកដល់ពេលនេះ មានរយៈពេលប្រមាណជិត ១៤ឆ្នាំ មកហើយ។ លោកនិងភរិយា ដ៏ស្រស់ស្អាត តែងតែបង្ហាញភាពស្និទ្ធស្នាលស្នេហា ស្រាប់តែចុងក្រោយនេះ បែកធ្លាយភាពប្រេះឆា ស្របពេលដែលលោក ស៊ុក សុភា បានមកលេងស្រុកកំណើត តែម្នាក់ឯង ចោលប្រពន្ធកូននៅអូស្ត្រាលី ។

ទោះបីជាយ៉ាងណា ជុំវិញការទម្លាយសារតាមបណ្តាញសង្គម ហាក់បង្ហាញពីស្នាមប្រេះបែកនៃចំណងអាពាហ៍ពិពាហ៍អតីតតារាសម្តែង ស៊ុក សុភា ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបំភ្លឺបន្ថែមពីសាមីខ្លួន លោកស៊ុក សុភា និងលោកស្រី លុយ សារីណា បានទេ កាលពីល្ងាចម្សិលមិញ៕ ដារិទ្ធ

