Wednesday, April 22, 2026
Homeតារាខ្មែរសួស វីសា ធ្វើខួបកំណើតអនឡាញ

សួស វីសា ធ្វើខួបកំណើតអនឡាញ

ភ្នំពេញ ៖ សួស វីសា បានបង្ហាញអារម្មណ៍រីករាយ នៅពេលដែលត្រូវបានស្វាមីសំណព្វចិត្ត លោកប៊ុនថុល ប៊ុនថង ហៅថមមី ធ្វើខួបកំណើតឲ្យ តាមអនឡាញ (Online) កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ គម្រប់អាយុ៣៣ឆ្នាំ បើទោះជាពេលនេះ លោកថមមី កំពុងបំពេញការងារនៅប្រទេសម៉ាឡេស៊ី ក៏ដោយ។ វីសា ចាត់ទុកថា នាងជានារីមានសំណាងម្នាក់ ដែលបានប្ដីជាមនុស្សល្អ ទោះជាទៅដល់ណាក៏នៅតែគិតគួរដល់ប្រពន្ធកូនជានិច្ច ។

សួស វីសា ថ្លែងនៅថ្ងៃខួបកំណើតខ្លួនថា «ជាតិនេះខ្ញុំមិនមានសំណាងបានប្ដីជាអ្នកមានទ្រព្យច្រើនទេ  តែខ្ញុំនិងកូនៗ មានសំណាងដែលបានបងជាប្ដី ជាប៉ាៗល្អ ដែលតែងតែស្រលាញ់មើលថែប្រពន្ធកូន បានល្អជានិច្ច»។

តាមរយៈវីដេអូ ប្ដីសួស វីសា លោក ថមមី បានឆ្លេឆ្លាៗរត់ទៅផ្សារទំនើបមួយ នៅម៉ាឡេស៊ី ទិញនំខេក ធ្វើខួបកំណើតឲ្យប្រពន្ធ ពីចម្ងាយ និង Video Call ជាមួយវីសា ដែលធ្វើឲ្យមិត្តរួមការងារ លាន់មាត់ថា ប្ដីប្រពន្ធតារា ១គូនេះ ពិតជាស្រលាញ់គ្នាខ្លាំងមែន ។

លោក ថមមី ថ្លែងសារពីម៉ាឡេស៊ី ទៅប្រពន្ធថា «រវល់ប៉ុនណាក៏មិនភ្លេចថ្ងៃពិសេសអូន Happy Birthday ប្រពន្ធសម្លាញ់! បងសូមជូនពរឲ្យអូនមានសុខភាពល្អ សំណាងល្អ សម្រស់ស្រស់ស្អាត មិនបានកាត់នំជាមួយអូននៅស្រុកខ្មែរ ដោយផ្ទាល់ ក៏បានត្រឹមទិញនំ ដើម្បីខលទៅអូន អបអរតាមអនឡាញ ជាមួយគ្រួសារដែរ»។

គួររំលឹកថា សួស វីសា បានចាប់ដៃជាមួយលោក ថមមី ជិត៧ឆ្នាំ ទទួលបានចំណងដៃកូនពីរនាក់ កូនស្រីទី១ ឈ្មោះ ថង សាម៉ូលីណា ហៅ Jenny អាយុជាង៥ឆ្នាំ និងកូនប្រុសទីពីរ ឈ្មោះ ថង សាតារាពិសិដ្ឋ ហៅ Johnny អាយុជាង១ឆ្នាំ ។ គេចាំបានថា ពេលវីសា ប្រារព្ធខួបកំណើតគម្រប់ ៣២ឆ្នាំ កាលពីឆ្នាំ២០២៥ នាងត្រូវប្ដីឲ្យកាដូជាគ្រឿងមាស ពេជ្រ ទាំងឈុតៗតែម្ដង ព្រោះពេលនោះ លោកនៅក្នុងស្រុក ។ ប៉ុន្ដែខួបកំណើតឆ្នាំនេះ វីសា បានត្រឹមប្ដីSurprise ពីចម្ងាយប៉ុណ្ណោះ ។

សួស វីសា បាត់មុខពីបណ្ដាឆាកតន្រ្ដី នៅរដូវក្ដៅនេះ ទាំងស្រុង ខណៈដែលកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ នាងបានប្រកាសចង់បញ្ចប់អាជីពចាស់ ក្រោយតស៊ូជាង១០ឆ្នាំ ។ ចំពោះការដែលវីសា លែងចង់ឡើងឆាកច្រៀងរាំតទៅទៀតនោះ ក្រោមហេតុផល ៣យ៉ាង គឺទី១ លែងស្អាត ទី២ ចាស់ និងទី៣ អស់កម្លាំងចិត្ត។ ចំណែកស្វាមីនាង លោក ថមមី បានផ្អាកអាជីពសម្ដែង រយៈពេល១៦ឆ្នាំ ទៅហើយ ដោយងាកទៅរស់រកស៊ីផ្នែកអចលនទ្រព្យ និងលក់អីវ៉ាន់ Online វិញម្ដង ។

ការពិចារណាបោះបង់អាជីពចម្រៀង របស់វីសា នេះ ធ្វើឲ្យ Fan ស្ដាយសមត្ថភាព ដោយពួកគេបានលើកឡើងថា ត្រឹមកូនពីរ អាយុ៣៣ឆ្នាំ មិនគួរណាលែងច្រៀងទេ ព្រោះតារារៀមច្បងខ្លះ អាយុជិត ៦០ឆ្នាំ មានកូនក្រមុំកំ លោះហើយ នៅតែមានទីផ្សារសិល្បៈ។ ពួកគេបានដាស់តឿនវីសា ថាចំណុចសំខាន់តែ ២យ៉ាងប៉ុណ្ណោះ ដែលនាងអាចរក្សាទីផ្សារចម្រៀងបាន គឺទី១- សម្រកទម្ងន់ជាបន្ទាន់ និងទី២- ចេញបទថ្មីៗ​ បុកទីផ្សារឡើងវិញ ។ ប៉ុន្ដែយ៉ាងណា គេជឿថាវីសា អាចមានហេតុផលផ្សេង ក្រៅពីចំណុចទាំង៣ ខាងលើ ដែលជាឧបសគ្គសម្រាប់នាង លែងចង់បន្ដអាជីពចាស់ ព្រោះអំឡុងនាងមានជំងឺរលាកបំពង់កធ្ងន់ កាលពីឆ្នាំ២០២១ នោះ ទោះជានាងព្យា បាលបានជាសះស្បើយពីជំងឺនេះ ប៉ុន្ដែគ្រូពេទ្យ បានផ្ដាំហាមដាច់ខាត ប្រើសំឡេង ដែលចំណុចនេះ ធ្វើឲ្យវីសា ទាល់ច្រក ព្រោះជាតារាចម្រៀង បើមិនឲ្យប្រើសំឡេង តើឲ្យប្រើអ្វីទៅ ?          

ទោះបីជាអាជីពចម្រៀង សួស វីសា នៅមានភាពស្រពេចស្រពិល ប៉ុន្ដែមានការកត់សម្គាល់ថា បើនាងលែងច្រៀង ក៏មិនជួបវិបត្តិសេដ្ឋកិច្ចដែរ ព្រោះសព្វថ្ងៃ នាងមានផ្ទះច្រើនកន្លែង និងជិះរថយន្ដថ្លៃៗ ជាច្រើនគ្រឿង ទោះជាមិនទាន់សម្រេចគោលដៅធំ ទិញរថយន្ដក្នុងក្ដីស្រមៃ ម៉ាក Rolls Royce ក៏ដោយ ។ កាលពីដើមខែ កុម្ភៈ ឆ្នាំ២០២៦ វីសា បានប្រកាសលក់ផ្ទះ៣ល្វែង ផ្សេងគ្នា ក្នុងតម្លៃដល់ទៅ ៧២៥ ០០០ដុល្លារ ដែលបញ្ជាក់ថា តារចម្រៀងរូបនេះស្ងាត់ពីអាជីពចម្រៀង តែនាងមិនមែនក្រទេ ៕

RELATED ARTICLES