ភ្នំពេញ ៖ ជនបរទេស សរុបចំនួន ១១៧៥នាក់ រួមមាន ២៨សញ្ជាតិ ត្រូវបាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។

តាមប្រភពអគ្គនាយកអន្តោប្រវេសន៍ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី១២ ដល់ទី១៩ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រ សួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើប អង្កេតនិងអនុវត្តនីតិវិធី បន្តធ្វើកាបណ្តេញចេញជនបរទេស សរុបចំនួន ១ ១៧៥នាក់ (ស្រី១៦៧នាក់)។

ប្រភពដដែល បន្តថា ជនបរទេសទាំង ១១៧៥នាក់ (ស្រី១៦៧នាក់) មានចំនួន ២៨សញ្ជាតិ រួមមាន រវ៉ាន់ដា កាមេរូន មីយ៉ាន់ម៉ា នេប៉ាល់ វៀតណាម ឥណ្ឌា ស្រីលង្កា ចិន ហ្ស៊ីមប៉ាបវេ បង់ក្លាដែស នីហ្សេរីយ៉ា ឥណ្ឌូនេស៊ី សេរ៉ាឡេអូន យូហ្គង់ដា អូត្យូពី កេនយ៉ា ប៉ាគីស្ថាន ម៉ាកាដាស្តារ ហ្គាណា ហ្វីលីពីន លីបង់ កូរ៉េ ម៉ាឡេស៊ី អង់ គ្លេស ប៉ូឡូញ ចិនតៃវ៉ាន់ កៀជីគីស្ថាន និងកាណាដា ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះមានជនជាតិចិន ចំនួន៣២៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្តេញ ចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងជនជាតិវៀតណាម ចំនួន ២២៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរ បាលច្រកទ្វារព្រំដែនអន្តរជាតិចក្រី និងជនបរទេសមួយចំនួនទៀត ពាក់ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិតទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ ធ្វើការខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ។

ការបណ្តេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកើតមានក្នុងព្រះរាជាណាចក្រកកម្ពុជាជា ទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយ ឲ្យមានសេរីភាពនិងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕
