ភ្នំពេញ ៖ តារាកំប្លែងល្បីម្នាក់ នៅក្នុងវិស័យសិល្បៈ នាយឆ្លាំង បានធ្លាក់ខ្លួនឈឺ ស្គមស្គាំង សម្រាកនៅមន្ទីរពេទ្យ បង្កការភ្ញាក់ផ្អើល និងចូលរួមអាណិតអាសូរពីអ្នកសិល្បៈ និងជនរួមជាតិគ្រប់គ្នា រួមទាំងថ្នាក់ដឹកនាំដែលធ្លាប់បានឃើញការសម្ដែងរបស់នាយឆ្លាំង បម្រើឲ្យប្រយោជន៍សង្គម និងការលើកកម្ពស់វប្បធម៌ជាតិផង ។ ក្នុងនោះ សម្ដេច ហ៊ុន សែន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួយឧបត្ថម្ភថវិកា ចំនួន២០លានរៀល ដើម្បីសម្រួលការព្យាបាលជំងឺរបស់នាយឆ្លាំង ដែលកំពុងជួបប្រទះការខ្វះខាតក្នុងជីវភាពគ្រួសារ ។

អ្នកគាំទ្រក្មេងចាស់ ប្រុសស្រី ដែលនិយមទស្សនារឿងកំប្លែង ជាពិសេស ការសម្តែងរបស់ក្រុមនាយក្រឹម ច្បា ស់ជាបានស្គាល់នាយឆ្លាំង ដែលជាសមាជិកក្រុមកំប្លែងនេះ។ ក្នុងនោះដែរ នាយឆ្លាំង ទទួលបានប្រជាប្រិយភាព មិនចាញ់សមាជិកក្រុមនោះឡើយ ខណៈលោកជាតារាកំប្លែងមួយរូប ដែលពោរពេញដោយសមត្ថភាព និងបង្កើតសំណើចដល់អ្នកទស្សនា។ នាយឆ្លាំង ទើបតែបាត់មុខពីវិស័យសិល្បៈកំប្លែង នៅក្នុងមួយរយៈខ្លីមកនេះ ប៉ុន្តែពេលនេះ លោកកំពុងធ្វើឲ្យមហាជនភ្ញាក់ផ្អើល ព្រមជាមួយក្ដីបារម្ភយ៉ាងខ្លាំងទៅនឹងស្ថានភាពសុខ ភាពរបស់លោក បន្ទាប់ពីរូបភាពដេកពេទ្យ ស្គមស្គាំងខ្លាំង ស្ទើរតែមើលមិនស្គាល់ ត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម និងមានការចែករំលែកកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ត្រូវបានប្រភពអះអាងថា លោកកំពុងប្រឈមនឹងជំងឺចំនួនពីរមុខ ដែលមានសភាពវិវត្តន៍កាន់តែធ្ងន់ គឺជំងឺសួត និងទឹកនោមផ្អែម។

លោក សឺន ជុំសុធន ប្រធានអង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម បានប្រកាសតាមបណ្ដាញសង្គមថា ក្រោយបានដឹងដំណឹងថា នាយឆ្លាំង ដែលជាមិត្តភក្ដិរបស់លោក ធ្លាក់ខ្លួនឈឺធ្ងន់ ហើយកំពុងជួបប្រទះការខ្វះខាតក្នុងជីវភាព តាមរយៈការបង្ហោះនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកនោះ លោក សេង ទៀង នាយករងខុទ្ទកាល័យនាយករដ្ឋមន្រ្តី បានឲ្យជំនួយការ ទាក់ទងសួរនាំពីស្ថានភាពជំងឺរបស់នាយឆ្លាំង និងបានផ្ដល់ថវិការបស់សម្ដេច ហ៊ុន សែន ប្រធានរដ្ឋសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា តាមរយៈលោក យកទៅប្រគល់ជូននាយឆ្លាំង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះ កុសមៈ (ពេទ្យលោកសង្ឃ) ។

លោក សឺន ជុំសុធន តំណាងឲ្យតារាកំប្លែង នាយឆ្លាំង សូមគោរពជូនពរសម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អ កម្លាំងមាំមួន ដើម្បីជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជាជន ជាពិ សេស សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោសប្រទានពរជ័យ ជូនដល់សម្តេច និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ឲ្យទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ឲ្យបានបរិបូរណ៍ ស្ថិតស្ថេរជានិច្ច កុំបីឃ្លៀងឃ្លាតឡើយ ។

គួររំលឹកថា មុនចូលសិល្បៈ និងធ្លាក់ខ្លួនឈឺធ្ងន់ នៅពេលនេះ នាយឆ្លាំង មានអតីតកាលជាអ្នករើសអេតចាយ ស៊ីឈ្នួលគេ ដើរទិញអេតចាយឲ្យគេ រត់ម៉ូតូឌុប និងជាកម្មករសំណង់ អស់រយៈពេលប្រហែល ៣ទៅ៤ឆ្នាំ។ កាលពីឆ្នាំ២០១៧ លោកក៏ធ្លាប់បានជួបទុក្ខធំ ដោយភរិយារបស់លោក បានទទួលមរណៈភាព ដោយជំងឺក្រិនថ្លើម (ទាចទឹក) បន្ទាប់ពីបានឈឺរ៉ាំរ៉ៃជាយូរ និងគ្មានលុយព្យាបាល ។ នៅក្នុងពិធីបុណ្យសពភរិយានាយឆ្លាំង នៅពេលនោះ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម ក្នុងនាមជាប្រធានក្រុមកំប្លែង របស់នាយឆ្លាំង បានអញ្ជើញទៅចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ និងបានបរិច្ចាគបច័្ចយចូលបុណ្យមួយចំនួនដែរ ៕ កុលបុត្រ

