Wednesday, April 22, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្យល់កន្ត្រាក់ ខូចខាតផ្ទះ ៥៩ខ្នង

ខ្យល់កន្ត្រាក់ ខូចខាតផ្ទះ ៥៩ខ្នង

ខេត្តព្រៃវែង ៖ ផ្ទះប្រជាពលរដ្ឋ ចំនួន៥៩ខ្នង រួមទាំងបង្គោលភ្លើងអគ្គិសនី ជាច្រើនដើម ស្ថិតនៅក្នុងស្រុក ចំនួន៤ នៃខេត្តព្រៃវែង ត្រូវបានបំផ្លាញ ដោយសារខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង ៦និង៣០នាទី ព្រលប់ថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខ្យល់កន្ត្រាក់ ដែលបោកបក់មកជាមួយនឹងភ្លៀង មួយមេដ៏ធំ បានគ្របដណ្តប់ទៅលើស្រុក ចំនួន៤ ក្នុងខេត្តព្រៃវែង រួមមាន ស្រុកពារាំង ស្រុកបាភ្នំ ស្រុកពាមរក៍ និងស្រុកស៊ីធរកណ្តាល។

ខ្យល់កន្ត្រាក់នេះ បានបង្កផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ សរុបចំនួន៥៩ខ្នង ក្នុងនោះរងការខូចខាតទាំង ស្រុង ចំនួន១២ខ្នង ខូចខាតមធ្យម ចំនួន ១៧ខ្នង និងខូចខាតស្រាល ចំនួន៣០ខ្នង។ ជាមួយគ្នានោះ បង្គោលភ្លើងអគ្គិសនី និងបង្គោលភ្លើងសូឡា ដែលដាំនៅតាមបណ្តោយផ្លូវជាតិ ក៏បានដួលរលំ បាក់អស់ជាច្រើនដើមផងដែរ។

ទោះជាយ៉ាងណាក៏ដោយ គ្រោះមហន្តរាយធម្មជាតិមួយនេះ មិនបានបណ្តាលឱ្យមានមនុស្ស ឬសត្វ ស្លាប់ឬ របួសឡើយ ដោយគ្រាន់តែបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ។

មន្ត្រីកាកបាទក្រហមខេត្តព្រៃវែង បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធការបំផ្លាញដោយសារខ្យល់កន្ត្រាក់នេះ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ មន្ត្រីកាកបាទក្រហមកម្ពុជា តាមបណ្តាស្រុកដែលរង ផលប៉ះពាល់ បានចុះទៅស្រង់ស្ថិតិដល់គោលដៅ និងកំពុង រៀបចំជំនួយសង្គ្រោះបន្ទាន់ ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ៕

RELATED ARTICLES