Thursday, April 23, 2026
Homeតារាខ្មែរយក់ ថិតរដ្ឋា ប្ដីឲ្យកាដូ ៥ម៉ឺនដុល្លារ

យក់ ថិតរដ្ឋា ប្ដីឲ្យកាដូ ៥ម៉ឺនដុល្លារ

ភ្នំពេញ ៖ អ្នកនាង យក់ ថិតរដ្ឋា នៅថ្ងៃទី២២ ខែមេសា បានបង្ហាញអារម្មណ៍រីករាយ និងអរគុណស្វាមីនាង លោកឃុំ ប៉ុណ្ណាដែត ដែលបានឲ្យកាដូរថយន្ដថ្មី ១គ្រឿង សម្រាប់ឆ្នាំថ្មីនោះគឺឡានអគ្គិសនី ម៉ាក Avatar ពណ៌ស ស៊េរីថ្មី តម្លៃជាង ៥ម៉ឺនដុល្លារ ។ តាមប្រភពថាលោកប៉ុណ្ណាដែត ចង់លើកទឹកចិត្តដល់ប្រពន្ធ ព្រោះថ្មីៗនេះ នាងបាក់ទឹកចិត្តខ្លាំង ត្រូវបានគេមើលងាយ បង្អាប់ប្រៀបធៀបទៅនឹងជ្រូក ។

លោក ឃុំ ប៉ុណ្ណាដែត ប្រាប់អ្នកយកព័ត៌មាន «នគរធំ» នៅរសៀលថ្ងៃទី២២ ខែមេសា  ឆ្នាំ២០២៦ ថា លោកនិងភរិយា ពីមុនមកមិនធ្លាប់ជិះរថយន្ដអគ្គិសនីទេ គឺនេះជាលើកទី១ហើយ ព្រោះចង់សាក ដោយសាឃើញឡាននេះ មានបច្ចេកវិទ្យាទំនើប។ លោកថា ឡាននេះលោកនិងភរិយា ទិញរួមគ្នា តម្លៃជាង ៥ម៉ឺនដុល្លារ តែលោកមិននិយាយថា ជាកាទិញផ្ដាច់ ឬបង់រំលស់នោះទេ។ ស្វាមីថិតរដ្ឋា រូបនេះ បានឲ្យដឹងដែរថា នេះជាការទិញរថយន្ដ ១គ្រឿងទៀត បន្ថែមលើរថយន្ដម៉ាក Alphard ។

មហាជនកត់សម្គាល់ថា មុនលោក ឃុំ ប៉ុណ្ណាដែត ឲ្យកាដូប្រពន្ធ ជាង៥ម៉ឺនដុល្លារ ទិញឡាន Avatar នេះ ស្វាមីរបស់អ្នកនាង យក់ ថិតរដ្ឋា កាលពីពេលថ្មីៗនេះ បានប្រតិកម្មនឹងអ្នកលេងហ្វេសប៊ុក ម្នាក់ ដែលពេ លភរិយាលោកដល់វគ្គចេញច្រៀងលើឆាក ស្រាប់តែក្នុងកម្មវិធីផ្សាយផ្ទាល់ (Live) បុគ្គលនោះ ចូលទៅខម្មិន ហៅអ្នកនាង ថិតរដ្ឋា ថា «ជ្រូកមកហើយ!» ។ ពាក្យនេះ បានធ្វើឲ្យលោក ប៉ុណ្ណាដែត ជាប្ដីមិនសប្បាយចិត្ត នៅពេលដែលឃើញថា មានគេបង្អាប់ប្រពន្ធខ្លួន ប្រៀបធៀបទៅជ្រូក ព្រោះសំដៅដល់ការឡើងគីឡូនោះ ទើបលោកចេញមកប្រតិកម្មដោយចិត្តត្រជាក់ និងផ្ដល់ដំបូន្មានខ្លះៗដល់នារីរូបនោះ តែលោកថា មិនអាចហាមឃាត់អ្នកដែលមិនពេញចិត្តប្រពន្ធបានទេ បើទោះជាលោកបានដឹងថា ម្ចាស់គណនីហ្វេសប៊ុកខាងលើ ជាបក្ខពួកអ្នកណាក៏ដោយ ។

 លោក ឃុំ ប៉ុណ្ណាដែត ថ្លែងការពារប្រពន្ធ នៅពេលត្រូវគេហៅថា «ជ្រូក» នោះថា «តាមមើលការខម្មិន (Comment) របស់ប្អូន (ជ្រូកមកហើយ) ប្អូនក៏ជាមនុស្សស្រីដែរ  តែបងក៏មិនដឹងប្អូនអាយុប៉ុន្មានដែរ តែបើថ្ងៃមុខ ពេលប្អូនមានអាយុ ៤០ជាង ហើយមានកូនៗកំលោះថែមទាំងជិតមានកូនប្រសាទៀត ដូចភរិយាខ្ញុំ ក៏ប្អូនរីករាយដែរ ហើយក៏អ្វីដែលស្រ្ដីគ្រប់រូបចង់បាន។ បើប្អូនមិនពេញចិត្ត ប្អូនអូសរំលងទៅ ចប់ហើយ ខ្ញុំក៏អាចដឹងខ្លះ ប្រភពអ្នកមកពីណាដែរ តែខ្ញុំមិនអាចហាមបាន។ ចង់សួរទៅអ្នកវិញ បើអ្នកអាចប្ដូរបាន ១-ជីវិតស្នេហា, ទី២-សេចក្ដីសុខគ្រួសារ, ទី៣-ការទំនាក់ទំនង, ទី៤-ការទទួលស្គាល់ក្នុងសង្គម, ៥-ភាពថ្លៃថ្នូរ ការនិយាយស្ដី, ៦-សីលធម៌ក្នុងការបញ្ចេញមតិក្នុងបណ្ដាញសង្គម និងរឿងជាច្រើនទៀត ដែលស្រី្ដជាច្រើន ប្រាថ្នាចង់បានដូចភរិយាខ្ញុំ។ ដូច្នេះខ្ញុំជម្រាបជាចុងក្រោយ មុនចូលទៅខម្មិនគេ គួរមានសីលធម៌ និងសុជីវធម៌ ក្នុងនាមជាខ្មែរ! អរគុណ ជូនពរអ្នកមានសុខភាពល្អ»។

ក្រោយឃើញស្វាមីឆ្លើយតបទាំងចិត្តត្រជាក់ បង្កប់ទៅដោយការអប់រំទៅលើអ្នកប្រមាថខ្លួនថា «ជ្រូក» នោះ អ្នកនាង យក់ ថិតរដ្ឋា បានបញ្ចេញយោបល់ទៅអ្នកមិនពេញចិត្តខ្លួននោះដែរថា «អ្នកណាដៀលម៉ាក់ ស្អប់ម៉ាក់ម្នាក់នេះ ក៏មិនជាអ្វី តែអ្វីដែលសំខាន់ គឺម៉ាក់ពិតជាមានមោទនភាពណាស់ ដែលមានវត្តមានកូនៗក្នុងជីវិតម៉ាក់ គឺវាអស្ចារ្យពេកហើយ សម្រាប់ជីវិតរបស់ម៉ាក់ម្នាក់នេះ ម៉ាក់មិនដែលស្ដាយក្រោយនឹងមានវត្តមានកូនទេណាកូន»។

យក់ ថិតរដ្ឋា បានឡើងគីឡូ ដល់ទៅ ៦៥គ.ក្រ ក្រោយមានមានស្វាមី និងកូន ៣នាក់ តែមុននេះ នាងបានសម្រកទម្ងន់បានដល់ទៅ ១៨គ.ក្រ ពោលគឺនៅសល់ត្រឹមតែ ៤៧គ.ក្រ ប៉ុណ្ណោះ ទើបធ្វើឲ្យ Fan ពេញចិត្តនូវរូបរាងថ្មីរបស់នាង ហើយរដ្ឋា បានវិលមករកឆាកតន្រ្ដីយ៉ាងសកម្មឡើងវិញ។ ចំណែកបទចម្រៀង «ឲ្យអូនក្បត់បងម៉េចទៅ?» ល្បីកាលពីជាង ១០ឆ្នាំពេលនេះ មានអ្នកយកទៅច្រៀង Cover ឡើងវិញ ជាបន្ដបន្ទាប់ ធ្វើឲ្យរដ្ឋា ឡើងកូដវិញ ទើបថ្មីៗនេះ ត្រូវក្រុមហ៊ុនមួយ ជ្រើសឲ្យនាងធ្វើជា BA ទៀតផង។

តាមប្រភពថា ការពេបជ្រាយ ឌឺដង ផ្លែផ្កាឲ្យអ្នកនាង យក់ ថិតរដ្ឋា អំឡុងពេលដែលនាងឡើងគីឡូជ្រុលនោះ មិនមែនជាលើកទី១ ទេ ប៉ុន្ដែជាញឹកញាប់ណាស់មកហើយដែលក្នុងនោះ មានតារាខ្លះ តាំងខ្លួនជាសិស្សប្អូន នៅចំពោះមុខ ស្រលាញ់នាងពេញបេះដូង នៅក្រោយឆាក និយាយដើមនាងបែកផ្សែងក៏មានដែរ ។ ប៉ុន្ដែបញ្ហាខាងលើនេះ រដ្ឋា និងប្ដី បានដឹងច្បាស់ តែថាមិនអាចបញ្ឈប់អ្នកស្អប់ខ្លួនបានទេ ទើបមកដល់ពេលនេះ ស្រាប់តែមានអ្នក ហៅនាងថា «ជ្រូក» បែបនេះ។          

យក់ ថិតរដ្ឋា បានរៀបការជាមួយលោក ឃុំ ប៉ុណ្ណាដែត កាលពីឆ្នាំ២០០៥ ដែលចំណងស្នេហា ២១ឆ្នាំនេះ ពួកគេទទួលបានកូន ៣នាក់ គឺកូនប្រុសទី១ ឈ្មោះ ឃុំ រដ្ឋាណាលីដូ អាយុ១៩ឆ្នាំ, កូនប្រុសទី២ ឈ្មោះ ឃុំ រដ្ឋាណាលីឌី អាយុ១១ឆ្នាំ និងកូនស្រីទី៣ ឈ្មោះ ឃុំ រដ្ឋាណាតាលី អាយុ៦ឆ្នាំ ។ ទាំងរដ្ឋា និងស្វាមី ធ្លាប់ប្រាប់អ្នកយកព័ត៌ មានថា ពួកគេគ្មានគម្រោងយកកូនទី៤ ទេ ហើយលោក ប៉ុណ្ណាដែត ថាប្រពន្ធ ចង់ស្រក ២គីឡូបន្ថែមទៀត គឺស្រលាញ់ទម្ងន់៤៥គ.ក្រ ៕

RELATED ARTICLES