ខេត្តរតនគិរី ៖ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានឃាត់ខ្លួនក្មេងទំនើង ចំនួន ៥នាក់ ករណីដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ ។

តាមប្រភពស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានឲ្យដឹងថា ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង, អធិ ការដ្ឋាននគរបាលស្រុកកូនមុំ និងប៉ុស្ដិ៍នគរបាលបឹងកន្សែង ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កម្លាំងនគរបាល បានបង្ក្រាបមុខសញ្ញាក្រុមក្មេងទំនើង បានចំនួន ០៥នាក់ ក្នុងករណីដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ ។

ក្មេងទំនើងដែលត្រតូវបានឃាត់ខ្លួន រួមមាន ៖ ១-ឈ្មោះ សុភា ថាឃីន ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។ ២-ឈ្មោះ ជ្រឿន តារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិភ្នំស្វាយ សង្កាត់បឹង កន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ ៣-ឈ្មោះ សូត្រ រ៉ស៊ីយ៉ា ភេទស្រី អាយុ១៥ ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខ របរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។ ៤-ឈ្មោះ វី ប៊ុនសា ភេទស្រីអាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។ ៥-ឈ្មោះ សែម ជីវ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ជាមួយការឃាត់ខ្លយនបេះ សមត្ថកិច្ចបានដកហូតរក្សាទុកសម្ភារៈវត្ថុតាង រួមមាន ៖ ទូរស័ព្ទដៃចំនួន៤គ្រឿង ម៉ូតូ ចំនួន០២គ្រឿង។

ប្រភពសមត្ថកិច្ច បានឲ្យដឹងបន្តថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨និង៣០នាទីយប់ សមត្ថ កិច្ចបានទទួលព័ត៌មានពីគណនីហ្វេសប៊ុក ឈ្មោះ Chhay Chhorvorn ដែលបានបង្ហោះវីដេអូ ក្រុមក្មេងទំនើងដេញកាប់គ្នា ដោយប្រើប្រាស់ដាវកែច្នៃ និងកៅអីជ័រ វាយកាប់ចាក់គ្នា ។ ក្រោយទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ ឃាត់ខ្លួនបានជនសង្ស័យ ទាំង៥នាក់ខាងលើ ហើយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ជនសង្ស័យ ទាំង០៥នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅ កាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការទៅតាមនីតិវិធី ៕