ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ និងទូរស័ព្ទ។

តាមប្រភពនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ជនរងគ្រោះ ឈ្មោះ យ៉ូន ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បានមកដាក់ពាក្យបណ្ដឹង នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ករណីចោរលួចម៉ូតូ ។ បន្ទាប់មក កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យ៉ូន ស៊ីយាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅហាងហេងហេង ព្រះចន្ទពេញវង្ស ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូត ម៉ូតូ ម៉ាក HONDA DREAM C125 ផលិតឆ្នាំ២០២៥ ពាក់ផ្លាកលេខបន្ទាយមានជ័យ 1AD-9500 (របស់ជនសង្ស័យ), ម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ផ្លាកលេខភ្នំពេញ 1MF-1341 (របស់ជនរងគ្រោះ) និងទូរស័ព្ទដៃ ចំនួន១គ្រឿង ម៉ាក Iphone។

តាមចម្លើយសារភាពជនសង្ស័យ ឈ្មោះ យ៉ូន ស៊ីយាន បានឆ្លើយថា ខ្លួនពិតជាបានលួចម៉ូតូ ១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ស្លាកលេខ ភ្នំពេញ 1MF-1341 និងទូរស័ព្ទ មួយគ្រឿង ម៉ាក Iphone ប្រាកដមែន។

ដោយមានការអនុញ្ញាតពីប្រធាននាយកដ្ឋាន និងសម្របសម្រួលនីតិវិធីពីលោក គុជ គីមឡុង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចំពោះម៉ូតូនិងទូរស័ព្ទដៃ បានប្រគល់ជូនជនរងគ្រោះវិញ។
ជនសង្ស័យ និងសំណុំរឿង ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕


