Saturday, June 6, 2026
Homeតារាខ្មែរលឹម ជាឡាយ ស៊យអស់៤០០ដុល្លារ 

លឹម ជាឡាយ ស៊យអស់៤០០ដុល្លារ 

ភ្នំពេញ ៖ តារាសម្ដែង លោកលឹម ជាឡាយ បានបើករថយន្ដម៉ាក Ford ពណ៌ស បុករថយន្ដម៉ាក High Lander ពណ៌ខ្មៅ ដែលចតនៅស្ងៀម លើចិញ្ចើមផ្លូវ ពេញទំហឹង រួចព្យាយាមបើករត់គេច តែត្រូវបានអ្នក ដឹកអាហារ (delivery ) និងពលរដ្ឋ ដេញឃាត់បាន យកមកដោះស្រាយនៅកន្លែងកើតហេតុវិញ ទើបលោកព្រមទូទាត់សំណងឲ្យម្ចាស់រថយន្ដរងគ្រោះ។

តាមប្រភពថា ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចស្ពានហង្ស កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់អ្នកកាសែតថា គេឃើញរថយន្ដម៉ាក Ford បើកមកបុករថយន្ដ High Lander ហើយពេលនោះ អ្នកនៅជិតកន្លែងកើតហេតុ បានចុះទៅឃាត់ម្ចាស់រថយន្ដ Ford ដែលគេស្គាល់ថាជាតារាសម្ដែង លោកលឹម ជាឡាយ ហើយត្រូវលោកលើកដៃសំពះអ្នកមកកាក់រថយន្ដលោកនោះថា មិនអីទេ លោកនឹងសងថ្លៃខូចខាត ឲ្យរថយន្ដHigh Lander ប៉ុន្ដែពេលលោកចូលរថយន្ដ ក៏បើករថយន្ដរត់គេចភ្លាមៗ។ ប៉ុន្ដែពេលនោះ អ្នកដឹកអាហារ និងពលរដ្ឋ បានជិះម៉ូតូដេញរថយន្ដលោកជាឡាយ រហូតឃាត់បាន នាំលោកឲ្យយករថយន្ដមកដោះសា្រយនៅចំណុចកើតហេតុវិញ ។

ប្រភពថា ម្ចាស់រថយន្ដ High Lander ទាមទារសំណងថ្លៃខូចខាតរថយន្ដ ចំនួន ៥០០ដុល្លារ ប៉ុន្ដែលោកជា ឡាយ ដែលស្លៀកសម្លៀកបំពាក់អាវខ្មៅ ខោខ្មៅ និងពាក់ម៉ាស់ពណ៌ស  បានសម្រុះសម្រួល និងសុំសងត្រឹមចំនួន ៤០០ដុល្លារ ។

 ក្រោយអ្នកសារព័ត៌មាន Online បានផ្សព្វផ្សាយពីរឿងមានតារាបើករថយន្ដបុកឡានគេហើយព្យាយាមបើករត់ ទោះជាមិនស្គាល់ថា ជាលោកលឹម ជាឡាយ តែអ្នកលេងបណ្ដាញសង្គម បានស្គាល់ច្បាស់ថា ជាលោក ហើយមួយចំនួន បានរិះគន់ទៅលើតារារូបនេះថា ជាតារាគំរូគេ មិនសមបើកបុកឡានគេហើយ គេចវេះមិនទទួល ខុសត្រូវបែបនេះ ហើយប្រសិនបើអ្នកដឹកអាហារ និងពលរដ្ឋនៅតាមផ្លូវ ដេញតាមរថយន្ដលោក មិនទាន់ទេ ម្ល៉េះលោករួចខ្លួនបាត់ទៅហើយ។ ប៉ុន្ដែ Fan និងតារារួមអាជីព បានលើកទឹកចិត្តលោកជាឡាយ ថា លោករួច គ្រោះស៊យហើយ ខណៈខ្លះ ឲ្យយោបល់លោកឲ្យទៅស្រោចទឹក រំដោះគ្រោះចេញ ព្រមទាំងថាលោកមិនបានគេចវេះ រត់ទៅណាទេ ព្រោះបង់ថ្លៃសំណង បញ្ចប់រឿងអស់ហើយ ។

អ្នកយកព័ត៌មាន «នគរធំ» មិនអាចទាក់ទងលោកលឹម ជាឡាយ ដើម្បីសាកសួរបំភ្លឺពីករណីខាងលើនេះបានទេ កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ។ ចំណែកនៅលើហ្វេសប៊ុក តារារូបនេះ មិននិយាយអ្វីទាំងអស់។ ប៉ុន្ដែនៅព្រឹកថ្ងៃទី៤ ខែមិថុនា លោកបានផុសរូបBackground ពណ៌ខ្មៅនិងក្រហម ភ្ជាប់ជាមួយរូបស្ទកកឺរបិទភ្នែក បែប (Sad) បញ្ជាក់ថា លោកកំពុងតែខូចចិត្ត។

 អ្នកនាង សារ៉ាយ សក្ខណា បានខម្មិនលើកទឹកចិត្តលោកលឹម ជាឡាយ ថា «មិនអីទេបង គ្រប់គ្នាបានស្គាល់ពីបង គេដឹងថា បងជាមនុស្សបែបណាហើយ  រឿងកើតឡើង មកពីការភ័យខ្លាច តែសំខាន់ បងបានដោះស្រាយហើយ»។

គួរបញ្ជាក់ថា លោកលឹម ជាឡាយ អតីត Freshie បានហក់ចូលសិល្បៈ ជាង១០ឆ្នាំហើយ ដែលធ្លាប់សាងស្នាដៃលេចធ្លោជាច្រើន ដូចជា សម្ដែងរឿង «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់», «មន្ដស្នេហ៍ក្រមុំបាយឆា», «បាបប្រពន្ធដើម», «និស្ស័យ» និងភាពយន្ដជាច្រើនទៀតរបស់ LD ។

តារារូបសង្ហា ជាឡាយ ធ្លាប់ត្រូវបានគេសង្ស័យថា លោកជាអតីតសង្សាររបស់អ្នកនាង កែវ និសា  និងក្រោយមក មានដំណឹងថា លោកនិងស្រីស្អាត គៀត សុវណ្ណាឡាង ស្និទ្ធគ្នាលើសពីធម្មតា ដូចជាថើបគ្នាឲ្យ Fan មើលទៀតផង។ ប៉ុន្ដែរឿងនេះ ត្រូវបានសុវណ្ណាឡាង ទាត់ចោល និងផ្ទុះកំហឹងជាខ្លាំង ។  ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកជាឡាយ លែងហ៊ានបណ្ដើរស្រីស្អាតណាជាចំហ ទៀតហើយ និងស្រាប់តែសុខៗ ល្បីរឿងបើកឡានបុកគេ សងអស់ ៤០០ដុល្លារ ទាំងកណ្តាលយប់ ស្របពេលដែល Fan ថា នេះសំណាងធំហើយ ដែលលោកមិនបង្កឲ្យមានស្នាមរបួស ឬគ្រោះថ្នាក់ដល់ជីវិតមនុស្ស ៕

RELATED ARTICLES