ខេត្តស្វាយរៀង ៖ រថយន្តដឹកកម្មករ ១គ្រឿង មានដឹកកម្មករ-កម្មការិនី ពេញរថយន្ត បើកបរក្នុងល្បឿនលឿន លុះគេចពីម៉ូតូនៅខាងមុខ ដាច់ហ្វ្រាំង ក្រឡាប់ទាំងកំរោល បង្កឱ្យកម្មករ-កម្មការិនី សរុបចំនួន២៧នាក់ បានរងរបួសធ្ងន់-ស្រាល និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកកម្មករនេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង១០នាទីព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចខាងមុខសាលាបឋមសិក្សាម្រាក ក្នុងភូមិម្រាក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកកម្មករ ១គ្រឿងម៉ាកសាំងយ៉ុង ពណ៌លឿង ដឹកកម្មករសរុប ៤០នាក់ ចេញមកពីភូមិបឹង ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង លុះធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតក្រឡាប់ទាំងកំរោលតែម្តង បណ្តាលឱ្យចាក់កម្មករ កម្មការិនី ចេញ ពីរថយន្ត រងរបួសធ្ងន់-ស្រាល សរុប២៧នាក់ ក្នុងនោះរបួសធ្ងន់ ៥នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ អ្នកបើកបររថយន្តបើកបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន លុះពេលជួបឧបសគ្គ មានម៉ូតូនៅពីមុខ ក៏បើកគេចម៉ូតូ ធ្វើឱ្យដាច់ហ្វ្រាំង ទើបបណ្តាលឱ្យក្រឡាប់ផ្ងារជើង ចាក់កម្មករ កម្មការិនី ចេញពីរថយន្តតែម្តង។

លោកស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រោយកើតមានហេតុ ការណ៍គ្រោះថ្នាក់ខាងលើ មន្ត្រីជំនាញរបស់ក្រសួង ដែលមានទាំងមន្ទីរការងារនិងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) រួមជាមួយអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ បានជួយអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះដែលរងរបួស ទៅកាន់មន្ទីរពេទ្យភ្លាមៗ។

បើតាមអ្នកនាំពាក្យ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងខាងលើ គឺបណ្តាលមកពីរថយន្តដាច់ហ្វ្រាំង ធ្វើឱ្យក្រ ឡាប់ និងបណ្តាលឱ្យកម្មករ កម្មការិនី ចំនួន២៧នាក់ រងរបួស ក្នុងនោះរបួសធ្ងន់ ៥នាក់ និងរបួសស្រាល ២២ នាក់។ ក្នុងស្មារតីយកចិត្តទុកដាក់ដល់បងប្អូនកម្មករ ក្រុមការងារជំនាញ របស់ក្រសួង បន្តយកចិត្តទុកដាក់តាមដាននិងសម្របសម្រួលជាមួយមន្ទីរពេទ្យ ជាប្រចាំ។

ជាមួយគ្នានេះ លោកស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវយ៉ាង ទទួច ឱ្យអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករ គោរពច្បាប់ចរាចរណ៍ ពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត មុនពេលធ្វើដំណើរ និងយោគយល់គ្នាជាទីបំផុត លើដងផ្លូវ ដើម្បីកុំឱ្យកម្មករដែលជាអ្នកប្រើប្រាស់សេវា បន្តក្លាយ ជាជនរងគ្រោះ៕





