ខេត្តស្វាយយរៀង ៖ ក្មេងទំនើង ១ក្រុម បាននាំគ្នាដើរលេងដាច់យប់ មិនព្រមចូលផ្ទះ ដោយទៅអង្គុយប្រមូលផ្តំគ្នានៅមាត់ទន្លេ យ៉ាងអនាធិបតេយ្យ ត្រូវបានកម្លាំងសមត្ថកិច្ចល្បាត ប្រទះឃើញ ឃាត់សាកសួរ នាំយកមកអប់រំ កោរសក់ និងឱ្យបញ្ឈប់ការដើរលេងដល់យប់ជ្រៅ តទៅទៀត។

ការឃាត់ខ្លួនក្រុមក្មេងទំនើងដើរលេងដាច់យប់នេះ បានធ្វើឡើង កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រា ត្រ ឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ក្មេងទំនើង ទាំង៥នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះចាប សុវណ្ណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី មានលំនៅ ភូមិព្រៃរំដួល ឃុំប្រសូតិ ក្រុងស្វាយទាប។ ទី២-ឈ្មោះរិន វឌ្ឍនៈ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប។ ទី៣-ឈ្មោះប៉ាន់ សឺឌី ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរជាងពិដាន មានលំនៅ ភូមិពោធិវង្ស ឃុំប្រសូតិ ស្រុកស្វាយទាប។ ទី៤-ឈ្មោះសាន ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពោធិ៍តាហោ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង និងទី៥-ឈ្មោះទេព ដាណេ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា អនុវត្តតាមបញ្ជាណែនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នង ការនគរបាលខេត្តស្វាយរៀង កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានបន្តដឹកនាំកម្លាំងសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចេញល្បាតក្នុងភូមិសាស្ត្រក្រុងស្វាយរៀង បានប្រទះឃើញក្មេង ១ក្រុម មានគ្នា ៥នាក់ ជិះម៉ូតូ ២គ្រឿង ជួបជុំគ្នានៅចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មិនទៅផ្ទះ ក៏បានហៅមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីធ្វើការអប់រំណែនាំ។

ក្មេងទំនើង ទាំង៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំយកមកធ្វើការអប់រំណែនាំ កោរសក់ និងឱ្យឈប់ប្រមូលផ្តុំគ្នាដើរលេងរហូតដល់យប់ជ្រៅបន្តទៀត និងបានឱ្យអាណាព្យាបាល យកទៅអប់រំនៅផ្ទះបន្ថែមទៀត៕