ភ្នំពេញ ៖ រថយន្តឡិចស៊ីស៤៧០ ជារថយន្តរបស់នគរបាលខេត្តកណ្ដាល កំពុងតែបើកបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ក៏ត្រូវរថយន្តរបស់មេធាវី បើកបរក្នុងស្ថានភាពស្រវឹង បានបើកទៅបុកចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរងកាខូចខាតទាំងសងខាង តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សនៅក្នុងរថយន្ត។ ហេតុការណ៍នេះកើតឡើង១០និង៣០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ជិតសាលារៀន អាយ អាយ ស៊ី ផ្លូវជាតិលេខ២ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តឡិចស៊ីស៤៧០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Q-9313 ជិះគ្នា4នាក់ អ្នកបើកបរជានគរបាលខេត្តកណ្កាល បានធ្វើដំណើរតាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងត្រឡប់ក្រោយ ពេលកំពុងតែបត់បានពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានបុរសម្នាក់ជាមេធាវី បើករថយន្តក្នុងស្ថានភាពស្រវឹងស្រា បានបើករថយន្តបង្កម៉ាកតូយ៉ូតាព្រុស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-7736 បានធ្វើដំណើរតាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន និងស្រវឹងផងនោះ ក៍ជ្រុលទៅរថយន្តឡិចស៊ីស ដែលកំពុងបត់ត្រឡប់ក្រោយចំពាក់កណ្តាលពេញទំហឹង រុញផ្ទុបជាប់គ្នា ទៅមុខលែងបាន ធ្វើឲ្យរថយន្តឡិចស៊ីស ក្រពិតមួយចំហៀងខាងស្ដាំ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អ្នកជិះក្នុងរថយន្តនោះទេ។ ដោយឡែករថយន្តបង្កតូយ៉ូតាព្រូស បានរងការខូចខាតក្រពិតផ្នែកខាងមុខ កៀបជាប់និងរថយន្តឡិចស៊ីស តែមិនគ្រោះថ្នាក់ដល់អ្នកបើកបរដូចគ្នា ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីបង្កគ្រោះថ្នាក់រួចហើយ បុរសជាអ្នកបើករថយន្តព្រុស បានចុះពីលើរថយន្តក្នុងស្ថានភាពស្រវឹង បានស្រែកប្រាប់ថា រូបគាត់ជាមេធាវី រួចហើយបានទាមទារឲ្យខាងរថយន្តឡិចស៊ីសសងសំណង តែពេលនោះដែរ ខាងរថយន្តឡិចស៊ីស ហួសចិត្តបុកគេហើយ បានទាមទារឲ្យគេសងទៀត រហូតដល់មានការជជែកតឹងសរសៃកដាក់គ្នា ពេលនោះដែរ ខាងរថយន្តព្រុសដែលអាងខ្លួនជាមេធាវី បានហៅគ្នីគ្នា បើករថយន្តមួយគ្រឿងទៀត មកដឹកបម្រុងគេចខ្លួន តែត្រូវបានសមត្ថកិច្ចនៅក្នុងហេតុការណ៍នោះ បានជួយឃាត់ខ្លួនបានមកវិញ។
ក្រោយពេលកើតហេតុ ឃើញមានតំណាងខាងរថយន្តរបស់មេធាវីបានចេញមុខមកសម្របសម្រួលជាមួយខាងរថយន្តឡិចស៊ីស បានបានឯកភាពគ្នាយករថយន្តឡិចស៊ីស ទៅជួសជុលឲ្យវិញ ដើម្បីបញ្ចប់រឿង ៕