ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូជែងរថយន្តមួយគ្រឿង ចូលទៅចំណីផ្លូវម្ខាងទៀត ជ្រុលទៅបុកនិងរថយន្តហាយឡែនឌឺ មួយគ្រឿង ដែលកំពុងបើកបញ្ច្រាសទិសគ្នា ចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូហោះផ្លោងផ្ទប់ទៅកញ្ចក់រថយន្តបោកក្បាលហូរឈាមស្លាប់ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ទុលមុខបុរីពិភពថ្មី ផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
សពជនរងគ្រោះមានឈ្មោះ មុំ រតនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមន្ត្រីអង្គរក្ស ស្នាក់នៅក្នុងបន្ទាយ មានស្រុកកំណើតនៅភូមិជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះខាងលើ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1M-9910 បានធ្វើដំណើរតាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូបានបើកវ៉ាជែងរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នា ធ្វើឲ្យម៉ូតូចូលទៅចំណីផ្លូវម្ខាងទៀត ជ្រុលទៅបុករថយន្ត ម៉ាកហាយឡែនឌឺ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AJ-7332 ធ្វើដំណើរតាមផ្លូវបញ្ច្រាស់ទិសគ្នា ពីកើតទៅលិច ចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូហោះផ្លោងផ្ទប់កញ្ចក់រថយន្ត បោកក្បាលហូរឈាមបាក់កស្លាប់នៅនឹងកន្លែងតែម្ដង ចំណែកម៉ូតូរងការខូចខាតខ្ទេចផ្នែកខាងមុខស្ទើរតែទាំងស្រុង។ ដោយឡែកខាងរថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខចំហៀងស្តាំ និងកញ្ចក់ខាងមុខផ្នែកខាងស្តាំ ពេលនោះដែលអ្នកបើករថយន្តបានបើករថយន្តរត់ចេញពីកន្លែងកើតហេតុ១០០ម៉ែត្រ បានទុករថយន្តចោល រួចរត់គេចខ្លួនបាត់ស្រមោល។
ចំណែកសាច់ញាតិរបស់ជនរងគ្រោះដែលចុះមកដល់កន្លែងកើតហេតុ បានអះអាងថា រថយន្តនិងម៉ូតូបើកស្របទិសគ្នា ហើយរថយន្តបើកបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗ។
បន្ទាប់ពីកើតហេតុ ឃើញមានសាច់ញាតិរបស់ជនរងគ្រោះបានមកយំសោកបោកខ្លួន ឱបសពជនរងគ្រោះទាំងអារម្មណ៍សោកស្ដាយបំផុត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានទៅដល់ រួចហើយបានប្រគល់សពជនរងគ្រោះទៅអោយក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យនៅវត្តព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ចំណែកម៉ូតូនិងរថយន្ត ត្រូវសមត្ថកិច្ចបានធ្វើវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ៕