Friday, September 26, 2025
Homeព័ត៌មានជាតិហាងខារ៉ាអូខេចំនួន៥ នៅផ្លូវម៉ៃដា បង្កហិង្សាដណ្តើមម៉ូយ ត្រូវគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះបិទផ្អាក

ហាងខារ៉ាអូខេចំនួន៥ នៅផ្លូវម៉ៃដា បង្កហិង្សាដណ្តើមម៉ូយ ត្រូវគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះបិទផ្អាក

ភ្នំពេញ ៖ ហាងខារ៉ាអូខេចំនួន៥កន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំកម្លាំងចម្រុះ ចុះបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្ន កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីបុគ្គលិកហាងទាំងនោះបង្កជម្លោះ ប្រដាប់ដោយដុំថ្ម ដំបង សំបកដប បើកឆាកប្រយុទ្ធគ្នាក្នុងសង្រ្គាមដណ្តើមម៉ូយ កាលពីយប់ថ្ងៃទី១៣ ែខកញ្ញា បង្កឲ្យអសន្តិសុខ ចលាចលក្នុងមូលដ្ឋាន ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ហាងបង្កបញ្ហាកាលពីយប់ថ្ងៃទី១៣ ខែកញ្ញា កន្លងមក មានចំនួន៥កន្លែងផ្សេងគ្នា ទី១. សែនអាល័យ២ KTV ទី២. រស្មីម៉ៃដា KTV  ទី៣. មានលាភ KTV.  ទី៤ វិចិត្រថ្មី KTV និងទី៥ ស្រីលំដាប់ KTV ។

តាមអាជ្ញាធរបានឲ្យដឹងថា កន្លងមក ម្ចាស់ហាងផឹកសុីខារ៉ាអូខេ ត្រូវបានហៅទៅធ្វើការអប់រំពន្យល់ណែនាំស្តីអំពីកិច្ចសហការ រក្សាសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន តែផ្ទុយទៅវិញ ម្ចាស់ហាងមួយចំនួននៅតែបណ្តែតបណ្តោយឲ្យបុគ្គលិកបង្កបញ្ហាជម្លោះដណ្តើមម៉ូយគ្នាយ៉ាងអាណាធិបតេយ្យ ។

តាមប្រជាពលរដ្ឋបានលើកឡើងថា ហាងខារ៉ាអូខេតាមផ្លូវ២០០៤ ត្រង់ចំណុចភូមិត្រពាំងល្វា សង្កាត់កាកាប មួយចំនួន ហាក់បីដូចជាផ្គើនទៅនឹងបម្រាមការអប់រំណែនាំរបស់អាជ្ញាធរ សមត្ថកិច្ច មិនចូលរួមសហការ រួមចំណែករក្សាសន្តិសុខ ភូមិឃុំមានសុវត្តិភាព ពេលដែលឃើញម៉ូយម្តងៗឆ្លងកាត់ ដូចឃើញម៉ែមកពីផ្សារ ប្រៀបបានខ្លាឃើញសាច់ ដណ្តើមទាញអូស ដើម្បីប្រយោជន៍ហាងរៀងៗខ្លួន បង្កជម្លោះដាក់គ្នា ព្រោះរឿងដណ្តើមម៉ូយជាញយដងទៅហើយ មកដល់យប់ថ្ងៃទី១៣ ខែកញ្ញានេះ មានហាងចំនួន៥ ផ្ទុះសង្រ្គាមដណ្តើមម៉ូយ រហូតដល់ប្រដាប់ដោយដុំថ្ម ដំបង សំបកដបគប់ វាយគ្នាបង្កភាពអាណាធិបតេយ្យ ទទួលរងខូចខាតសម្ភារៈ ម៉ូតូ រហូតដល់កម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់ ទើបក្រុមបង្កបញ្ហារត់គេចចែកជើងគ្នាបាត់អស់ ។

ភាពអសន្តិសុខបង្កឡើងដោយជម្លោះ ព្រោះដណ្តើមម៉ូយរបស់ហាងទាំងនោះ លុះនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ គណបញ្ជាការឯកភាពខណ្ឌ ដឹកនាំដោយលោក យិន គា នាយករដ្ឋបាលសាលាខណ្ឌពោធិ៍សែនជ័យ ចុះបិទផ្អាកអាជីវកម្មហាងចំនួន៥ ជាបណ្តោះអាសន្ន និងដកហូតសម្ភារៈឧបករណ៍បំពងសំឡេង ទូរទស្សន៍មួយចំនួនទៀត យកទៅរក្សាទុកនៅសាលាខណ្ឌរង់ចាំសម្រេចជាក្រោយ ៕

RELATED ARTICLES