ភ្នំពេញ ៖ បុរសម្នាក់ដឹកសង្សារខ្លួនជិះម៉ូតូម៉ាក SL ពណ៌ទឹកប្រាក់ បើកឆ្លងស្តុប BS មិនបានប្រយ័ត្ន ក៏ត្រូវម៉ូតូ SL មួយគ្រឿងទៀត បុកបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវកម្ពុជាក្រោម នៅចំណុចស្តុប BS ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។
សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1FQ-6441 ធ្វើដំណើរមកតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចគ្នា ខណៈពេលមកដល់ចំណុចកើតហេតុខាងលើត្រង់ស្តុបបែកជាបួន ហើយម៉ូតូម្ខាងទៀតម៉ាកSL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1AF-3646 ដូចគ្នា ជិះគ្នា២នាក់សង្សារ ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងលឿនដូចគ្នាចាប់ហ្វ្រាំងអត់ទាន់គេចគ្នាអត់ផុត ទើបបណ្តាលឲ្យបុកគ្នាដួលទាំងសងខាងរងរបួសធ្ងន់ម្នាក់និងស្រាល២នាក់សង្សារ ភ្លាមៗនោះដែររថយន្តសង្គ្រោះបានមកដល់ដឹកយកជនរងគ្រោះយកទៅព្យាបាលនៅគ្លីនិកហុងហាក់ ទាំង៣នាក់ រីឯម៉ូតូភាគីទាំងសងខាងក៏អត់មានខូចខាតអីធ្ងន់ធ្ងរនោះទេ ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ខណៈពេលដែលជនរងគ្រោះត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនោះបុរសម្នាក់ដែលរងរបួសធ្ងន់ជិះម៉ូតូតែម្នាក់ឯង បានជ្រុះកាបូបលុយ ត្រូវបានប្រជាពលរដ្ឋរើសបានប្រគល់ឲ្យសមត្ថកិច្ចយកទៅរក្សាទុក ក្នុងកាបូបនោះមានលុយចំនួន400$ ទូរស័ព្ទដៃម៉ាក iPhone 6 មួយគ្រឿង និង iPhone 5 មួយគ្រឿង ។
ក្រោយពេលកើតហេតុម៉ូតូភាគីទាំងសងខាង ត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន៕