Friday, September 26, 2025
Homeព័ត៌មានជាតិចេញពីខួបកំណើត ស្រវឹងស្រាបើករថយន្តលឿនបុកបង្គោលភ្លើងក្រឡាប់ រងរបួសបែកក្បាល

ចេញពីខួបកំណើត ស្រវឹងស្រាបើករថយន្តលឿនបុកបង្គោលភ្លើងក្រឡាប់ រងរបួសបែកក្បាល

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត​ចេញមកពីខួបកំណើត​ នៅម្តុំព្រែកលៀប ត្រឡប់ទៅផ្ទះវិញបើកលឿនពេកធ្លាក់ចូលជង្ហុករេចង្កូតជ្រុលបុកខឿន បណ្តាលឲ្យក្រឡាប់ផ្ងារជើងផ្លោងបុកបាក់បង្គោលភ្លើងបំភ្លឺផ្លូវមួយដើម ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១​យប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចមុខផ្ទះសំណាក់មហាលាភ ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកហ្វិត ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2F-8708 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ទើបតែចេញមកពីខួបកំណើតនៅ​មុខសាលាសង្កាត់ព្រែកលៀប គោលបំណងទៅផ្ទះនៅម្តុំភ្នំពេញថ្មី ខណៈពេលបើកចេញមកវិញ មកដល់ចំណុចកើតហេតុ ដោយសារតែអ្នកបើកបរស្រវឹងបើកលឿនពេក ណាមួយអត់មានភ្លើងបំភ្លឺផ្លូវផងនោះ ស្រាប់តែបើកធ្លាក់ជង្ហុករេចង្កូតជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវផ្លោងទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យបាក់ខ្ទាតជាង១០ម៉ែត្រ​ ចំណែកឯរថយន្តវិញក្រឡាប់ផ្ងារជើងឡើងលើរងការខូចខាតខ្ទេចទាំងស្រុង និងផ្ទុះពោងទាំងសងខាង រីឯម្ចាស់រថយន្តបង្កវិញរងរបួសស្រាល គ្រាន់តែបែកក្បាលតែប៉ុណ្ណោះ សំណាងល្អហើយមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ គ្រាន់ខូចខាតព្រទ្យសម្បត្តិរបស់រដ្ឋតែប៉ុណ្ណោះ ភ្លាមៗនោះដែរម្ចាស់រថយន្តបង្កបំរុងនឹងរត់គេចខ្លួនត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសួរនាំ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន ចំណែកឯរថយន្តបង្កវិញត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕

RELATED ARTICLES