ភ្នំពេញ ៖ យុវជនជាកម្មកររោងចក្រម្នាក់ ក្រោយវិលត្រឡប់មកពីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ ឯស្រុកកំណើតវិញ សង្ស័យសង្សារបែកចិត្តមានអ្នកថ្មី ទើបតូចចិត្ត សម្រេចបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួល បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ជួល ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
សាកសពមានឈ្មោះ ឧត្តម អុល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតភូមិតាតៃ ឃុំញ៉ែញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា យុវជនរងគ្រោះមានស្នេហាជាមួយនារីម្នាក់ជាកម្មការិនីរោងចក្រជាមួយគ្នា តែមួយរយៈនេះ ស្នេហារបស់ពួកគេត្រូវបានបែកបាក់ ខាងស្រីសុំបែក ហើយមានស្នេហាថ្មីបាត់ទៅ ស្របពេលដែលឱកាសបុណ្យភ្ញុំបិណ្ឌមកដល់ ជនរងគ្រោះក៏ដូចជាកម្មករ ប្រជាពលរដ្ឋផ្សេងៗទៀត ត្រូវបានចាកចេញទៅស្រុកកំណើតរៀងៗខ្លួនអស់ទៅ ។ សម្រាប់ជនរងគ្រោះវិញ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ក៏បានវិលត្រឡប់មកផ្ទះជួលវិញកាលពីរសៀលថ្ងៃទី២២ ខែកញ្ញា សម្ងំក្នុងបន្ទប់បាត់ លុះរហូតដល់វេលាម៉ោងខាងលើ មិនបានឃើញជនរងគ្រោះចេញក្រៅសោះ ខុសប្លែកពីសព្វដង កើតក្តីសង្ស័យ ក៏បង្ហើបបង្អួចមើល ស្រាប់តែប្រទះឃើញចងកស្លាប់បាត់ទៅហើយ ទើបនាំគ្នាផ្អើលឆោឡោ ។
សាកសពក្រោយពីប្រទះឃើញចងកស្លាប់ក្នុងបន្ទប់ សមត្ថកិច្ចចុះទៅពិនិត្យដល់កន្លែងកើតហេតុ ដោយយកខ្សែចងភ្ជាប់នឹងធ្នឹមបន្ទប់ ហើយក្រោយពីនគរបាលជំនាញ ចុះពិនិត្យកោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយចងកធ្វើអត្តឃាតដោយខ្លួនឯង ហើយទាក់ទងទៅក្រុមគ្រួសារមកដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕