ភ្នំពេញ ៖ បុរសម្នាក់បានទូរស័ព្ទហៅប្អូនស្រីរបស់ខ្លួននៅឯស្រុកកំណើត ឱ្យឡើងមកធ្វើការនៅភ្នំពេញ ជាមួយខ្លួន ព្រោះកន្លែងធ្វើការកំពុងខ្វះមនុស្ស លុះប្អូនស្រីឡើងជិះរថយន្តឈ្នួលមកតែម្នាក់ឯង មកដល់ភ្នំពេញ ក៏ចុះបាត់ខ្លួនរហូត ទើបធ្វើឱ្យបងប្រុសភ័យឆោឡោដើរតាមស្វែងរកមិនឃើញ ក៏រត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកប្អូនស្រីត្រឡប់មកវិញ។
ករណីបាត់ប្អូនស្រីក្រមុំនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចប៉ុស្តិ៍នគរបាល រដ្ឋបាលភ្នំពេញថ្មី ស្ថិតក្នុងខណ្ឌសែនសុខ។
នារីក្រមុំដែលបាត់ខ្លួនដោយមិនដឹងមូលហេតុនោះ មានឈ្មោះសឿ ឡុង អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង បានបាត់ខ្លួនកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈដែលជិះរថយន្តឈ្នួលចេញពីផ្ទះឯខេត្តព្រៃវែង មកឈប់ចុះត្រឹមស្តុបម៉ុង ប្ញទ្ធី ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមសម្តីបុរសឈ្មោះសឿ កំសត់ អាយុ៣៤ឆ្នាំ មុខរបរកម្មករលាងម៉ូតូ ស្នាក់នៅកន្លែងធ្វើការក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងត្រូវជាបងប្រុសបង្កើតរបស់នារីដែលបាត់ខ្លួន បានរៀបរាប់ប្រាប់ថា ប្អូនស្រីរបស់គាត់ម្នាក់នេះ មិនមានមុខរបរអ្វីនោះទេ ហើយសព្វថ្ងៃ នាងរស់នៅផ្ទះឯខេត្តព្រៃវែង ជាមួយក្រុមគ្រួសារ និងមិនធ្លាប់ស្គាល់ទឹកដីក្រុងភ្នំពេញនោះទេ។ នៅមុនពេលកើតហេតុ គាត់បានទូរស័ព្ទទៅហៅប្អូនស្រីឱ្យឡើងមកធ្វើការនៅភ្នំពេញ ជាមួយគាត់ជាបងប្រុស ព្រោះនៅកន្លែងលាងម៉ូតូដែលគាត់កំពុងបម្រើការរាល់ថ្ងៃ កំពុងខ្វះបុគ្គលិក ចំណែកប្អូនស្រីរបស់គាត់ក៏ចង់ធ្វើការដែរ ទើបគាត់បានប្រាប់ឱ្យរថយន្តឈ្នួលអ្នកស្គាល់គ្នាចូលទៅទទួលប្អូនស្រីចេញពីផ្ទះឯខេត្តព្រៃវែង ដើម្បីដឹកមកដល់កន្លែងដែលគាត់កំពុងធ្វើការ។
បុរសជាបងប្រុសរូបនេះ បន្តថា លុះមកដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្អូនស្រីរបស់គាត់ក៏បានឡើងជិះរថយន្តឈ្នួលចេញពីផ្ទះសំដៅមកភ្នំពេញ ហើយគាត់ចេះតែទាក់ទងតាមទូរស័ព្ទទៅកាន់តៃកុងរថយន្តឈ្នួលរហូត ចង់ដឹងថាប្អូនស្រីមកដល់ណាហើយ។ ស្រាប់តែមកដល់វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែល ខណៈដែលរថយន្តឈ្នួលធ្វើដំណើរមកដល់ចំណុចស្តុបម៉ុង ប្ញទ្ធី ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ស្រាប់តែប្អូនស្រីរបស់គាត់បានប្រាប់ឱ្យតៃកុងរថយន្តឈប់ រួចនាងក៏ចុះនៅចំណុចស្តុបនោះតែម្តង។ ចំណែកគាត់ ដោយចាំមើលផ្លូវប្អូនស្រីបាត់យូរពេក ទើបទូរស័ព្ទទៅសួរតៃកុងរថយន្តឈ្នួលម្តងទៀត ស្រាប់តែតៃកុងរថយន្តបានប្រាប់ថា “ប្អូនស្រីបងឯង បានសុំចុះតាំងពីស្តុបម៉ុង ប្ញទ្ធី ម៉្លេះ ហើយមិនដឹងទៅណាទៀតទេ…”។
បុរសជាបងប្រុស បានបញ្ជាក់ថា ក្រោយពីឮដំណឹងបែបនេះ គាត់ក៏ប្រញាប់ធ្វើដំណើរទៅតាមរកប្អូនស្រីនៅម្តុំស្តុបម៉ុង ប្ញទ្ធី ភ្លាមៗដែរ តែរកមិនឃើញសោះ មិនដឹងជាប្អូនស្រីទៅណា ទៅជាមួយអ្នកណា និងមានសុខទុក្ខយ៉ាងណានោះទេ ព្រោះនាងមិនធ្លាប់ស្គាល់ទឹកដីក្រុងភ្នំពេញ នោះទេ។ ដោយសារតែតាមរកប្អូនស្រីអស់ពីលទ្ធភាពនៅតែរកមិនឃើញ ទើបមកដល់ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា គាត់សម្រេចមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ជួយអន្តរាគមន៍តាមស្វែងរកប្អូនស្រីរបស់គាត់ត្រឡប់មកវិញតែម្តង៕