ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់បានរៀបការនឹងប្តីវ័យចំណាស់អស់រយៈពេល១០ឆ្នាំមកហើយ តែមិនធ្លាប់ស្គាល់សុភមង្គលម្តងណាសោះ ព្រោះតែប្តីចាស់គឺជាមនុស្សពូកែប្រចណ្ឌ ឱ្យតែឃើញប្រពន្ធលាបក្រែមថែមម្សៅមិនបាន តែងចោទប្រកាន់ថា ប្រពន្ធតែងខ្លួនរកប្រុស រួចក៏ចាប់ផ្តើមវាយដំច្រំធាក់ប្រពន្ធគ្មានស្វាង រហូតដល់ប្រពន្ធទ្រាំលែងបាន ក៏ប្តឹងសុំលែង តែត្រូវប្តីចំណាស់ចិត្តសឿងបោះសម្តីថា មិនិលែងដាច់ខាត ទុកប្រពន្ធគ្រាន់ធ្វើបាវសាក់។
ជម្លោះរវាងប្តីចាស់ និងប្រពន្ធក្មេងនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល តាមផ្លូវបេតុង ក្រុម១០ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
ភាគីបុរសជាប្តីដែលតែងវាយធ្វើបាបប្រពន្ធមិនស្វាង ព្រោះតែភ្លើងប្រចណ្ឌ មានឈ្មោះកែវ វិសាល អាយុ៥៣ឆ្នាំ មុខរបររត់ម៉ូតូឌុប។ ចំណែកភាគីស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះសុខ វណ្ណាទី អាយុ២៨ឆ្នាំ មុខរបររត់តុនៅហាង។ ប្តីប្រពន្ធខាងលើមានកូនប្រុសស្រី២នាក់ ក្នុងបន្ទុក សព្វថ្ងៃស្នាក់នៅបន្ទប់ជួលក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។
តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា ក្រោយពីនាងធំដឹងក្តីពេញវ័យក្រមុំមក ឪពុកម្តាយរបស់នាងក៏បានរៀបចំផ្សំផ្គុំឱ្យមានប្តីឈ្មោះកែវ វិសាល ដែលជាបុរសចំណាស់ពោះម៉ាយ មានអាយុចាស់ជាងនាងដល់ទៅ២៥ឆ្នាំ ហើយពួកនាងបានរៀបការនឹងគ្នាតាំងពីឆ្នាំ២០០៧មកម៉្លេះ រួមរស់មកដល់សព្វថ្ងៃ អស់រយៈពេល១០ឆ្នាំមកហើយ និងទទួលបានចំណងនិស្ស័យកូនប្រុសស្រី២នាក់។
ស្ត្រីរងគ្រោះបន្តថា ដោយសារតែស្ថានភាពជីវភាពក្រខ្សត់ពេក ទើបនាងចង់ជួយសម្រួលជីវភាពគ្រួសារ ក៏ចូលទៅធ្វើការងារជាអ្នករត់តុគុយទាវ ចំណែកប្តីរត់ម៉ូតូឌុប គ្រាន់បានកម្រៃគួបផ្សំគ្នាចិញ្ចឹមកូន។ ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះ លោកប្តីចំណាស់រូបនេះ បែរជាយកភ្លើងប្រចណ្ឌដាក់ខ្លួន គិតមិនបានដិតដល់ ស្តាប់តាមតែការញុះញុង់របស់អ្នកជិតខាង យករឿង ឬពាក្យសម្តីគេលេងសើច មកប្រកាន់ធ្វើជារឿងមែនទែន បង្កហិង្សាក្នុងគ្រួសារមិនស្វាង។
ស្ត្រីជាប្រពន្ធ បានឱ្យដឹងទៀតថា ប្តីរត់ម៉ូតូឌុបបានលុយ មិនដែលឱ្យលុយប្រពន្ធទុកដាក់នោះទេ ហើយកាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ ប្តីបានវាយធ្វើបាបនាង ដោយចោទប្រកាន់ថា នាងលួចមានសាហាយ និងថែមទាំងបានបណ្តេញនាងចេញពីផ្ទះម្តង អស់រយៈពេល១សប្តាហ៍ទៀតផង ទើបទៅសុំហៅនាងមករួបរួមគ្នាវិញ។ ស្រាប់តែមកដល់យប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ក៏ចាប់ផ្តើមកើតរឿងសារជាថ្មី ដោយសារលោកប្តីស្តាប់ការលេងសើចរបស់គេ ក៏ផ្ទុះកំហឹងទៅរកនៅហាងមិនឃើញ បែរជាចោទប្រកាន់ថា នាងលួចទៅជួបប្រុសសហាយ ប្រើហិង្សាវាយទាត់ធាក់ ចោទថា នាងចេញទៅដេកជាមួយប្រុស បានលុយ២០០ដុល្លារទៅវិញ ទាំងដែលនាងមិនដឹងខ្លួនសោះ។
ស្ត្រីអភ័ព្វខាងលើ បន្តរៀបរាប់ទាំងទឹកភ្នែកថា ប្តីនាងពិតជាត្រចៀកសខ្លាំងណាស់ លុយកាក់រកបានមិនដែលឱ្យប្រពន្ធ១រៀល ទុកឱ្យប្រពន្ធទទួលរ៉ាប់រងបន្ទុកគ្រួសារសព្វគ្រប់បែបយ៉ាង ពឹងលើប្រាក់ខែត្រដាបត្រដួស ឈានដល់ជំពាក់លុយគេ៤០០ដុល្លារ ស្រាប់តែប្តីមិនទទួលចូលរួមដោះស្រាយ មិនតែប៉ុណ្ណោះ ថែមទាំងបង្ករករឿងប្រចណ្ឌនាងមិនស្វាង គ្រាន់តែនាងលេបក្រែមថែមម្សៅតិចតួច មិនបានដាច់ខាត ដឹងតែរករឿងថា នាងតែងខ្លួនរកប្រុស ហើយទោះជានាងប្រឹងពន្យល់ហេតុផលយ៉ាងណា ក៏ប្តីមិនខ្ចីយកត្រចៀកស្តាប់ដែរ។
ចំណែកភាគីបុរសជាប្តីទោះប្រពន្ធនិយាយបកស្រាយបំភ្លឺយ៉ាងណាក៏ដោយ ដឹងតែបន្តចោទប្រកាន់ថា ប្រពន្ធមានប្រុសសហាយតាមកំហឹងភ្លើងប្រចណ្ឌរបស់ខ្លួន។ រហូតដល់ភាគីប្រពន្ធទ្រាំមិនបាន ទាមទារសុំលែងលះ បែរជាប្តីឆ្លើយយ៉ាងរំភើយថា មិនលែងដាច់ខាត ទុកប្រពន្ធគ្រាន់ធ្វើជាបាវសាក់។
ក្នុងការសម្របសម្រួលគ្នានៅប៉ុស្តិ៍នគរបាល សមត្ថកិច្ចបានត្រឹមតែឱ្យភាគីបុរសជាប្តីធ្វើកិច្ចសន្យាបញ្ឈប់អំពើហិង្សាប៉ុណ្ណោះ ចំណែករឿងលែងលះគ្នា រង់ចាំទៅជួបជាមួយមន្ត្រីសង្កាត់ ដើម្បីរកដំណោះស្រាយបន្តទៀត៕