Sunday, September 28, 2025
Homeព័ត៌មានជាតិឳពុកចេញទៅរកសុី ម្តាយដេកលង់លក់ កូនប្រុស១ខួបដើរធ្លាក់អណ្តូងទឹក

ឳពុកចេញទៅរកសុី ម្តាយដេកលង់លក់ កូនប្រុស១ខួបដើរធ្លាក់អណ្តូងទឹក

ខេត្តពោធិ៍សាត់ ៖ ក្មេងប្រុសម្នាក់បានដើររអិលជើងធ្លាក់ចូលអណ្តូងទឹកក្បែរផ្ទះ លង់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលឪពុកម្តាយរវល់ភ្លេចខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចអណ្តូងទឹកខាងលិចផ្ទះ ចម្ងាយប្រមាណ៥ម៉ែត្រ ស្ថិតក្នុងភូមិសានគរ ឃុំអន្សាចំបក់ ស្រុកក្រគរ។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកអណ្តូងស្លាប់ មានឈ្មោះធឿន ចាន់ណា អាយុ១ខួបកន្លះ រស់នៅក្នុងបន្ទុកគ្រួសារ និងជាកូនពៅ ក្នុងចំណោមបងប្អូន៣នាក់ មានឪពុកឈ្មោះហង្ស ឌុល អាយុ៤៧ឆ្នាំ ម្តាយឈ្មោះឈន ចាន់ធឿ អាយុ៣៥ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះអាចធ្លាក់ចូលក្នុងទឹកអណ្តូងលង់ស្លាប់ មុនការភ្ញាក់ផ្អើលឡើងប្រមាណ៣០នាទី នៅគ្រាដែលម្តាយដេកលក់ ពឹងលើបងៗមើល ខណៈឪពុករវល់ទៅរកស៊ី លុះម្តាយភ្ញាក់ឡើងបាត់កូនរកមិនឃើញ ទើបបង្កការឆោឡោឡើង ក៏នាំគ្នាចែកផ្លូវរត់រកក្បែរៗផ្ទះ តែរកមិនឃើញ លុះសង្ស័យទៅមើលក្នុងអណ្តូងទឹក ក៏ឃើញសក់ក្បាលអណ្តែតលើទឹក ទើបស្រង់ឡើង បង្កឱ្យមានការផ្អើលឆោឡោតែម្តង។

ប្រភពដដែលបន្តថា អណ្តូងទឹកនោះគ្មានលូ ឬខ្នោះនោះទេ ប៉ុន្តែគេបានធ្វើរបង និងហ៊ុំសំណាញ់ព័ទ្ធជុំវិញនោះដែរ តែកូនច្បងៗចេះតែហែកលេង ធ្វើឱ្យធ្លុះធ្លាយ ដូច្នេះក្មេងប្រុសរងគ្រោះវាអាចចូលតាមចន្លោះដែលរហែក ហើយទំនងជារអិលជើងរមាលធ្លាក់ចូលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន ពោលគឺពុំមានស្លាកស្នាមអ្វីគួរឱ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះឡើយ។ បន្ទាប់មកសមត្ថកិច្ចបានធ្វើ កំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES