Sunday, September 28, 2025
Homeព័ត៌មានជាតិម៉ូតូបើកលឿនដល់ផ្លូវកោង បួងចង្កូតចូលផ្លូវឡាន ត្រូវឡានបុកកិន

ម៉ូតូបើកលឿនដល់ផ្លូវកោង បួងចង្កូតចូលផ្លូវឡាន ត្រូវឡានបុកកិន

ភ្នំពេញ ៖ ជិះម៉ូតូលឿនពេកមកដល់ផ្លូវកោង បួងចង្កូតចូលទៅផ្លូវខាងរថយន្ត ធ្វើឲ្យរថយន្ត ដឹកដីបើកលឿនបុកពេញទំហឹង ចូលក្រោមរថយន្តទាំងម៉ូតូនិងមនុស្សកិនស្លាប់ បង្កឲ្យមាន ការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិកណ្ដៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

សពជនរងគ្រោះមានឈ្មោះ ខុន រ៉ាយុទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

 

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដមួ​យគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-313 ជា​រថយន្តដឹកដីបើកបរដោយបុរសម្នាក់ មិនស្គាល់អត្ដសញ្ញាណ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ចំណែកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ​ពណ៌ខ្មៅ ​ពាក់ស្លាកលេខភ្នំពេញ 1DG-8498 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចគ្នា មកដល់ចំណុចកើតហេតុជាផ្លូវកោង ម៉ូតូ​ជិះលឿន​ពេក ​បត់មិនទាន់បានបួងចង្កូតចូលទៅខាងផ្លូវរថយន្ត ធ្វើឲ្យរថយន្តបុកពេញទំហឹង ដួលចូលក្រោមរថយន្ដទាំងម៉ូតូនិង​មនុស្សត្រូវរថយន្តកិនស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម នៅកន្លែងកើតហេតុតែម្ដង ​ដោយ​ឡែកតៃកុងរថយន្ដបានចុះពីលើរថយន្ដរត់គេចខ្លួនបាត់ស្រមោល  បន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ ។

បើតាមសម្ដីប្រជាពលរដ្ឋបាន​លើកឡើងថា ផ្លូវបេតុងមួយខ្សែ​កើតហេតុខាងលើនេះ គេបានសង្កេតឃើញថា មានរថយន្ដប្រភេទធុនធំ បើកបរជារៀងរាល់ថ្ងៃ ហើយបើកបរក្នុងល្បឿនលឿនគ្មានប្រណីឡើយ ពួកគាត់មានការបារម្ភយ៉ាងខ្លាំងចំពោះកូនចៅរបស់គាត់តែងតែធ្វើដំណើរតាមផ្លូវបេតុងមួយខ្សែនេះ ដូច្នេះពួកគាត់បានស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន ឬក៏មន្រ្ដី ពាក់ព័ទ្ធចុះហាមឃាត់រថយន្ដទាំងអស់នោះ កុំឲ្យបើកបរឆ្លងកាត់ក្នុងល្បឿនលឿន ដែលអាចបង្កឲ្យ​មានគ្រោះថ្នាក់ដល់កូនចៅរបស់គាត់នៅថ្ងៃក្រោយទៀត ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ជួយសម្រួលចរាចរណ៍ និងទាក់ទងទៅសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងនិងអូសទាំងរថយន្ដម៉ូតូទៅរក្សាទុកដោះស្រាយគ្នាពេលក្រោយ ។

ចំណែកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES