ខេត្តព្រៃវែង ៖ បុរសម្នាក់ឆ្លៀតពេលឈប់សម្រាកពីការងារក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ក៏ជូនប្រពន្ធទៅលេងស្រុក រួចក៏ជួបជុំសាច់ញាតិខាងប្រពន្ធផឹកស៊ីនៅផ្ទះឪពុកក្មេក លុះក្រោយពេលស្រវឹងជោក ក៏កើតមានទំនាស់ពាក្យសម្តីជាមួយបងថ្លៃ រហូតដល់ទប់កំហឹងមិនបាន ក៏ទាញដុំថ្មវាយសំពងក្បាលបងថ្លៃ បណ្តាលឱ្យរយះក្បាលហូរឈាមជោកខ្លួន។
ករណីប្អូនថ្លៃស្រវឹងទាញដុំថ្មវាយបងថ្លៃ រយះក្បាលនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់បុរសជាឪពុកក្មេករបស់ជនដៃដល់ ឈ្មោះឌឹប ឆន ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិតាហ៊េល ឃុំរាធរ ស្រុកព្រះស្តេច។
ជនបង្កហេតុដែលវ៉ៃក្បាលបងថ្លៃឱ្យរងរបួសធ្ងន់ មានឈ្មោះស បូរើន អាយុ២៨ឆ្នាំ រស់នៅភូមិក្រញូង ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះ មានឈ្មោះគ្រី តុងហេង អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ រវាងជនបង្ក និងជនរងគ្រោះ ត្រូវជាសាច់ថ្លៃនឹងគ្នា ដោយជនបង្កត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលបានឈប់សម្រាកនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ជនសង្ស័យបាននាំប្រពន្ធទៅលេងស្រុកកំណើតនៅឯខេត្តព្រៃវែង។ លុះទៅដល់ផ្ទះឪពុកក្មេកឈ្មោះឌឹប ឆន ជនសង្ស័យរួមនឹងសាច់ញាតិខាងប្រពន្ធ ក្នុងនោះក៏មានជនរងគ្រោះម្នាក់ផង ដែលត្រូវជាបងថ្លៃរបស់ជនសង្ស័យ បានជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយតាំងពីថ្ងៃរសៀល។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៦និង៣០នាទីព្រលប់ ក្រោយពីផឹកស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ជនសង្ស័យនិងជនរងគ្រោះ ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា បន្ទាប់មកដោយជនសង្ស័យទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញដុំថ្មមកវាយសំពងជនរងគ្រោះជាបងថ្លៃចំក្បាល បណ្តាលឱ្យរងរបួសរយះក្បាលហូរឈាមស្រោចខ្លួនតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពឃុំរាធរ ដើម្បីព្យាបាលរបួស ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរ និងកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី៕