ខេត្តតាកែវ ៖ យុវជនឈាមរាវម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយឪពុកបង្កើតរបស់ខ្លួន រួចក៏ផ្ទុះកំហឹងទ្រាំមិនបានទាញកាំបិតច្នៃគប់សំដៅឪពុក តែសំណាងល្អមិនត្រូវ ឃើញបែបនេះ បុរសជាបងថ្លៃធ្វើជាយោធាខឹង ក៏ដកកាំភ្លើងបាញ់បង្អើលប្អូនថ្លៃជើងល្អចំនួន២គ្រាប់ ដើម្បីគំរាមកុំឱ្យប្អូនថ្លៃប្រើហិង្សាទៅលើឪពុកបន្តទៀត លុះសមត្ថកិច្ចចុះទៅដល់ ក៏ចាប់ឃាត់ខ្លួនបុរសជាខ្មាន់កាំភ្លើងនាំយកទៅចាត់ការតាមច្បាប់ ខណៈដែលជនសង្ស័យជាកូនប្រុសគប់ឪពុកបង្កើត១កាំបិត បានរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិតាស្រែន ឃុំខ្វាវ ស្រុកទ្រាំង។
ជនបង្កហេតុ ដែលគប់ឪពុក១កាំបិត មានឈ្មោះឆេង មករា អាយុ២៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ-ឃុំកើតខាងលើ។ ចំណែកបុរសរងគ្រោះជាឪពុក មានឈ្មោះឆេង ហឿន អាយុ៥៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា។ ដោយឡែកបុរសជាខ្មាន់កាំភ្លើង និងត្រូវជាកូនប្រសារបស់ជនរងគ្រោះ មានឈ្មោះឡោ ប៊ុនភក្ត្រ័ អាយុ៤២ឆ្នាំ មុខរបរយោធា អត្តលេខ៣៨៦៨ បម្រើការនៅកងពល “ង៧០” រស់នៅផ្ទះជាមួយឪពុកក្មេក និងមានស្រុកកំណើតនៅឃុំស្ពានស្រែ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះឆេង មករា បានកើតមានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះឈ្មោះឆេង ហឿន ត្រូវជាឪពុកបង្កើត បន្ទាប់មក ជនសង្ស័យក៏ទាញកាំបិតកែឆ្នៃ ទៅកាប់បំផ្លាញផ្លែចេករបស់ឪពុក លុះត្រូវឪពុកស្តីបន្ទោស ក៏ស្រាប់តែកូនប្រុសអកតញ្ញូរូបនេះ បានគប់កាំបិតសំដៅទៅឪពុក តែសំណាងល្អមិនត្រូវ។
ប្រភពដដែលបន្តថា នៅពេលប្រទះឃើញចរិតកោងកាចរបស់ជនសង្ស័យជាប្អូនថ្លៃបែបនេះ ទើបបុរសឈ្មោះឡោ ប៊ុនភក្ត្រ័ បានដកកាំភ្លើងខ្លីម៉ាករ៉ូឡូ បាញ់ចំនួនពីរគ្រាប់ឡើងលើ ពុំបណ្តាលឱ្យអ្នកណាម្នាក់រងរបួសស្នាមនោះទេ។
ក្រោយកើតហេតុ ជនសង្ស័យឈ្មោះឆេង មករា បានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកបុរសជាខ្មាន់កាំភ្លើង ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួន ដោយដកហូតបានវត្ថុតាង រួមមាន អាវុធខ្លីម៉ាករ៉ូឡូ ចំនួន១ដើម គ្រាប់ចំនួន៣គ្រាប់ និងសំបកគ្រាប់ចំនួន២គ្រាប់ កាតសំគាល់ខ្លួន១ កាំបិតកែឆ្នៃ១ នាំយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច បុរសឈ្មោះឡោ ប៊ុនភ័ក្ត្រ បានសារភាពថា គាត់ពិតជាបានបាញ់២គ្រាប់ឡើងទៅលើប្រាកដមែន មូលហេតុដោយសារតែគាត់បានឃើញប្អូនថ្លៃ (ជនសង្ស័យ) បានគប់ឪពុកក្មេក (ជនរងគ្រោះ) ១កាំបិត តែសំណាងល្អមិនរបួស ហេតុនេះទើបគាត់បានបាញ់បង្អើល និងគំរាម កុំឱ្យជនសង្ស័យប្រព្រឹត្តហិង្សាដាក់ឪពុកក្មេកទៀតប៉ុណ្ណោះ។
ករណីនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជួនខ្លួនបុរសជាខ្មាន់កាំភ្លើង ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕