ភ្នំពេញ ៖ បុរសម្នាក់ជាកម្មករអូសអីវ៉ាន់នៅផ្សារអូឬស្សី មិនស្គាល់អត្តសញ្ញាណ មានវ័យជាង៤០ឆ្នាំម្នាក់ ទៅរកបន្ទប់ជួល មិនទាន់បានជួបម្ចាស់ផ្ទះផង ចូលសម្រាកបានមួយភ្លែត គាំងបេះដូង ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១២៥ នៅចំណុចផ្ទះលេខ5E4 ស្ថិតនៅក្នុងក្រុម៣៥ ភូមិ៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
តាមសំដីពីម្ចាស់ផ្ទះជួល មានឈ្មោះប៉ុន សុខន ភេទស្រី អាយុ៥៩ឆ្នាំ ស្នាក់នៅផ្ទះលេខ5E4 ផ្លូវ១២៥ ភូមិ៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា បានឲ្យដឹងថា មុនពេលកើតហេតុគាត់ជាមនុស្សស្វិតជើង ហើយគាត់មិនបាននៅផ្ទះនោះទេ គឺបានចេញទៅច្រៀងជាមួយក្រុមតន្ត្រីជនពិការនៅម្តុំផ្សារដើមគរ ។ លុះពេលជិតដល់ម៉ោងកើតហេតុខាងលើ ក៏មានលោកមេប៉ុស្តិ៍បឹងព្រលិតទូរស័ព្ទមកប្រាប់គាត់ថា មានកម្មករដេកស្លាប់នៅក្នុងបន្ទប់ជួលរបស់គាត់ ទើបគាត់ប្រញាប់មកដល់កន្លែងកើតហេតុ ឃើញបុរសដែលស្លាប់ខាងលើមិនមែនជាអ្នកជួលផ្ទះគាត់នោះទេ គ្រាន់តែស្គាល់អ្នកជួលផ្ទះមុន ឈ្មោះធី ប៉ុន្តែអ្នកឈ្មោះធី នោះឈប់នៅហើយ ទើបជនរងគ្រោះដែលស្លាប់ខាងលើមករកជួលផ្ទះគាត់ ដើម្បីស្នាក់នៅ មិនឃើញគាត់ ហើយឃើញបន្ទប់លេខ៨ទំនេរ ក៏ចូលទៅសម្រាកមួយភ្លែត បានជួបរឿងបែបនេះតែម្តង។
បើតាមការបញ្ចាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលដែលកើតហេតុជនរងគ្រោះមកដល់ម៉ោង៥ល្ងាច ហើយជាកម្មករនៅក្នុងផ្សារអូរឬស្សី ចូលមកសម្រាកកនៅក្នុងបន្ទប់នោះបានតែមួយភ្លែត ក៏ស្រាប់តែមានសភាពមិនស្រួលខ្លួន មិត្តភក្តិដែលធ្លាប់ស្គាល់គ្នាបានចេញទៅទិញថ្នាំយកមកឲ្យ ពេលមិត្តភក្តិត្រឡប់មកវិញ ជនរងគ្រោះមិនទាន់ទាំងបានលេបថ្នាំផង ក៏ដាច់ខ្យល់ស្លាប់បាត់ទៅហើយ សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅឲ្យសមត្ថកិច្ចជំនាញក្រុង ចុះមកធ្វើកោសលវិច័យ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែជំងឺគាំងបេះដូងពិតមែន ហើយជនរងគ្រោះនៅមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ។
ក្រោយពេលកើតហេតុ សពរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅដំកល់នៅវត្ត
សំបួរមាស ៕