ភ្នំពេញ៖ មានករណីឃាតកម្មដ៏សាហាវយង់ឃ្នងមួយ ដោយបុរសជាប្តីបានអារ.ក សម្លាប់ប្រពន្ធខ្លួនឯង បណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម បន្ទាប់មកប្តីកំណាចរូបនោះ បានអារកសម្លាប់ខ្លួនឯងតាមក្រោយ តែមិនស្លាប់នោះទេ បានត្រឹមតែរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
នគរបាលខណ្ឌពោធិ៍សែន ប្រាប់ ថា បុរសជាប្ដីទើបចេញពីពន្ធនាគារកន្លះខែតែប៉ុណ្ណោះ ឈ្មោះ ចាន់ ជីវី អាយុ៣០ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិខាងលើ ដោយឡែកជនរងគ្រោះ ជាប្រពន្ធស្លាប់ នៅក្នុងបន្ទប់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ទើបតែមករស់នៅបន្ទប់ជួលកើតហេតុបាន៥ថ្ងៃប៉ុណ្ណោះ។
សមត្ថកិច្ចបានបន្ថែមថា មុនពេលកើតហេតុម្ចាស់ផ្ទះជួល បានឮសូរសំឡេងវាយប្រតាយប្រតប់គ្នានៅក្នុងបន្ទប់កើតហេតុ ហើយ្ចាស់ផ្ទះក៏បានចេញទៅមើល ឃើញជនសង្ស័យជាប្តីកំពុងអារកប្រពន្ធរបស់ខ្លួន ភ្លាមៗនោះដែរ ម្ចាស់ផ្ទះក៏បានរាយការណប្រាប់នគរបាលប៉ុស្តិ៍។ ពេលសមត្ថកិច្ចដឹកនាំកម្លាំងទៅដល់ផ្ទះកើតហេតុ ជនសង្ស័យជាប្តីបានរត់ឡើងដំបូលផ្ទះ ដោយយកកូនកាំបិតចាក់កខ្លួនឯង រួចលោតពីលើដំបូលចុះមកក្រោមសន្លប់តែម្តង។
ចំណែកមូលហេតុដែលនាំឲ្យមានករណីនេះបុរសជាប្តីអាករសម្លាប់ប្រពន្ធទាំងព្រឹកព្រលឹមនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់នៅឡើយនោះទេ៕