ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ធ្លាប់កើតមានជម្លោះជាមួយប្អូនថ្លៃម្តងរួចមកហើយ តែមិនឈានដល់ការប្រើអំពើហិង្សានោះទេ ដោយគ្រាន់តែបុរសជាបងថ្លៃចេះតែចងគំនុំជាមួយប្អូនថ្លៃជាប់រហូត លុះមានឱកាសល្អក៏ទាញដែកសរសៃវាយទៅលើប្អូនថ្លៃ បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់ ដោយស្រែកប្រាប់ថា នេះជាការដោះស្រាយគំនុំចាស់ បន្ទាប់មកក៏រត់គេចខ្លួនចោលស្រុកបាត់។
ករណីបងថ្លៃប្រើដែកសរសៃវ៉ៃប្អូនថ្លៃឱ្យរបួសធ្ងន់នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិកោះខ្ជាយ ឃុំរំលេច ស្រុកបាកាន។
យុវជនរងគ្រោះដែលត្រូវបងថ្លៃវាយឱ្យរងរបួសធ្ងន់ មានឈ្មោះម៉ៅ ជឿន អាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិប៉ាលហា ឃុំមុខរាណ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។ ចំណែកជនដៃដល់ មានឈ្មោះញឹម សុភ័ណ្ឌ អាយុ៣៣ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក ជនសង្ស័យនិងជនរងគ្រោះ ដែលជាបងប្អូនថ្លៃនឹងគ្នា ធ្លាប់កើតមានទំនាស់ពាក្យសម្តីនឹងគ្នាមកហើយ តែមិនបានវាយតប់គ្នានោះទេ ហើយចាប់តាំងពីនោះមក ជនសង្ស័យក៏ចេះតែចងគំនុំជាមួយនឹងជនរងគ្រោះជាប្អួនថ្លៃជាប់រហូត។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យក៏ទាញដែកសរសៃមួយកំណាត់ វាយទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសត្រង់ដៃខាងស្តាំ១កន្លែង ឆ្អឹងជំនីខាងស្តាំ១កន្លែង និងបែកក្បាល១កន្លែងទៀត ហើយពេលដែលវាយទៅលើជនរងគ្រោះនោះ ជនសង្ស័យបាននិយាយថា នេះគឺជាការដោះស្រាយគំនុំចាស់។
ក្រោយពីវាយជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់រួចមក ជនសង្ស័យបានរត់គេចខ្លួនចេញពីមូលដ្ឋានរស់នៅខាងលើ បាត់ស្រមោល ដោយបន្សល់ទុកវត្ថុតាងដែកសរសៃនៅនឹងកន្លែងកើតហេតុ។
ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារជួយដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ លុះក្រោយពេលក្រុមគ្រូពេទ្យរុំរបួសឱ្យរួច ជនរងគ្រោះកើតទុក្ខមិនសុខចិត្តជាមួយនឹងបងថ្លៃចិត្តកំណាច ក៏បានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមស្រាវជ្រាវចាប់ខ្លួន ជនសង្ស័យដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕