ខេត្តកណ្តាល ៖ មានករណីរំលោភសេពសន្ថវៈមួយបានកើតឡើងដោយសារតែមានបុរសម្នាក់បានលួចចូលតាមជញ្ជាំងផ្ទះខាងក្រោយដែលធ្វើពីស័ង្កសី បានទៅចាប់រំលោភលើនារីម្នាក់បានសម្រេច នៅវេលាម៉ោង០២និង០០នាទីរំលងអធ្រាត្រ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ យ៉ វ៉ាំងយិន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មដុតឡឥដ្ឋ មានស្រុកកណើតនៅភូមិយ៉ុងវៀក ឃុំតាំងហុង ស្រុកយិនបា ខេត្តដុងថាប ប្រទេសវៀតណាម សព្វថ្ងៃនេះមកស្នាក់នៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ចំណែកនារីរងគ្រោះឈ្មោះ យ.ទ.គ.ញ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករឡឥដ្ឋ មានស្រុកកំណើតនៅភូមិយ៉ុងវៀក ឃុំតាំងហុង ស្រុកយិនបា ខេត្តដុងថាប ប្រទេសវៀតណាម។
តាមប្រភពបានឲ្យដឹងថា ជនសង្ស័យនិងជនរងគ្រោះបានមកស្នាក់នៅធ្វើជាកម្មករឡឥដ្ឋ នៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាង១ឆ្នាំកន្លងមកហើយ លុះដល់ម៉ោង១៩និង០០នាទីយប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនរងគ្រោះបានឡើងដេកលើគ្រែក្នុងមុងតែម្នាក់ឯង ហើយទ្វារខាងមុខ ម្តាយនារីរងគ្រោះបានចាក់សោ ចំណែកឪពុកម្តាយជនរងគ្រោះបានដេកនៅលើគ្រែសំយាបខាងមុខផ្ទះ លុះដល់ម៉ោង០០និង០០នាទីឈានចូលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនរងគ្រោះបានក្រោកពីដំណេកទៅបទជើងតូចនៅបន្ទប់ខាងក្រោយ រួចក៏បានចូលមកដេកលើគ្រែវិញ ហើយជនរងគ្រោះពុំបានដាក់គន្លឹះទ្វារក្រោយនោះទេ ចំណែកជនសង្ស័យបានស្នាក់នៅផ្ទះជាប់ជញ្ជាំងផ្ទះជនរងគ្រោះចំហៀងខាងត្បូង លុះនៅវេលាម៉ោង០២និង០០នាទី ជនសង្ស័យបានលួចចូលតាមជញ្ជាំងផ្ទះខាងក្រោយដែលធ្វើពីស័ង្កសី បានទៅចាប់រំលោភលើជនរងគ្រោះបានសម្រេច ចំនួន១ដង រួចជនសង្ស័យបានគំរាមជនរងគ្រោះថា បើហ៊ានប្រាប់ឪពុកម្តាយ អញនឹងសម្លាប់ចោល ។
តាមប្រភពបានឲ្យដឹងទៀតថា ក្រោយពីជនរងគ្រោះបានប្រាប់ឳពុកម្តាយ នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទីទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្តាយនារីងគ្រោះបាននាំនារីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅអធិការនគរបាលស្រុកខ្សាច់កណ្តាល ហើយភ្លាមៗនោះកម្លាំងសមត្ថកិច្ចផ្នែកជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ បានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យបញ្ជូនជនសង្ស័យទៅកាន់តុលាការខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ៕