Sunday, September 28, 2025
Homeព័ត៌មានជាតិឈ្លោះវាយតប់តែគ្នាឯងសោះ ទៅវាយឳពុកបែកចិញ្ចើម ចោទ...

ឈ្លោះវាយតប់តែគ្នាឯងសោះ ទៅវាយឳពុកបែកចិញ្ចើម ចោទ…

ភ្នំពេញ ៖ បុរសម្នាក់បានកើតមានជម្លោះពាក្យសម្តី និងឈានដល់អំពើហិង្សាវាយតប់គ្នាទៅវិញទៅមកជាមួយនឹងបងប្អូន លុះត្រូវគេវាយដួលអុកគូទ ធ្វើអ្វីគេវិញមិនបាន បែរជាផ្ទុះកំហឹងនឹងឪពុករបស់ខ្លួនទៅវិញ ដោយចោទឪពុកថា ឃើញគេវ៉ៃកូនមិនព្រមចូលជួយ  រួចក៏ស្ទុះហក់ទៅដាល់ឪពុកបង្កើតរបស់ខ្លួន១ដៃ បណ្តាលឱ្យបែកចិញ្ចើមហូរឈាមស្រោចខ្លួន  បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២២២ ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ ត្រង់ចំណុចក្រោយខារ៉ាអូខេ អ៊ិចធូ។

បុរសរងគ្រោះដែលត្រូវកូនប្រុសដាល់បែកចិញ្ចើមចោទថា ឃើញគេវ៉ៃកូន មិនព្រមទៅជួយនេះ មានឈ្មោះយ៉ូវ ឈីម អាយុ៥៧ ឆ្នាំ មុខរបរកម្មករអូសរទេះនៅផ្សារនាគមាស  ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនដៃដល់ជាកូនប្រុសមានឈ្មោះមឿន អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ មឿន បានឈ្លោះប្រកែកគ្នាជាមួយនឹងបងប្អូន តែមិនដឹងជាផ្តើមចេញពីរឿងអ្វីនោះទេ រហូតឈានដល់ការប្រើអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក តែពេលនោះ ជនរងគ្រោះត្រូវបានភាគីម្ខាងទៀត វាយបណ្តាលឱ្យដួលអុកគូទ បន្ទាប់មកភាគីម្ខាងទៀត ក៏ដើរចេញបាត់ទៅ  ហើយនៅពេលកើតមានជម្លោះវាយតប់គ្នានោះ បុរសរងគ្រោះជាឪពុកក៏អង្គុយនៅក្បែរកន្លែងកើតហេតុដែរ។

ប្រភពដដែលបន្តថា លុះបន្ទាប់ពីត្រូវគេវាយដួលអុកគូទ និងមិនអាចធ្វើអ្វីគេវិញបាន ស្រាប់តែកូនប្រុសអកត្តញ្ញូខាងលើ បែរជាជះកំហឹង ដាក់ឪពុកបង្កើតរបស់ខ្លួនទៅវិញ ដោយចោទប្រកាន់ឪពុករបស់ខ្លួនថា ឃើញគេវាយខ្លួនដែរ តែមិនព្រមចូលជួយ។ បន្ទាប់មក ជនសង្ស័យចិត្តកំណាច ក៏ស្ទុះហក់ទៅដាល់ឪពុកបង្កើតរបស់ខ្លួន១ដៃ ចំចិញ្ចើមខាងឆ្វេង បណ្តាលឱ្យបែករយះយ៉ាងធំ និងហូរឈាមស្រោចពេញខ្លួនតែម្តង។ ក្រោយពេលដាល់ឪពុកបែកចិញ្ចើមហើយ កូនប្រុសរមិលគុណរូបនោះបានដើរចូលទៅក្នុងបន្ទប់ជួលធ្វើព្រងើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុធ្វើការសាកសួរបុរសរងគ្រោះ ហើយបុរសរងគ្រោះក៏សំណូមពរឱ្យសមត្ថកិច្ចចាប់កូនប្រុសជាដៃដល់យកទៅចាត់ការតាមច្បាប់ ប៉ុន្តែដោយយប់ជ្រៅណាស់ទៅហើយ សមត្ថកិច្ចមិនអាចចូលទៅក្នុងផ្ទះជនសង្ស័យបាន ទើបសមត្ថកិច្ចបានប្រាប់ឱ្យបុរសរងគ្រោះឱ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រង់ចាំព្រឹកស្អែក សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់៕

RELATED ARTICLES