Sunday, September 28, 2025
Homeព័ត៌មានជាតិម្តាយចូលបត់ជើងតូច ឃើញសុទ្ធតែឈាមពេញបន្ទប់ទឹក

ម្តាយចូលបត់ជើងតូច ឃើញសុទ្ធតែឈាមពេញបន្ទប់ទឹក

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារ អះអាងថា ជាមនុស្សញៀនថ្នាំ និងប្រមឹកស្រាផង លុះសារធាតុញៀនធ្វើទុក្ខ ទ្រាំមិនបាន ក៏បែកគំនិតចងកសម្លាប់ខ្លួន និងខាំអណ្តាតខ្លួនឯង បណ្តាលឱ្យដាច់ចេញឈាមដូចអារកមាន់បាញ់ពេញបន្ទប់ បណ្តាលឱ្យស្លាប់យ៉ាងវេទនា បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១៣៦ស្ទួន ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

បុរសគំនិតខ្លីដែលធ្វើអត្តឃាតខ្លួនឯងនោះ មានឈ្មោះអ៊ុន មករា អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមសម្តីរបស់ស្ត្រីឈ្មោះអ៊ូ សាវ៉ាត អាយុ៥២ឆ្នាំ ត្រូវជាម្តាយបង្កើតជនរងគ្រោះខាងលើ  បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ កូនប្រុសរបស់គាត់ (ជនរងគ្រោះ) ត្រឡប់មកពី ផឹកស្រាស្រវឹងក៏ឡើងទៅដេកនៅក្នុងបន្ទប់របស់ខ្លួនបាត់ទៅ និងមិនឃើញមានអ្វីគួរឱ្យកត់សម្គាល់នោះឡើយ។ ស្រាប់តែមកដល់វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០១៧ គាត់ក៏ភ្ញាក់ពីដំណេក ចូលទៅបត់ជើងតូចនៅក្នុងបន្ទប់ទឹក ស្រាប់តែប្រទះឃើញឈាមហូរពីលើផ្ទះស្រក់ចុះមកក្រោម ចូលធុងទឹក ពេលនោះគាត់ក៏ស្រែកឆោឡោ ផ្អើលដល់ក្រុមគ្រួសារនាំគ្នាស្ទុះឡើងទៅលើផ្ទះ គាស់ទ្វារផ្ទះចូលទៅមើល ស្រាប់តែឃើញកូនប្រុសរបស់គាត់បានចងកស្លាប់បាត់ទៅហើយ និងឃើញមានឈាមហូរពេញលើក្តារផ្ទះក្នុងបន្ទប់។ ភ្លាមនោះ គាត់ក៏ប្រញាប់រាយការណ៍ ប្រាប់សមត្ថកិច្ចចុះកន្លែងកើតហេតុតែម្តង។

ស្ត្រីជាម្តាយជនរងគ្រោះ បន្តថា គាត់មានប្តីជាមេជាងសំណង់ និងមានកូនទាំងអស់៤នាក់ (ប្រុស២ ស្រី២) ចំណែកជនរងគ្រោះដែលចងកសម្លាប់ខ្លួននេះ គឺជាកូនច្បងក្នុងគ្រួសារ។  កន្លងមកកូនប្រុសរបស់គាត់ មិនព្រមរកការងារអ្វីធ្វើនឹងគេទេ មួយថ្ងៃៗ តែងដើរផឹកស្រា និងជក់គ្រឿងញៀន រហូតដល់បាត់បង់ស្មារតីអស់ទៅហើយ ហើយរយៈពេលប្រមាណមួយខែកន្លះចុងក្រោយនេះ កូនប្រុសរបស់គាត់ចេះតែមានអារម្មណ៍ភ័យខ្លាច ហើយរត់ពេញលើផ្ទះជារៀងរាល់ថ្ងៃ ពេលខ្លះរត់មួយយប់ទល់ភ្លឺក៏មាន។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ កូនប្រុសនេះក៏សម្រេចចិត្តចងក និងខាំអណ្តាតខ្លួនឯងសម្លាប់ខ្លួនតែម្តង។

ស្ត្រីជាម្តាយជនរងគ្រោះ បញ្ជាក់ថា គាត់ដឹងថា កូនប្រុសនេះ (ជនរងគ្រោះ) បានជក់គ្រឿងញៀន ដល់ដកខ្លួនលែងរួចទៅហើយ ទោះជាគាត់ខំណែនាំយ៉ាងណា ក៏មិនព្រមស្តាប់ដែរ ហេតុនេះគាត់ទទួលស្គាល់ថា កូនប្រុសពិតជាធ្វើអត្តឃាតមែន និងស្នើឱ្យសមត្ថកិច្ចមិនបាច់ធ្វើកោសល្យវិច្ឆ័យអ្វីទេ គ្រាន់តែសុំឱ្យសមត្ថកិច្ចជួយចេញលិខិតមរណភាព ដើម្បីឱ្យគាត់យកសពកូនប្រុសទៅបូជាតាមប្រពៃណីខ្មែរ។

លោកពិន សូដែន ប្រធានផ្នែកកោសល្យវិច័យនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ប្រាប់ថា ក្រោយពីស្ត្រីជាម្តាយបង្កើតសពបានប្តឹងអាជ្ញាធរមូលដ្ឋានឱ្យចុះមកត្រួតពិនិត្យសពកូនប្រុសគាត់ដែលបានចងកសម្លាប់ខ្លួន កម្លាំងជំនាញខណ្ឌបានចុះសហការជាមួយប៉ុស្តិ៍ ចុះមកពិនិត្យឃើញថា ជនរងគ្រោះបានយកខ្សែអង្រឹងចងទៅធ្នឹមដំបូងផ្ទះ ហើយជាន់លើកៅអីជ័រឡើងចងក បន្ទាប់មកជនរងគ្រោះបានព្យាយាមខាំអណ្តាតខ្លួនឯងទៀត បណ្តាលដាច់ចេញឈាម ទើបមានហូរឈាមចុះមកដល់បន្ទប់ទឹក លុះពេលម្តាយភ្ញាក់បត់ជើងតូច ប្រទះឃើញទើបផ្អើលឆោឡោឡើង។

សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES