ភ្នំពេញ ៖ កុមារីម្នាក់ត្រូវបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកក្រាំងធ្នង់ បន្ទាប់ពីដើរលេងមើលការប្រគំតន្រ្តីជាមួយមិត្តភក្កិ ហើយសង្ស័យធ្លាក់ពីលើកន្រ្តក់វិល បណ្តាលឲ្យឆក់ខ្សែភ្លើងស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកក្រាំងធ្នង់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីតាំងដីឡូត៍ប្រគំតន្រ្តីស្រាបៀរ GANZBERG នៅចំណុចកន្លែងកន្ទ្រកវិល ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
សពកុមារីរងគ្រោះមានឈ្មោះចាន់ សុខទេពី អាយុ១៣ឆ្នាំ មុខរបរសិស្សថ្នាក់ទី៧ វិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី រស់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីបងស្រីឈ្មោះចាន់ ចំរើន អាយុ១៥ឆ្នាំ មុខរបរសិស្ស នៅវិទ្យា
ល័យ ជាមួយគ្នា បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់មានគ្នា៤នាក់ មានម្តាយមីង ម្នាក់ រូបនាងនិងប្អូនស្រី២នាក់ បាននាំគ្នាជិះម៉ូតូមួយគ្រឿង ទៅមើលការប្រគំតន្រ្តីស្រាបៀរ GANZBERG ដែលមានទីតាំងភូមិកើតហេតុខាងលើ ។
ប្រភពដដែលបានបញ្ជាក់ប្រាប់ថា ខនសឺតខាងលើ បានប្រគំតន្ត្រីមានចំនួន៥ថ្ងៃមកហើយ ដោយថ្ងៃកើតហេតុជាថ្ងៃចុងក្រោយទៀតផង ហើយរូបនាងនិងបងប្អូននាងបានទៅមើលបាន២ថ្ងៃ គឺថ្ងៃទី១១និងថ្ងៃទី១២ ដែលជាថ្ងៃចុងក្រោយ ដោយថ្ងៃទី១១ មានមិត្តភក្តិរបស់ប្អូនម្នាក់មិនបានស្គាល់ឈ្មោះ រស់នៅភូមិកើតហេតុខាងលើ បានមកបបួលប្អូនស្រីខ្លួនទៅមើលខន
សឺត ហើយម្តាយមីងរបស់គាត់មិនចង់ឲ្យទៅទេ តែប្អូនស្រីចង់ទៅណាស់ ហើយម្តាយមីងឈ្មោះ លឹម សៅមីលីកា អាយុ២៤ឆ្នាំ មុខរបរអ៊ុតសក់ បានជូនក្មួយៗទៅមើល។ នៅ ថ្ងៃទី១២ មិត្តភក្តិដដែលបានមកបបួលទៅមើលទៀត ។
បងស្រីសពបាននិយាយរៀបរាប់ប្រាប់ថា លុះនៅថ្ងៃកើតហេតុ ម្តាយមីងរូបគាត់និងប្អូន២នាក់ខាងលើ បានទៅដល់កន្លែងប្រគំតន្ត្រីខាងលើ ហើយប្អូនស្រីឃើញមិត្តភក្កិក៏បានសុំទៅដើរលេងជាមួយមិត្តភក្តិបាត់ទៅ ចំណែករូបនាងនិងប្អូនស្រីម្នាក់ទៀតនៅជាមួយមីង បាននាំគ្នាទៅទិញម្ជូរឲ្យមីងហូប ស្រាប់តែមិត្តភក្តិម្នាក់ដែលបបួលប្អូនទៅដើរលេងនោះ បានរត់មកប្រាប់នាងថា ចាន់ សុខទេពី ត្រូវខ្សែភ្លើងឆក់នៅកន្លែងកន្ទ្រកវិល បន្ទាប់មករូបនាងនឹងមីងរួមទាំងប្អូនម្នាក់ បានរត់ទៅមើលប្អូន ស្រាប់តែឃើញប្អូននាងដេកកប់ភក់នៅកន្លែងទោង នៅមានដង្ហើមនៅឡើយ ហើយកន្លែងកន្ទ្រកវិលបោះបានបិទភ្លើងងងឹត ហើយម្ចាស់ទោងកន្ទ្រកវិលបានរត់ចោលទោងអស់ទៅហើយ ។ បន្ទាប់មកមីងរបស់នាងបានបីដាក់លើម៉ូតូយកទៅមន្ទីរពេទ្យ បង្អែកសង្កាត់ក្រាំងធ្នង់ ដើម្បីព្យាបាល តែអកុសលប្អូននាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ បន្ទាប់មកម្តាយមីងដែលបីក្មួយឮសូរថា ក្មួយដាច់ខ្យល់ស្លាប់ ខ្លួនបានសន្លប់បាត់ស្មារតីជិតកន្លះម៉ោង ទើបដឹងខ្លួនវិញ។
ក្រោយពេលកើតហេតុ សពត្រូវក្រុមគ្រួសារបានដឹកសពតាមរថយន្តសង្គ្រោះមន្ទីរពេទ្យង្អែកយកមកផ្ទះ និងមានជំនាញចក្ខុធ្វើកោសល្យវិច័យ ហើយជំនាញខាងលើមិនទាន់ដឹងថា ជាករណីអ្វីនៅឡើយទេ តែបើមើលស្លាកស្នាមដោយមានរបួសរយះផ្នែកសៀតផ្កាស្តាំ ហើយសម្លៀកបំពាក់សុទ្ធតែភក់ សង្ស័យថាជាករណីឆក់ខ្សែភ្លើង៕