Sunday, September 28, 2025
Homeព័ត៌មានជាតិចាប់បានហើយ ឃាតករសុីឈ្នួលសម្លាប់មនុស្ស បោកគ្រាប់បែក និងបាញ់តដៃជាមួយសមត្ថកិច្ច

ចាប់បានហើយ ឃាតករសុីឈ្នួលសម្លាប់មនុស្ស បោកគ្រាប់បែក និងបាញ់តដៃជាមួយសមត្ថកិច្ច

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យម្នាក់ដែលកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង ចុះចាប់ខ្លួនតាមដីការបស់តុលាការ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបានបោកគ្រាប់បែក២គ្រាប់ និងបាញ់តបតមកលើកម្លាំងសមត្ថកិច្ចវិញ រួចរត់គេចខ្លួនបាត់មួយយប់មួយថ្ងៃនោះ ពេលនេះសមត្ថកិច្ចចាប់ខ្លួនបានហើយ។

សមត្ថកិច្ចដែលរងរបួសជើង

លោកស៊ីម វណ្ណាក់ អធិការនគរបាលស្រុកអន្លង់វែង បានឱ្យដឹងថា ជនសង្ស័យដែលបានធ្វើសកម្មភាពគប់គ្រាប់បែកចំនួន២គ្រាប់ និងបាញ់មកលើកម្លាំងសមត្ថកិច្ចអាវុធហត្ថ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការចាប់ខ្លួនបានហើយ បន្ទាប់ពីជនសង្ស័យបានរត់ពួនក្នុងព្រៃអស់ រយៈពេល១យប់ ១ថ្ងៃមក។

សូមបញ្ជាក់ថា កម្លាំងអាវុធហត្ថខេត្តសៀមរាប បានសហការជាមួយកម្លាំងអាវុធហត្ថស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីម៉ោងប្រមាណ៦ ថ្ងៃទី១១ ខែវិច្ឆិកា បានចុះ អនវុត្តដីកាចាប់ខ្លួនជនសង្ស័យឈ្មោះហ៊ាប ធី ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវបានពាក់ព័ន្ធនឹងករណីឃាតកម្មស៊ីឈ្នួលសម្លាប់មនុស្ស កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិត្បូងដំរី ឃុំកំពង់លួង ខេត្តកណ្តាល។

ក្រោយពីជនសង្ស័យឈ្មោះហ៊ាប ធី សម្លាប់ មនុស្សនៅខេត្តកណ្តាលរួចហើយ ក៏បានរត់មកលាក់ខ្លួននៅចំណុចភូមិអូរតាវែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សមត្ថកិច្ច ក៏តាមរកឃើញមុខសញ្ញា ហើយក៏សហការគ្នា ចុះចាប់ខ្លួនជនសង្ស័យដែលស៊ីឈ្នួលសម្លាប់មនុស្ស។ ខណៈសមត្ថកិច្ចកំពុងតាមប្រមាញ់ ប្រទះឃើញនៅចំណុចភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង។

នៅពេលសមត្ថកិច្ចអាវុធហត្ថ កំពុងព័ទ័ចាប់នោះ ជនសង្ស័យបានធ្វើសកម្មភាពបោកគ្រាប់បែកចំនួន២គ្រាប់ និងបាញ់មកលើសមត្ថកិច្ច អាវុធហត្ថ បណ្តាលឱ្យមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបម្នាក់ ឈ្មោះអ៊ុយ ចយ រងរបួសស្រាលត្រង់ជើង រីឯជនសង្ស័យក្រោយបាញ់តបត រួចក៏បានរត់គេចខ្លួនចូលក្នុងព្រៃ។ ភ្លាមៗនោះដែរ ស្នងការនគរបាលខេត្តសៀមរាប ក៏បានបញ្ជូនកម្លាំងចេញសហការជួយរុករកជាមួយកម្លាំងអាវុធហត្ថផងដែរ តែដោយព្រៃក្រាស់ និងយប់ងងឹតផងនោះ ជាហេតុធ្វើឱ្យជនសង្ស័យគេចខ្លួនបានមួយយប់ ស្អែកឡើងត្រូវកម្លាំងសមត្ថកិច្ចចម្រុះចាប់ខ្លួនបានតែម្តង៕

RELATED ARTICLES