ភ្នំពេញ ៖ នារីជាមេខ្យល់វ័យក្មេងម្នាក់បានលួងលោមមនុស្សប្រុសស្រីចំនួន៥នាក់ ឱ្យចេញទៅធ្វើការនៅប្រទេសជប៉ុន ជាថ្នូរនឹងប្រាក់ ម្នាក់រាប់ពាន់ដុល្លារ ទីបំផុត ដល់ថ្ងៃចេញដំណើរ នាំគ្នាទៅអង្គុយរង់ចាំនៅព្រលានយន្តហោះ បែរជាគ្មានឈ្មោះចេញដំណើរ ទើបធ្វើឱ្យជនរងគ្រោះកើតទុក្ខមិនសុខចិត្តឃាត់ខ្លួននារីជាមេខ្យល់យកមកប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
ករណីឃាត់ខ្លួនមេខ្យល់ឆបោកពលករចេញទៅធ្វើការនៅប្រទេសជប៉ុននេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដែលចាញ់បោកមេខ្យល់នាំចេញទៅធ្វើការនៅប្រទេសជប៉ុន មានគ្នា៥នាក់ ទី១-ឈ្មោះប៊ូ ស៊ីថា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ទី២-ឈ្មោះប៊ូ ខេមរា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ។ អ្នកទាំង២ ត្រូវជាបងប្អូនបង្កើតនឹងគ្នា ស្នាក់នៅផ្ទះជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (ចាញ់បោកមេខ្យល់ អស់ប្រាក់៨៧០០ដុល្លារ) ទី៣-ឈ្មោះគីន រិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ទី៤-ឈ្មោះឡាយ រមន្នី ភេទប្រុស អាយុ២៥ឆ្នាំ កំពុងរៀនភាសាជប៉ុន ស្នាក់នៅស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី៥-ឈ្មោះភៀង ស៊ូម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅស្ទឹងមានជ័យ ខណ្ឌមានជ័យ។ អ្នកទាំង៣ បានចាញ់បោកមេខ្យល់អស់ប្រាក់៣៥០០ដុល្លារ តែយកបានមកវិញ ចំនួន១៨០០ដុល្លារ។
ចំណែកនារីដែលជាមេខ្យល់ឆបោកនោះ មានឈ្មោះអ៊ុំ ផាន់ណា អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកល្វាឯម ខេត្តកណ្តាល។
តាមប្រភពពីជនរងគ្រោះឈ្មោះប៊ូ ស៊ីថា បានរៀបរាប់ប្រាប់ថា រូបគាត់ពុំបានស្គាល់មេខ្យល់រូបនោះច្បាស់ទេ តែមុនពេលកើតហេតុ នារីសង្ស័យជាមេខ្យល់បានមកសួរគាត់ថា ចង់ទៅធ្វើការនៅជប៉ុន ដែរទេ? និងថែមទាំងអួតអាងថា នាងគឺជាអ្នកនាំពលករទៅធ្វើការនៅប្រទេសជប៉ុន តាមរយៈក្រុមហ៊ុនឈ្មោះ K K មានទីស្នាក់ការនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជាក្រុមហ៊ុនមានច្បាប់ត្រឹមត្រូវ ហើយពលករដែលចេញទៅធ្វើការនៅប្រទេសជប៉ុន សុទ្ធតែទទួលបានប្រាក់ខែច្រើន រីឯការងារវិញស្រួលៗណាស់ ដូចជាកាត់ផ្លែទំពាំងបាយជូរ អ្នកបើកឡានដឹកផ្លែឈើ… ទើបធ្វើឱ្យពួកគាត់ជឿទុកចិត្តក៏សម្រេចចិត្តថាទៅ។
ប្រភពដដែលបន្តថា នារីជីាមេខ្យល់ខាងលើ បានមកទាក់ទងពួកគាត់ តាំងពីខែកញ្ញា ឆ្នាំ២០១៧ ហើយប្រាប់ថា នឹងចេញដំណើរម្តងខែនេះ ម្តងខែនោះ ប៉ុន្តែថ្លៃរត់ការចេញទៅធ្វើការនៅប្រទេសជប៉ុន ក្នុងម្នាក់៣០០០ដុល្លារ តែត្រូវបង់ប្រាក់មុន១០០០ដុល្លារ សម្រាប់រត់ការ។ បន្ទាប់ពីមានការយល់ព្រមទៅធ្វើការនៅប្រទេសជប៉ុន ជាមួយនារីជាមេខ្យល់ខាងលើរួចហើយ ពួកគាត់មានគ្នា៥នាក់ ត្រូវបានមេខ្យល់ឆបោកយកប្រាក់ម្តងបន្តិចៗជាហូរហែ ដើម្បីយកទៅរត់ការឱ្យបានចេញទៅធ្វើការឆាប់ៗ ដោយអ្នកខ្លះបានលក់ជ្រូក លក់គោ អ្នកខ្លះចងការគេ ដើម្បីរកលុយមកឱ្យមេខ្យល់ខាងលើ ដោយរំពឹងថានឹងបានចេញទៅធ្វើការនៅប្រទេសជប៉ុន រកលុយបានច្រើន។
ប្រភពខាងលើបានបញ្ជាក់ថា នារីជាមេខ្យល់ខាងលើ បានប្រាប់ថា ពួកគាត់អាចចេញដំណើរទៅប្រទេសជប៉ុន នៅវេលាម៉ោង១១យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ទើបមកដល់ល្ងាចថ្ងៃទី១៥ វិច្ឆិកា នារីជាមេខ្យល់បាននាំជនរងគ្រោះប្រុស២នាក់ ត្រូវចេញដំណើរទៅមុន ចំណែក៣នាក់ទៀត ចេញដំណើរទៅតាមក្រោយ។ ដោយឡែក ជនរងគ្រោះដែលត្រូវចេញដំណើរនៅយប់កើតហេតុនេះ ២នាក់ ទើបនឹងទទួលបានលិខិតឆ្លងដែននៅថ្ងៃទី១៥ ខវែច្ឆិកិា ប៉ុណ្ណោះ ចំណែកជនរងគ្រោះ៣នាក់ទៀត មិនទាន់មានលិខិតឆ្លងដែននៅឡើយ។
បន្ទាប់មក ជនរងគ្រោះ២នាក់ មានវ៉ាលិសខោអាវសំពីងសំពោង ស្លៀកពាក់ស្អាតបាត ត្រូវបានមេខ្យល់ជូនដំណើរមកដល់ព្រលានយន្តហោះ អង្គុយរង់ចាំ ប៉ុន្តែចាំបាត់ៗ មិនឃើញបុគ្គលិកនៅព្រលានហៅឈ្មោះសោះ ទើបនឹកឆ្ងល់ក៏សួរនាំនារីជាមេខ្យល់ ស្រាប់តែនាងបែរជាព្យាយាមគេចខ្លួន ដោយធ្វើជានិយាយទូរស័ព្ទចុះឡើងៗ ទើបជនរងគ្រាះទាំង២នាក់ បានទៅសួរខាងបុគ្គលិកព្រលានយន្តហោះ ទើបដឹងថា ចាញ់បោកគេ ក៏នាំខ្លួននារីវ័យក្មេងជាមេខ្យល់ខាងលើ មកប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីដោះស្រាយគ្នាតែម្តង។
ក្រោយពីនាំខ្លួនស្ត្រីដែលជាមេខ្យល់មកកាន់ប៉ុស្តិ៍នគរបាលរួចហើយ ក្រុមជនរងគ្រោះបាននាំគ្នាដាក់ពាក្យបណ្តឹងទាមទាសំណងជំងឺចិត្ត និងប្រាក់ដែលបានចំណាយយកមកវិញ។
យ៉ាងណា នារីវ័យក្មេងដែលជាមេខ្យល់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងរកដំណោះស្រាយជូនជនរងគ្រោះ៕