ភ្នំពេញ ៖ ស្រ្តីម្នាក់ដែលគេស្គាល់ថា ជាប្រពន្ធទីពីររបស់លោកមេភូមិត្រពាំងក្រសាំង បានដេកស្លាប់នៅក្នុងបន្ទប់ ទាំងអាក្រាតកាយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបន្ទប់ជួលជាន់ទីមួយ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
សពដេកស្លាប់ក្នុងបន្ទប់មានឈ្មោះ ដូ សុខា ហៅសុខ អាយុ៤៥ឆ្នាំ មានជំងឺទាចទឹក មានប្តីឈ្មោះ ជឹម វណ្ណថន ហៅទូច អាយុ ៥៩ឆ្នាំ មុខរបរមេភូមិត្រពាំងក្រសាំង ។
តាមប្រភពព័ត៌មានពីអតីតស្វាមីដែលជាប្រធានភូមិត្រពាំងក្រសាំង បានឲ្យដឹងថា គាត់មានប្រពន្ធទី១ មានកូន៦នាក់ ហើយក៏មានទំនាក់ទំនងជាមួយស្រ្តីដែកដេកស្លាប់នេះ ដោយយកជាប្រពន្ធទី២ រស់នៅជុំជាមួយប្រពន្ធទី១ បានរយៈពេល៦ឆ្នាំ តែប្រពន្ធទី២នេះ មិនមានកូនចៅទេ ។ លុះរស់នៅជាមួយគ្នាបាន៦ឆ្នាំ ប្រពន្ធទី២ បានប្តឹងសុំលែងលះដោយទាមទារសំណងចំនួន៤០០០ដុល្លារ គាត់ក៏ឲ្យតាមសំណូមពរ និងបានលែងគ្នាជិត៦ឆ្នាំមកហើយដែរ ។ បន្ទាប់ពីបែកបាក់គ្នាប្រពន្ធទី២របស់គាត់ បានទៅរស់នៅជាមួយក្មួយនៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ លុះប្រមាណ២ឆ្នាំកន្លងមកនេះ ស្រាប់តែឃើញស្រ្តីជា ប្រពន្ធទី២នេះបានមកស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើវិញ ហើយជារៀងរាល់ថ្ងៃ តែងតែផឹកស្រាស្រវឹងជាប់ជាប្រចាំ ។
តាមសាក្សីពីឈ្មោះ ច្រឹប ស្រីយ៉េត ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិអូខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅមុនកើតហេតុរូបនាងត្រូវម្តាយក្មេកឲ្យយកបាយទៅឲ្យស្រី្តខាងលើដែលមានជម្ងឺទាចទឹក ហើយមិនមានអ្នកមើលថែ ។ ពេលដែលនាងយកបាយទៅដល់មុខបន្ទប់ ឃើញបន្ទប់ចំហទ្វារ បានចូលទៅមើល ស្រាប់តែឃើញស្រ្តីខាងលើបានដេកស្លាប់ទាំងខ្លួនអាក្រាតកាយ ធ្វើឲ្យគាត់ភ័យ ដោយទម្លាក់បាយចោល ហើយរត់ទៅប្រាប់ម្តាយភ្លាមៗផងដែរ។
ប្រភពដដែលបានបន្តទៀតថា ស្រ្តីខាងលើពេលគាត់នៅដើររួច តែងតែទៅលេងផ្ទះជួល
ម្តាយគាត់ជាញឹកញាប់ ហើយម្តាយគាត់តែងតែឲ្យបាយហូបសឹងរាល់ថ្ងៃ ព្រោះស្រ្តីខាងលើមិនមានទីពឹង ឬសាច់ញាតិណាម្នាក់ឡើយ។
ប្រភពបានបញ្ជាក់ទៀតថា នៅពេលព្រឹកម៉ោង៧ព្រឹកម្តាយនាងបានឲ្យប្អូនស្រីនាងយកបាយអោយគាត់ហូបម្តងហើយ ដោយឃើញស្រ្តីខាងលើដេកងើបមិនរួច តែស្រ្តីរូបនោះប្រាប់ឲ្យប្អូនស្រីនាងទុកបាយនឹងចុះចាំគាត់ហូប តែដល់ពេលគាត់ស្លាប់ បាយដែលយកឲ្យតាំងពីព្រឹកនៅកន្លែងកើតហេតុ មិនទាន់បានហូបឡើយទេ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសលវិច័យឲ្យដឹងថា សពស្លាប់ជាច្រើនម៉ោងមកហើយ ជំនាញបានបញ្ជាក់ទៀតថា សពខាងលើស្លាប់ដោយសារជំងឺទាចទឹក មិនមែនករណីឃាត់កម្មនោះឡើយ ។ សពខាងលើត្រូវបានសមត្ថកិច្ចធ្វើលិខិតមរណភាពប្រគល់ឲ្យអតីតស្វាមីយកទៅធ្វើបុណ្យតាមប្រពៃណី នៅទីស្នាក់ការភូមិកើតហេតុខាងលើ ៕