ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំ ជិះម៉ូតូសង់កូរ៉េទើបតែចេញមកពីផឹកស៊ីនៅម្តុំច្បារអំពៅ
ត្រឡប់មកវិញបានពាក់កណ្តាលផ្លូវ ងងុយដេក បានឈប់ម៉ូតូដេកនៅលើសួនច្បារ ត្រូវជនឆ្លៀតឱកាសលួចយកកាបូបលុយទៅបាត់ អត់លុយចាក់សាំងត្រឡប់ទៅផ្ទះវិញ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៤៧ នៅចំណុចជិតរង្វង់មូលកួចកាណុង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់ទៅផឹកស៊ីនៅឯច្បារអំពៅ លុះពេលដែលស្រវឹងស្រាជោគជាំ ក៏ជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខកណ្តាល 1E-6048 ធ្វើដំណើរមកតាមបណ្តោយផ្លូវ៤៧ ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែងងុយដេក ហើយម៉ូតូអស់សាំង បានឈប់ម៉ូតូនៅលើសួនច្បារ រួចក៏ដេកបានមួយសន្ទុះ ក្រោយមកក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បានដាស់គាត់ឲ្យភ្ញាក់ ហើយក៏បានមើលនៅក្នុងហោប៉ៅបានបាត់កាបូប ដោយសារជនឆ្លៀតឱកាសលួចយកទៅបាត់។
ប្រភពដដែលបានបន្តទៀតថា នៅក្នុងកាបូបដែលជនសង្ស័យលួចយកទៅបាត់នោះមានលុយចំនួន២០ម៉ឺនរៀល និងកាតគ្រីម៉ូតូ។
ក្រោយពេលកើតហេតុជនរងគ្រោះអត់មានលុយចាក់សាំងទៅផ្ទះ មានបុរសម្នាក់ឲ្យលុយចំនួន១ម៉ឺនរៀល ដើម្បីចាក់សាំងត្រឡប់ទៅផ្ទះវិញនៅឯព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល៕