ភ្នំពេញ ៖ បន្ទាប់ពីតុលាការកំពុល បានចេញដីកាសម្រេចរំលាយគណបក្សសង្គ្រោះជាតិ រួចមក ធ្វើឱ្យមជ្ឈដ្ឋានមហាជន ពិសេសបណ្តាញសង្គមហ្វេសប៊ុក បានចាប់អារម្មណ៍នឹកភ្នកដល់ការទស្សន៍ទាយវិភាគរបស់លោកកែម ឡី អ្នកស្រាវជ្រាវសង្គម ដើម្បីអភិវឌ្ឍន៍ និងជាអ្នកវិភាគនយោបាយសង្គម កាលលោកនៅមានជីវិត ដែលបានទាយយ៉ាងឆុតថា គណបក្សសង្គ្រោះជាតិ បក្សប្រឆាំងអាចនឹងរំឡាយនៅមុនការបោះឆ្នោត ឆ្នាំ២០១៨។
លោកកែម ឡី បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ ថា “តើគណបក្សប្រឆាំង អាចមានរូបរាងបានប្រកួតនៅឆ្នាំ ២០១៧ និង២០១៨ ដែរឬទេ? ចម្លើយពិបាកប៉ាន់ស្មានណាស់។ យុទ្ធសាស្ត្រ Downfall របស់គណបក្សកាន់អំណាច តែងតែប្រើប្រាស់ផ្តួលួរលំប្រកួត តាមរយៈ ១.ចាប់ត្រីស្អុយរបស់ខ្លួន ដាក់ក្នុងកន្ត្រកអ្នកដទៃ ២.យុទ្ធសាស្ត្រច្រែះស៊ី ដែក ៣.បំបែកដើម្បីគ្រប់គ្រង ៤.រំលាយដើម្បីជោគជ័យ និង៥.ស្វាស៊ីបាយលាបមាត់ពពែ៘”។
លោកកែម ឡី បានសរសេរបន្តថា ៖
១-ចាប់ត្រីស្អុយដាក់កន្ត្រក ៖ ជីវិតអ្នកនយោបាយរបស់គណបក្សកាន់អំណាច បានធ្លាក់ចុះយ៉ាងខ្លាំង ដែលពិបាកស្រោចស្រង់មកវិញ តាមរយៈកំណែទម្រង់ស៊ីជម្រៅណាស់ ពីព្រោះកន្លងមក ប្រមុខរដ្ឋាភិបាលធ្លាប់អះអាងថា បើមិនកំណែទម្រង់ទេ នឹងស្លាប់។ ដុះក្អែលគ្រួសារនិយមតាមក្រសួង អង្គភាព មិនចេញ វេទិកាសាធារណមិនមានប្រសិទ្ធភាពច្រើន ក្រុមការងារថ្នាក់ជាតិ មិនសូវទៅមុខ រុះរើយន្តការអន្តរក្រសួងពីទីស្តីការរដ្ឋមន្ត្រី ទៅក្រសួងដើមវិញ ក៏ពិបាកវាយតម្លៃ៘ តើត្រូវធ្វើដូចម្តេចទៅ? ចាប់ត្រីស្អុយដាក់ក្នុងកន្ត្រកអ្នកដទៃ (បញ្ចុះបញ្ចូលតំណាងរាស្ត្រគណបក្សប្រឆាំង ដើម្បី នុម័តច្បាប់បោះឆ្នោតជាតិ ច្បាប់បោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ច្បាប់អង្គការក្រៅរដ្ឋាភិបាល សមាគម និងច្បាប់គ.ជ.ប ដ៏អាក្រក់បំផុត មានន័យថា កែពីល្អទៅអាក្រក់ និងរឹតត្បិត) នេះជាត្រីស្អុយបំផុត ដែលអាចឆ្លងរោគ។ ត្រីស្អុយកំពុងបន្តទៅអនុម័តច្បាប់សហជីព ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មអ៊ីនធើរណេត និងទម្លាក់កំហុសលើអ្នកដទៃក្នុងទង្វើរបស់ខ្លួនឯង៘
២-យុទ្ធសាស្ត្រច្រែះស៊ីដែក ៖
ពាក្យខ្មែរធ្លាប់និយាយថា ចិញ្ចឹមមនុស្ស២០នាក់ ប្រើតែមួយថ្ងៃ មានន័យថា គណបក្សជាតិខ្មែរ ធ្លាប់មានជម្លោះ និងប្តឹងទៅតុលាការ ដែលពេលនោះមនុស្សដែលមានម្ចាស់ត្រូវឈ្នះ និងដឹកនាំគណបក្សជាតិខ្មែរ តែសំណាងមិនល្អក៏រលាយខ្លួនឯង។ គណបក្សកាន់អំណាច អាចប្រើប្រាស់មនុស្សរបស់ខ្លួន បំបែកគណបក្សប្រឆាំង តាមរយៈប្តឹងទៅតុលាការ ដើម្បីយកគណបក្សជាកម្មសិទ្ធិរបស់ខ្លួន។ រូបមន្តចាស់អាចទៅរួច ក្នុងពេលដែលមេរៀនជាបទពិសោធន៍ មិនត្រូវបានយកមកសិក្សាឱ្យបានហ្មត់ចត់ និងមិនបានរៀបចំផែនការកាត់បន្ថយហានិភ័យទាំងនេះ។
៣-បំបែកដើម្បីគ្រប់គ្រង ៖
ភ្នំមួយ មិនអាចមានខ្លាពីរ ជាពាក្យមិនល្អដែលថ្នាក់ដឹកនាំខ្មែរ តែងតែយកមកកាច់បំបាក់ដៃគូរបស់ខ្លួន តែទីបំផុតក្លាយជាមនុស្សឯកោ និងនាំឱ្យស្ថាប័នរបស់ខ្លួន បាត់បង់ធនធានមនុស្ស កាន់តែច្រើនទៅៗ។ ជាទូទៅ គណបក្សកាន់អំណាច សិក្សាពីផ្ទៃក្នុងគណបក្សប្រឆាំង ហើយតែងតែប្រើប្រាស់របៀប ទុំលើទ្រនំមួយឱ្យជាប់ ហើយធាក់មែកឈើម្ខាងទៀតរហូតដល់បាក់។ នេះគួរពិចារណាដែរ ក្នុងការធ្វើជាដៃគូយូរអង្វែង តាមរយៈការកសាងគោលការណ៍គ្រឹះក្នុងការចាប់យកប្រយោជន៍សាធារណជន។ ទ្រឹស្តីនេះ គួរបោះបង់ចោលទាំងស្រុង ពីព្រោះការ គិតគូរតាមបែបចូលរួម និងការចែករំលែកតួនាទីរៀងៗ ខ្លួន ដើម្បីគ្រប់គ្រង វាប្រសើរជាងចង់ល្បីម្នាក់ ឯងក្នុងនាមជាប្រធានគណបក្ស លើគំនរទុក្ខសាធារណជននោះ។ ការប្រកួតប្រជែងតំណែងក្នុងគណបក្ស តាមគ្រួសារនិយម និងទឹកប្រាក់ មានគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស និងគោលការណ៍ក្នុងការជ្រើសរើសបោះឆ្នោត ច្បាស់លាស់ ជាកង្វះចន្លោះ ធ្វើឱ្យគូប្រកួតងាយស្រួលក្នុងការបំបែក។
៤-រំលាយដើម្បីជោគជ័យ ៖
ច្បាប់បោះឆ្នោតជាតិថ្មី ដែលអាក្រក់ ជាពិសេសត្រង់មាត្រា១៦២ (បទល្មើសបុគ្គលជាន់ខ្ពស់ ជាបទល្មើសគណបក្ស ដែលអាចឱ្យគ.ជ.ប ហាមឃាត់គណបក្សណាមួយ មិនឱ្យឈរឈ្មោះ ឬរំលាយគណបក្សនោះចោលបាន។ បទពិសោធន៍ គណបក្សថៃរ៉ាក់ថៃ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញៃថ រំលាយចោលមុនការបោះឆ្នោត។ នេះគួរគណបក្សរៀន និងយកមកកាត់បន្ថយហានិភ័យ ក្នុងពេលមានបញ្ហានេះកើតឡើង។ គណបក្សប្រឆាំង អាចត្រូវបានមិនឱ្យឈរឈ្មោះឱ្យគេ បោះឆ្នោត ឬត្រូវរំលាយចោលដោយប្រការណាមួយ មុនបោះឆ្នោត២០១៧ ឬ២០១៨។
៥-ស្វាស៊ីបាយលាបមាត់ពពែ ៖
សម័យដើម មានអ្នកនយោបាយមិនល្អ យកបាយដែលខ្លួនបរិភោគហើយ ទៅលាបមាត់ជនស្លូតត្រង់ច្រើនណាស់ ហើយអ្នកទាំងអស់នោះ ត្រូវបានចាប់ដាក់គុក សម្លាប់ចោល ឬដោយសារតែមានការភ័យខ្លាច ក៏រត់ចោលស្រុក តែម្តងទៅ (ធ្វើនយោបាយ បើមិនស្លាប់ ក៏ជាប់គុក និងរត់ចោលស្រុក)។ មុនបោះឆ្នោត២០១៣ ប្រមុខដឹកនាំគណបក្សកាន់អំណាច ធ្លាប់និយាយថា មានចលនាផ្តួលរំលំរដ្ឋាភិបាល ចំនួន៥ នៅក្រៅប្រទេស ឬនៅតាមជាយដែន បើកងកម្លាំងចូលចាប់សមាជិកណាម្នាក់ក្នុងគណបក្សប្រឆាំង សូមកុំមានការភ្ញាក់ផ្អើល។ តើអ្នកណាជាអ្នកបង្កើតចលនានោះ? តាមពិតមានចលនាមួយដែលត្រូវបានចោទថា ជាចលនាផ្តួលរំលំរដ្ឋាភិបាលដែរ តែពេលនេះ បានអនុញ្ញាតឱ្យមេចលនាបានចូលស្រុក ហើយដឹកនាំគណបក្សស្របច្បាប់។ ស្វាស៊ីបាយលាបមាត់ពពែ នៅតែអ្នកនយោបាយខ្មែរយកមកប្រើ ដើម្បីធ្វើបាបជនស្លូតត្រង់ ជាពិសេសយុវជន។ គណបក្សប្រឆាំង អាចត្រូវបានស្វាយកបាយលាបមាត់ពពែ ដើម្បីរំលាយគណបក្សចោល មុនការបោះឆ្នោត២០១៧ ឬ២០១៨។ សូមកុំឱ្យជួបវាសនាបែបនេះ ពីព្រោះយើងមិនត្រឹមតែចង់ឃើញការប្រកួតប្រជែងមួយដោយស្មើភាព និងយុត្តិធម៌បំផុតនោះទេ តែថែមទាំងចង់ឱ្យមាន តុល្យភាពអំណាចរដ្ឋទៀតផង។
លោកកែម ឡី បានបង្ហាញនូវដំណោះស្រាយចំពោះបញ្ហាប្រឈមដែលលោកបានលើក ឡើងខាងលើនេះថា “១-ក្រុមបាល់ទាត់ប្រទេសអាល្លឺម៉ង់ បានឈ្នះបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ ដោយសារតែការងារក្រុមមានប្រសិទ្ធភាព និងចេះចែកតួនាទីគ្នាលេងបានល្អ ដោយមិនចាំបាច់មានកីឡាករណាម្នាក់ល្បីលើសគេឡើយ។ និរន្តរភាពគណបក្ស និងជ័យជម្នះគណបក្ស ជាការចូលរួមរបស់អ្នកគាំទ្រ សកម្មជន និងសាធារណជនគ្រប់រូប មិនមែនដោយសារអ្នកណាម្នាក់នោះទេ។ ២.អ្នកដឹកនាំល្អ គឺជាអ្នកដែលរៀបចំអ្នកបន្តវេនបានច្រើនទាន់ពេលវេលា និងល្អជាងខ្លួនជានិច្ច។ វិធីដែលល្អ គឺបណ្តុះអ្នកដឹកនាំឱ្យបានច្រើនក្នុងការបន្តវេនក្នុងការដឹកនាំគណបក្ស និងប្រទេស។ ៣.រៀបចំផែនការកាត់បន្ថយហានិភ័យ ដែលបានរៀបរាប់ខាងលើ ឱ្យបានទាន់ពេលវេលា តាមរយៈការចូលរួមពេញលេញពីសមាជិករបស់ខ្លួន៕