ភ្នំពេញ ៖ ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់បានស្លាប់យ៉ាងអាថ៌កំបាំង នៅក្នុងសណ្ឋាគារមួយកន្លែង កណ្តាលរាជធានីភ្នំពេញ ដោយម្ចាស់សណ្ឋាគារមិនត្រឹមតែមិនផ្តល់ដំណឹងទៅសមត្ថកិច្ចនោះទេ តែបែរជាទាក់ទងហៅរថយន្តសង្គ្រោះមកដឹកសពចេញទៅបាត់ស្ងាត់ៗ តាមទ្វារក្រោយថែមទៀត ដែលករណីនេះ ត្រូវបានគេសង្ស័យថា ជាករណីឃាតកម្មទៀតផង។
ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចសណ្ឋាគារ ណាណា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១B ២B និង៤២ ផ្លូវ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានការភ្ញាក់ផ្អើលឡើងថា មានមនុស្សស្លាប់នៅក្នុងសណ្ឋាគារ ណាណា បន្ទាប់មកក៏ឃើញរថយន្តពេទ្យ១គ្រឿង ចូលតាមច្រកទ្វារខាងក្រោយសណ្ឋាគារ ណាណា យ៉ាងតក់ក្រហល់ ក្នុងគោលបំណងមកដឹកជនរងគ្រោះចេញ លុះបន្តិចក្រោយមក រថយន្តពេទ្យមួយគ្រឿងនោះ ក៏បើកចេញទៅវិញបាត់ទៅ។
ប្រភពដដែលបន្តថា លុះក្រោយមក ខណៈដែលផ្ទៃមេឃចាប់ផ្តើមងងឹតនៅម៉ោងប្រមាណ៧យប់ ក៏ស្រាប់តែមានរថយន្តពេទ្យ១គ្រឿង ពាក់ស្លាកលេខនគរបាល បានចូលតាមច្រកទ្វារក្រោយសាជាថ្មី រួចក៏ប្រញាប់ប្រញាប់លើកសពមួយ ដែលគេបានរុំថង់ប្លាស្ទិកជិតឈឹងដាក់ក្នុងរថយន្ត ហើយដឹកចេញយកទៅបាត់ស្រមោល ដោយមិនមានអ្នកណាម្នាក់បានដឹងថា ជនរងគ្រោះនោះជាជនជាតិខ្មែរ ឬក៏បរទេសឡើយ ហើយក៏មិនបានដឹងថា ស្លាប់ដោយសារអ្វីដែរ។
ពាក់ព័ន្ធទៅនឹងករណីមនុស្សស្លាប់នៅក្នុងសណ្ឋាគារ ណាណា យ៉ាងអាថ៌កំបាំងនេះ លោកកុល ខាន់ណារ៉ា នាយប៉ុស្តិ៍ផ្សារថ្មីទី៣ បានបញ្ជាក់ប្រាប់តាមទូរស័ព្ទថា លោកមិនបានដឹងឡើយ ព្រោះរវល់នៅតុលាការកំពូល។
ចំណែកលោកមេភូមិ៥ បានប្រាប់ថា សូម្បីអាជ្ញាធរសង្កាត់ផ្សារថ្មី៣ ក៏មិនបានទទួលការរាយការណ៍អំពីករណីមានមនុស្សស្លាប់នៅក្នុងសណ្ឋាគារ ណាណា នោះដែរ។
ដោយឡែក លោកហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទចូល មិនមានអ្នកទទួល។
ជុំវិញករណីមនុស្សស្លាប់នៅក្នុងសណ្ឋាគារ ណាណា ខាងលើនេះ មិនមានប្រភពព័ត៌មានណាមួយ អាចបញ្ជាក់ឱ្យដឹងច្បាស់ថា សពគឺជាជនជាតិខ្មែរ ឬជាជនបរទេសនោះទេ ហើយក៏មិនបានដឹងថា មូលហេតុនៃការស្លាប់ដែរ ខណៈដែលភាគីសណ្ឋាគារហាក់ព្យាយាមបិទបាំងព័ត៌មាន មិនឱ្យបែកធ្លាយនោះឡើយ៕