ខេត្តក្រចេះ ៖ បុរសម្នាក់ឃើញក្មេងស្រីដើរតែម្នាក់ឯងដល់កន្លែងស្ងាត់ ក៏បែកគំនិតចាប់អូសដៃក្មេងស្រីចូលព្រៃ រួចធ្វើសកម្មភាពចាប់សម្រាតខោអាវរំលោភសេពសន្ថវៈទាំងកំរោល បណ្តាលឱ្យក្មេងស្រីរងគ្រោះទទួលរងរបួសធ្ងន់ត្រង់ប្រដាប់ភេទ និងត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ បន្ទាប់មកក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនជនល្មោភកាមខាងលើ យកទៅចាត់ការតាមច្បាប់។
ករណីរំលោភសេពសន្ថវៈលើក្មេងស្រីនេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចដំណាក់ស្តេច ស្ថិតក្នុងភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភសេពសន្ថវៈក្មេងស្រីនោះ មានឈ្មោះឈួន កែវ អាយុ៤១ឆ្នាំ មុខរបរកសិករ មានលំនៅភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះថ.ស.ដ អាយុ១០ឆ្នាំ មានទីលំនៅក្នុងភូមិជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានដើរលេងតែម្នាក់ឯងនៅត្រង់កន្លែងកើតហេតុ ស្រាប់តែចៃដន្យជនសង្ស័យប្រទះឃើញឱកាសស្ងាត់ល្អ ក៏ចាប់អូសដៃក្មេងស្រីរងគ្រោះចូលទៅក្នុងគុម្ពោតព្រៃ រួចចាប់សម្រាតខោអាវក្មេងស្រីរងគ្រោះចេញ បន្ទាប់មកក៏ចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះទាំងកំរោល ធ្វើឱ្យក្មេងស្រីរងគ្រោះទទួលរងរបួសយ៉ាងធ្ងន់ត្រង់ប្រដាប់ភេទ។
ប្រភពដដែលបន្តថា ក្រោយពីធ្វើសកម្មភាព រួចជនសង្ស័យក៏គេចខ្លួនចេញពីកន្លែងកើតហេតុ ត្រឡប់ទៅសម្ងំនៅផ្ទះធ្វើដូចមិនដឹងរឿងអ្វី ចំណែកក្មេងស្រីរងគ្រោះបានត្រឡប់មកផ្ទះវិញទាំងស្ថានភាពរបួសធ្ងន់ និងមានឈាមចេញពីប្រដាប់ភេទយ៉ាងច្រើន ទើបធ្វើឱ្យក្រុមគ្រួសារផ្អើលឆោឡោ ប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដើម្បីសង្គ្រោះ។ លុះក្រោយពេលសួរនាំក្មេងស្រីរងគ្រោះបាន ប្រាប់ថា នាងត្រូវជនសង្ស័យឈ្មោះឈួន កែវ ចាប់រំលោភសេពសន្ថវៈ ទើបធ្វើឱ្យក្រុមគ្រួសារក្មេងស្រីរងគ្រោះកើតទុក្ខមិនសុខចិត្ត ក៏បានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងចុះចាប់ឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃដដែល។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឈួន កែវ បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕