Monday, September 29, 2025
Homeព័ត៌មានជាតិពីយប់ដើរលេងមានគ្នា៤នាក់ ព្រឹកស្អែក៣នាក់មកផ្ទះ ម្នាក់ទៀតដេកស្លាប់ក្នុងព្រៃ

ពីយប់ដើរលេងមានគ្នា៤នាក់ ព្រឹកស្អែក៣នាក់មកផ្ទះ ម្នាក់ទៀតដេកស្លាប់ក្នុងព្រៃ

ខេត្តកំពត ៖ យុវជនម្នាក់ រួមនិងមិត្តភក្តិ៣នាក់ទៀត បាននាំគ្នាដើរលេងជាមួយគ្នាពេញមួយយប់ លុះព្រឹកឡើងមិត្តភក្តិទាំង៣នាក់ ត្រឡប់ទៅផ្ទះវិញរៀងខ្លួន បាត់តែយុវជនរងគ្រោះម្នាក់មិនឃើញទៅផ្ទះវិញសោះ ស្រាប់តែរសៀលបន្តិច ក៏មានអ្នកភូមិប្រទះឃើញសពជនរងគ្រោះត្រូវគេអារកសម្លាប់ រួចប្លុងសពចោលនៅក្នុងព្រៃមួយកន្លែង ធ្វើឱ្យសមត្ថកិច្ចចុះទៅពិនិត្យដល់ទីតាំងកើតហេតុភ្លាមៗ និងឈានដល់ការឃាត់ខ្លួនមិត្តភក្តិជនរងគ្រោះចំនួន៣នាក់ នាំយកមកសាកសួរ។

ករណីប្រទះឃើញសពយុវជនម្នាក់ ដេកស្លាប់ក្នុងព្រៃ ដោយមានស្លាកស្នាមអារកផងនោះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចព្រៃមួយកន្លែង ស្ថិតនៅខាងលិចឆៀងខាងត្បូង ក្បែរវិទ្យាល័យហ៊ុន សែន ព្រែកត្នោត ក្នុងភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ។

សពជនរងគ្រោះដែលត្រូវឃាតករអារកសម្លាប់នោះ មានឈ្មោះមិត្ត រតនៈ ហៅដាំ អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ។ ចំណែកជនសង្ស័យទាំង៣នាក់ ត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ មិនត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងពីអត្តសញ្ញាណនៅឡើយ ព្រោះកំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរយកចម្លើយនៅឡើយ។

តាមប្រភពពីមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តកំពត បានឱ្យដឹងថា កាលពីវេលាម៉ោងប្រហែល៣រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ អ្នកភូមិបានប្រទះឃើញសពយុវជនម្នាក់ ស្ថិតនៅខាងលិចឆៀងខាងត្បូង ក្បែរវិទ្យាល័យហ៊ុន សែន ព្រែកត្នោត ក្នុងភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ដែលសពជនរងគ្រោះ ស្ថិតក្នុងស្ថានភាពអារកសម្លាប់យ៉ាងឃោរឃៅ។

លោកឧត្តមសេនីយ៍ទោម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា ក្រោយសមត្ថកិច្ចជំនាញចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីពិនិត្យធ្វើកោសល្យវិច័យសពរួចមក ឃើញថា យុវជនរងគ្រោះត្រូវបានជនមិនស្គាល់មុខអារកសម្លាប់យ៉ាងពិតប្រាកដ។ ជាមួយនេះ ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេតលើករណីឃាតកម្មដ៏ព្រៃផ្សៃខាងលើនេះ សមត្ថកិច្ចបានទទួលដំណឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនរងគ្រោះបានទៅដើរលេងជាមួយគូកនបីនាក់ទៀត ដែលសុទ្ធសឹងជាអ្នករស់នៅក្នុងភូមិជាមួយគ្នា លុះពួកគេត្រឡប់មកផ្ទះរៀងៗខ្លួនវិញ ស្រាប់តែបាត់ជនរងគ្រោះមិនឃើញមកផ្ទះសោះ ក្រោយមកក៏មានគេប្រទះឃើញសពជនរងគ្រោះ ត្រូវគេអារកសម្លាប់បែបនេះ។

លោកស្នងការ បញ្ជាក់ថា បន្ទាប់មកនៅវេលាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះ និងក៏ជាអ្នកដែលមានវត្តមានដើរលេងជាមួយជនរងគ្រោះនៅយប់មុនថ្ងៃកើតហេតុ ដើម្បីនាំមកសាកសួរតាមនីតិវិធី។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ចំណែកជនសង្ស័យទាំង៣នាក់ កំពុងស្ថិតក្រោមការសាកសួរយកចម្លើយពីសមត្ថកិច្ច ជំនាញនៅឡើយ>

RELATED ARTICLES