ភ្នំពេញ ៖ ក្មេងប្រុសតូចម្នាក់រពិសដៃ បានយកដែកកេសទៅដុតក្រដាសសំរាម បង្កជាអណ្តាតភ្លើងឆេះសន្ធោសន្ធៅ សំណាងល្អបានប្រជាពលរដ្ឋរស់នៅក្បែរគ្នា ជួយពន្លត់ទាន់ពេលវេលា ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះយីហោ ហេង ស្រី លក់ដុំនិងរាយ គ្រឿងទេស និងភេសជ្ជៈគ្រប់មុខ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
តាមសម្តីម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុ ពួកបានរៀបចំអីវ៉ានលក់ដូរធម្មតា ហើយរាល់សំបកឡាំង និងសំបកកេសស្រាបៀរ គឺរូបគាត់បានយកទៅគរទុកនៅលើដំបូលផ្ទះជាន់ទីបីខណៈមកដល់ពេលកើតហេតុ មិនដឹងជាយ៉ាងម៉េចនោះទេ ស្រាប់តែមានភ្លើងឆេះចេញពីកន្លែងដាក់សំបកកេស ហើយនៅទីនោះក៍មានកូនប្រុសតូចរបស់គាត់ អាយុ៤ឆ្នាំ នៅលេងកន្លែងនោះដែរ ។
ប្រភពដដែលបានឲ្យដឹងថា បន្ទាប់ពីមានអណ្តាតភ្លើងឆេះចេញយ៉ាងសន្ធោសន្ធៅ រូបគាត់បានស្រែកឆោឡោឡើងថា មានភ្លើងឆេះៗ គាប់ជួនមានអ្នកជិតខាងដែលនៅក្បែរនោះ បានជួយយកបំពង់ពន្លត់អគី្គភ័យមកបាញ់ពន្លត់អស់ចំនួន១បំពង់ ទើបភ្លើងរលត់អស់នៅវេលាម៉ោង ១១និង៤៥នាទីថ្ងៃដដែល។
បន្ទាប់ពីកើតហេតុភ្លាមៗ មានសមត្ថកិច្ចមូលដ្ឋាន និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះទៅកន្លែងកើតហេតុ រួចហើយបានសាកសួរដំណើររឿង ហើយម្ចាស់ផ្ទះក៍ឆ្លើយតបវិញថា ហេតុការណ៍ភ្លើងឆេះនេះបណ្តាលមកពីកូនតូចរបស់គាត់ម្នាក់បានលេងយកដែកកេសទៅដុតក្រដាសសំរាម ទើបបង្កជាអណ្តាតភ្លើងឆេះសន្ធោសន្ធៅ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស និងរាលដាលដល់ផ្ទះអ្នកដទៃនោះទេ គឺគ្រាន់តែខូចខាតប្រដាប់ប្រដាតិចតួចតែតែប៉ុណ្ណោះ ៕