Monday, September 29, 2025
Homeព័ត៌មានជាតិប្រពន្ធចុងមកផឹកសុីនៅផ្ទះប្រពន្ធដើម កើតជាជម្លោះ ប្តីដើមនិងប្រពន្ធដើមព្រួតគ្នាវាយសម្លាប់

ប្រពន្ធចុងមកផឹកសុីនៅផ្ទះប្រពន្ធដើម កើតជាជម្លោះ ប្តីដើមនិងប្រពន្ធដើមព្រួតគ្នាវាយសម្លាប់

ខេត្តកំពត ៖ ស្ត្រីជាប្រពន្ធចុងម្នាក់ ត្រូវបានបុរសជាប្តីនាំទៅលេងនៅផ្ទះប្រពន្ធដើម រួចក៏បានបង្កើតកម្មវិធីផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយ លុះក្រោយពីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ស្ត្រីជាប្រពន្ធចុង បានកើតមានជម្លោះជាមួយនឹងប្តី ទើបធ្វើឱ្យបុរសជាប្តី រួមនិងស្ត្រីជាប្រពន្ធដើមទប់កំហឹងមិនបាន ក៏ព្រួតគ្នាវាយស្ត្រីជាប្រពន្ធចុង បណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ករណីអំពើហិង្សាក្នុងគ្រួសារប្តី និងប្រពន្ធដើម រួមគ្នាវាយប្រពន្ធចុងរហូតដល់ស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិគោចិនលែង ឃុំថ្មី ស្រុកទឹកឈូ។

ស្ត្រីរងគ្រោះដែលត្រូវបុរសជាប្តី និងប្រពន្ធដើម ព្រួតវាយរហូតដល់ស្លាប់នោះ មានឈ្មោះ ជាម រឹម អាយុ៤៨ឆ្នាំ មានលំនៅក្នុងភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ។ ចំណែកជនសង្ស័យជាប្តី មានឈ្មោះជិន ខុម អាយុ៥៥ឆ្នាំ មានប្រពន្ធដើម រស់នៅភូមិកើតហេតុ។

លោកមាស អាន នាយរងប៉ុស្តិ៍នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មី បានបញ្ជាក់ប្រាប់ថា កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចមូលដ្ឋានបានទទួលព័ត៌មានពីអ្នកភូមិត្រពាំងច្រាប ថា ស្ត្រីឈ្មោះជាម រឹម បានស្លាប់បន្ទាប់ពីត្រូវគេវាយពេលផឹកស៊ីនៅផ្ទះប្តី និងប្រពន្ធដើម នៅភូមិគោចិនលែង ឃុំថ្មី ស្រុកទឹកឈូ។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចបានចុះដល់ផ្ទះស្ត្រីរងគ្រោះពិនិត្យឃើញថា ស្ត្រីរងគ្រោះទទួលរងរបួសយ៉ាងដំណំត្រង់ក្បាលផ្នែកខាងក្រោយ។

លោកនាយរងប៉ុស្តិ៍ បន្តថា តាមការបញ្ជាក់ពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីរយៈពេល២ថ្ងៃ មុនថ្ងៃកើតហេតុ ពោលគឺនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ត្រីរងគ្រោះបានទៅលេង និងស្នាក់នៅផ្ទះរបស់បុរសឈ្មោះជិន ខុម ជាប្តី ដែលសព្វថ្ងៃកំពុងស្នាក់នៅជាមួយប្រពន្ធដើម នៅក្នុងភូមិកើតហេតុខាងលើ។ ស្រាប់តែមកដល់វេលាម៉ោងប្រហែល៨យប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមគ្រួសារក៏បានទទួលដំណឹងថា ស្ត្រីរងគ្រោះត្រូវគេវាយបណ្តាលឱ្យរបួសធ្ងន់សន្លប់ស្តូកស្តឹង។ ភ្លាមៗក្រុមគ្រួសារបាននាំគ្នាទៅយកត្រឡប់មកផ្ទះវិញ ដើម្បីបញ្ជូនបន្តទៅមន្ទីរពេទ្យ តែអកុសលពេលដឹកមកដល់ផ្ទះបានប្រមាណកន្លះម៉ោង ស្ត្រីរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្តង។

ដោយឡែកតាមប្រភពព័ត៌មានមួយ បានបង្ហើបប្រាប់ថា ស្ត្រីរងគ្រោះត្រូវជាប្រពន្ធចុងរបស់បុរសឈ្មោះជិន ខុម ហើយស្ត្រីជាប្រពន្ធដើមក៏បានដឹងពីទំនាក់ទំនងប្តីដែលលួចទាក់ទងប្រពន្ធចុងនេះដែរ តែមិនដែលឮមាត់ក ឬតាមរករឿងស្ត្រីជាប្រពន្ធចុងនេះទេ។ លុះមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ត្រីជាប្រពន្ធចុងមានចិត្តក្លាហានរូបនេះ បានធ្វើដំណើរទៅលេងប្តី និងស្ត្រីជាប្រពន្ធដើមដល់ផ្ទះ ទាំងក្នុងនាមខ្លួនជាប្រពន្ធចុង បន្ទាប់មកក៏បានដេកសម្រាកនៅផ្ទះប្រពន្ធដើមនោះ១យប់ទៀតផង។ បន្ទាប់មកនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះស្ត្រីជាប្រពន្ធដើមនោះ ក៏មានរៀបចំកម្មវិធីស៊ីផឹកមួយ លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ស្ត្រីរងគ្រោះជាប្រពន្ធចុង បានឈ្លោះប្រកែកគ្នាជាមួយបុរសជាប្តី តែមិនដឹងថា អ្នកទាំងពីរឈ្លោះគ្នាពីរឿងអ្វីនោះទេ។ ស្រាប់តែក្រោយមក បុរសជាប្តីទប់កំហឹងមិនបាន ក៏ស្ទុះទៅវាយស្ត្រីរងគ្រោះជាប្រពន្ធចុងទាំងកំរោល  ចំណែកស្ត្រីជាប្រពន្ធដើមក៏ជួយបញ្ចោញកំហឹងឱ្យប្តីដែរ ដោយរួមគ្នា២នាក់ប្តីប្រពន្ធ ព្រួតវាយស្ត្រីជាប្រពន្ធចុងបណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវកូនៗរបស់ស្ត្រីរងគ្រោះមកដឹកម្តាយបម្រុងនាំទៅព្យាបាលនៅមន្ទីរពេទ្យ ស្រាប់តែអកុសល បានដាច់ខ្យល់ស្លាប់ទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការឃាត់ខ្លួនបុរសជាប្តី រួមនិងស្ត្រីជាប្រពន្ធដើមបញ្ជូនទៅស្នងការដ្ឋានខេត្តកំពត ដើម្បីសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES