Monday, September 29, 2025
Homeព័ត៌មានជាតិគួរឲ្យអាសូរណាស់!!! ក្មេងប្រុសដើរឃ្វាលគោសុខៗ ត្រូវជនកំណាចរឹតកសម្លាប់ចោលយ៉ាងអាណោចអាធម៌

គួរឲ្យអាសូរណាស់!!! ក្មេងប្រុសដើរឃ្វាលគោសុខៗ ត្រូវជនកំណាចរឹតកសម្លាប់ចោលយ៉ាងអាណោចអាធម៌

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់កំពុងដឹកគោចេញទៅឃ្វាល ស្រាប់តែត្រូវជនសង្ស័យជាមនុស្សប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ម្នាក់ បានធ្វើសកម្មភាពវាយដំ និងរឹតកសម្លាប់យ៉ាងសាហាវឃោរឃៅ បណ្តាលឱ្យក្មេងប្រុសរងគ្រោះស្លាប់យ៉ាងអាណោចអាធ័មកណ្តាលវាលស្រែ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ក្មេងប្រុសរងគ្រោះដែលត្រូវឃាតករដៃឆៅរឹតកសម្លាប់ មានឈ្មោះលន ឌុន អាយុ១៣ឆ្នាំ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកជនសង្ស័យជាឃាតករ មានឈ្មោះវ៉ា រដ្ឋា អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានដឹកគោចេញពីផ្ទះសំដៅទៅចងឱ្យស៊ីស្មៅ នៅចំណុចវាលស្រែកើតហេតុខាងលើ ដូចសព្វមួយួដង។ ស្រាប់តែពេលដឹកគោទៅដល់វាលស្រែ ក៏លេចមុខជនសង្ស័យខាងលើ មិនដឹងជាជក់ថ្នាំញៀនតាំងពីកន្លែងណាមក បានធ្វើសកម្មភាពវាយទៅលើក្មេងប្រុសរងគ្រោះ រួចក៏បានរឹតកសម្លាប់ក្មេងប្រុសរងគ្រោះរហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម។

ប្រភពដដែលបន្តថា ក្រោយពីឃើញសកម្មភាពដែលជនសង្ស័យវាយសម្លាប់ក្មេងប្រុសរងគ្រោះ ក្រុមក្មេងឃ្វាលគោនៅក្បែរនោះ បានរត់ទៅប្រាប់អ្នកភូមិ រាយការណ៍ប្រាប់សមត្ថកិច្ចចុះឡោមព័ទ្ធតាមចាប់ខ្លួនជនសង្ស័យបានភ្លាមៗផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យដែលជាមនុស្សបែកថ្នាំ មិនទាន់និយាយសារភាពអ្វីទាំងអស់ គិតតែនិយាយស្តីប៉ប៉ាច់ប៉ប៉ោច និងសើចញញឹមញញែមរហូត។ យ៉ាងណា ជនសង្ស័យត្រូវបានសមត្ថកិច្ចជម្លៀសមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោភ្លាមៗ ដើម្បីគេចពីកំហឹងមហាជនដែលកំពុងច្រឡោតខឹង និងទាមទារវាយសម្លាប់ជនសង្ស័យនៅនឹងកន្លែងតែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES