ភ្នំពេញ ៖ បុរស២នាក់ស្រវឹងស្រាជោគជាំ ជិះម៉ូតូទៅបុកគូទរថយន្តមួយគ្រឿង ចតនៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យដួលរងរបួសស្រាល ត្រូវម្ចាស់រថយន្តរត់ចេញមកពីក្នុងម៉ាត ចាប់បោចសក់អ្នកជិះម៉ូតូ ខ្លាចរត់គេច ត្រូវអ្នកជិះម៉ូតូវាយម្ចាស់រថយន្តវិញ រងរបួសយ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២អាធាត្រ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៨២ នៅចំណុចម៉ាតSmile ស្ថិតនៅក្នុងសង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា។
តាមប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានបុរស២នាក់ជិះ
ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GK-0963 ធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ទិសដៅពីកើតទៅលិច ក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅបុកគូទរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកម៉ែសឺដេស ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2AZ-7898 ចតនៅចិញ្ចើមផ្លូវ រួចចូលទៅក្នុងម៉ាតSmile បណ្តាលឲ្យបែកគូទក្រោយផ្នែកខាងឆ្វេង រួចមកម្ចាស់រថយន្តក៏រត់ចេញពីក្នុងម៉ាត ហើយមកចាប់បោចសក់ខ្លាចម្ចាស់ម៉ូតូលើកម៉ូតូរត់ ធ្វើឲ្យម្ចាស់ម៉ូតូ២នាក់នោះវ៉ៃទៅលើម្ចាស់រថយន្តបណ្តាលឲ្យរងរបួសយ៉ាងដំណំ រួចឈ្លោះប្រកែកគ្នាជាង១ម៉ោង ទើបសមត្ថកិច្ចមូលដ្ឋានបានមកដល់ហៅឲ្យជំនាញចរាចរណ៍មកវាស់វែង។
ក្រោយពេលកើតហេតុម្ចាស់រថយន្តទាមទារសំណងចំនួន2000$ ប៉ុន្តែខាងម្ចាស់ម៉ូតូអត់ មានលុយសងឲ្យសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត៕