ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់នេះមានវាសនាអភ័ព្វខុសគេ មានប្តីជាប្រុសហេងស៊យ ក្រោយពីរួមរស់មានកូន៤នាក់ ស្រាប់តែប្តីបែកគំនិតដើរលេងប៉ោឡែ ទាក់ទងស្រីញីរាប់មិនអស់ រួចក៏បានចុះចោលប្រពន្ធកូនបាត់ គិតមកដល់សព្វថ្ងៃ មានរយៈពេល១៣ឆ្នាំមកហើយ ដែលប្តីឈ្លក់នឹងស្រីថ្មី លែងនឹកនាដល់ប្រពន្ធ ទាំងដែលគាត់ជាប្រពន្ធសុខចិត្តដេកទន្ទឹងចាំផ្លូវប្តីត្រឡប់មករួមរស់វិញ។
អ្នកស្រីភន សោភ័ណ្ឌ អាយុ៤៥ឆ្នាំ រស់នៅភូមិក្រាំងធំ ឃុំរលាំងចេក ស្រុកសំរោងទង បានរៀបរាប់ពីដំណើរជីវិតប្រាប់ថា គាត់ជាកូនច្បង ក្នុងចំណោមបងប្អូន៦នាក់ មានឪពុកឈ្មោះ យ៉ែម សុផាត ម្តាយឈ្មោះគុយ ស៊ីម។ ក្នុងមួយឆាកជីវិតនេះ គាត់មានប្តីតែម្នាក់គត់ ឈ្មោះសោម រ៉ា មានស្រុកកំណើតនៅភូមិរំលិច ឃុំរលាំងគ្រើល ស្រុកសំរោងទង។

អ្នកស្រី ភន សោភ័ណ្ឌ បានបន្តថា កាលពីពេលពេញវ័យក្រមុំ អាយុ១៧ឆ្នាំ ខណៈដែលគាត់ទើបនឹងបញ្ចប់ថ្នាក់ឌីប្លូម ស្រាប់តែត្រូវកំលោះឈ្មោះសោម រ៉ា បានតាមចែចង់ និងថែមទាំងបានប្រាប់ឱ្យឪពុកម្តាយរបស់គេចូលស្តីដណ្តឹងគាត់ដល់ចាស់ទុំទៀតផង ហើយទោះជាគាត់ប្រឹងប្រកែកយ៉ាងណា ក៏មិនឈ្នះចាស់ទុំដែរ ទីបំផុត នាងក៏បានសម្រេចចិត្តយល់ព្រមរៀបការប្តី ដោយបោះបង់ចោលការសិក្សា ដែលជាក្តីស្រម៉ៃរបស់នាង។
អ្នកស្រី ភន សោភ័ណ្ឌ បានឱ្យដឹងទៀតថា ក្រោយពេលចាប់ដៃគ្នាជាប្តីប្រពន្ធមក ប្តីនេះស្រលាញ់គាត់ខ្លាំងណាស់យកចិត្តទុកដាក់ ថ្នាក់ថ្នមមិនឱ្យប្រពន្ធទាស់ចិត្តឡើយ ដោយសារកាលណោះ គាត់គឺជាស្រីស្អាតមួយរូប មានសាច់ឈាមស្រស់ថ្លាមិនចាញ់ក្រមុំទីក្រុងប៉ុន្មានឡើយ ហេតុនេះហើយ ទើបប្តីចេះតែគ្រឺតខ្នាញ់ វាយសម្រុករាល់យប់ រហូតគាត់មានកូនញឹកដល់ទៅ៣នាក់។ លុះក្រោយពីសម្រាលកូនទី៣ បាន៣ខែ សាច់ឈាមដែលធ្លាប់ភ្លឺរលើបរលោង ធ្លាក់ស្រុតស្រក មានសង្វារពេញខ្លួន ប្តីជើងល្អក៏ចាប់ផ្តើមបែកឆ្វេង ចេះតែដើរលេងបាត់ៗពីផ្ទះ ស្ទើររាល់យប់ និងលួចទាក់ទងស្រីញីក្រៅផ្ទះរាប់មិនអស់។ បន្ទាប់មកក៏បាត់ដំណឹងឈឹង លុះពេលគាត់សួរនាំប្អូនថ្លៃ ក៏ប្រាប់ថា ប្តីរបស់នាងចេញទៅធ្វើការនៅភ្នំពេញហើយ តែមិនដែលឃើញផ្ញើលុយកាក់មកចិញ្ចឹមប្រពន្ធ និងកូន៣នាក់ទេ ទុកឱ្យគាត់រស់នៅក្នុងជីវភាពត្រដាបត្រដួស ប្រឹងចិញ្ចឹមកូនតែម្នាក់ឯង ស្ទើរដាច់ពោះស្លាប់ម្តងៗ ចំណែកប្តីវិញ តាមពិតទៅសម្ងំរួមរស់ជាមួយស្រីថ្មីយ៉ាងរំភើយ។

អ្នកស្រីភន សោភ័ណ្ឌ បានបញ្ជាក់ថា លុះមួយរយៈធំក្រោយមក ប្តីក៏លេចមុខវិលមកផ្ទះវិញ ធ្វើឱ្យគាត់ត្រេកអររកអ្វីប្រៀបមិនបាន រហូតដល់ផុងខ្លួន បណ្តោយឱ្យមានផ្ទៃពោះកូនទី៤ទៀត ដឹងអី បន្ទាប់ពីគាត់ពពោះកូនទី៤ បាន៦ខែ ប្តីកំហូចមិនចោលចរិត ក៏បានបោលចោលផ្ទះបាត់ទៀត ទុកឱ្យគាត់រស់នៅរកលុយសម្រាលកូនទាំងវេទនាជាទីបំផុត។ តាំងពីពេលនោះមក ប្តីក៏បាត់ស្រមោលលែងឃើញ មកអើតឈ្ងោកប្រពន្ធកូនរហូតតែម្តង ហើយគិតមកដល់សព្វថ្ងៃមានរយៈពេល១៣ឆ្នាំទៅហើយ ព្រោះកូនស្រីទី៤គាត់ មានអាយុជាង១២ឆ្នាំហើយ មិនដែលស្គាល់មុខឪពុកសោះឡើយ ហើយកូនស្រីពៅនេះ ចេះតែសួររកមុខឪពុកជានិច្ច ធ្វើឱ្យគាត់មិនដឹងជាហាមាត់ប្រាប់កូនស្រីថាម៉េច បើឪពុកជាមនុស្សប្រុសគ្មានការទទួលខុសត្រូវចំពោះគ្រួសារបែបនេះ។
អ្នកស្រីសោភ័ណ្ឌ បានអះអាងថា ត្បិតថា គាត់មានចិត្តខឹងនឹងប្តីដែលបានចុះចោលគាត់ និងកូនទាំង៤នាក់ ដល់ទៅជាង១០ឆ្នាំមែន តែក្នុងនាមជាប្រពន្ធ គាត់នៅតែប្រកាន់ចិត្តគំនិតរក្សាចិត្តស្មោះជូនប្តីជានិច្ច ទោះខូចខិលយ៉ាងណាក៏ដោយ ឱ្យតែចេះកែខ្លួន ដឹងពីកំហុស ត្រឡប់មករកប្រពន្ធកូនវិញ គាត់នៅតែព្រមអភ័យទោសឱ្យជានិច្ច។ ប៉ុន្តែរយៈពេល១៣ឆ្នាំ ដែលគាត់ដេកទន្ទឹងចាំប្តីនេះ មិនដែលឃើញ ស្រមោលប្តីម្តងណាឡើយ មិនដឹងថា ស្លាប់ឬរស់នៅឯណាទេ៕